ភ្នំពេញ៖ ការិយាល័យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា​បាន​បើក​វគ្គ​តម្រង់ទិស​មុន​ចេញ​ដំណើរ នៅ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ សម្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកជំនាញ​​ផ្នែក​ឯកជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យចូល​រួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សមត្ថភាព​សម្រាប់​កម្ម​សិទ្ធិបញ្ញា និង​ប្រព័ន្ធ​កម្មវិធី​ទទួល​ស្គាល់​ប្រកាស​នីយបត្រតក្កកម្ម។ 

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ចំណង​ជើង​ថា «ការ​កសាង​សមត្ថភាព​សម្រាប់​កម្មសិទ្ធិ​បញ្ញា និង​ប្រព័ន្ធ​កម្មវិធី​ទទួល​ស្គាល់​ប្រកាស​នីយបត្រតក្កកម្ម​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២៣​ ដល់​ឆ្នាំ​២០២៥» ចាប់​ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅ​សាធារណរដ្ឋកូរ៉េ។


កម្មវិធី​បណ្តុះបណ្តាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់ KOICA ក្នុង​ការពង្រឹង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​របស់​មន្ត្រី​មកពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) ក៏ដូចជា​ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា និង​មន្ត្រី​មកពី​វិស័យ​ឯកជន​ផងដែរ​។​

គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​លើកកម្ពស់​សមត្ថភាពរ​បស់​កម្ពុជា​ក្នុងការ​បង្កើត ការពារ និង​ធ្វើ​ពាណិជ្ជកម្ម​កម្មសិទ្ធិបញ្ញា ទីបំផុត​ជំរុញ​សកម្មភាព​អាជីវកម្ម​ដែល​ជំរុញ​ដោយ​ភាព​ច្នៃប្រឌិត ជាពិសេស​ក្នុងចំណោម​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ទាំង​ក្នុងប្រទេស​កម្ពុជា និង​កូរ៉េ​។​


លោកស្រី លី សេជីន (Lee Sejin) នាយិការង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ កយកា-KOICA ប្រចាំប្រទេស​កម្ពុជា បាន​ថ្លែង​ថា កម្មវិធី​កសាង​សមត្ថភាព​សម្រាប់​កម្មសិទ្ធិ​បញ្ញា និង​ប្រព័ន្ធ​កម្មវិធី​ទទួល​ស្គាល់​ប្រកាស​នីយបត្រតក្កកម្ម គឺជា​ឧបករណ៍​សំខាន់​ក្នុងការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ដោយ​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នកជំនាញ​របស់​កម្ពុជា​ជាមួយនឹង​ជំនាញ​ដែល​ត្រូវការ​ក្នុងការ​គ្រប់គ្រង និង​ការពារ​កម្មសិទ្ធិបញ្ញា​។​

លោកស្រីបាន​ឱ្យដឹង​ថា៖ «​យើង​សង្ឃឹមថា​ កម្មវិធី​នេះ​នឹង​ផ្តល់នូវ​បទពិសោធន៍​ដ៏​មានតម្លៃ និង​អនុញ្ញាតឱ្យ​អ្នកចូលរួម​រួមចំណែក​យ៉ាង​មាន​អត្ថន័យ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​នៅពេល​ពួកគេ​ត្រឡប់មកវិញ»។​

កម្មវិធី​ឆ្នាំ២០២៤​នេះ​ នឹង​ឃើញ​អ្នកចូលរួម​ចំនួន ២០ នាក់ មន្ត្រី​រដ្ឋាភិបាល​មកពីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍​ MISTI និង​អ្នកជំនាញកម្មសិទ្ធិបញ្ញា IP នៃ​វិស័យ​ឯកជន ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ទទួលបាន​ការយល់ដឹង​អំពី​ច្បាប់ ​កសាង​សមត្ថភាព​សម្រាប់កម្មសិទ្ធិបញ្ញា ​ប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និង​យុទ្ធសាស្ត្រ​ធ្វើ​ពាណិជ្ជកម្ម​។​

គំនិត​ផ្តួចផ្តើម​នេះ​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​ដំបូង​របស់​កម្មវិធី ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​។​

យោងតាម KOICA បានឱ្យដឹងថា៖ «​ការតម្រង់​ទិស​មុន​ចេញដំណើរ​ក៏បាន​នាំយក​អ្នកចូលរួម​ពី​កម្មវិធី​បណ្តុះបណ្តាល​ជា​សាកល​ចំនួន​បី​ផ្សេងទៀត​របស់ KOICA ដែល​រួមមាន​មន្ត្រី​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។​

នៅឯ​ការ​តម្រង់​ទិស តំណាង KOICA បានផ្តល់​ទិដ្ឋភាព​ទូទៅ​នៃ​វគ្គ​បណ្តុះបណ្តាល ចែករំលែក​ព័ត៌មាន​មាន​ប្រយោជន៍​អំពី​ការរស់នៅ​ក្នុងប្រទេស​កូរ៉េ និង​បាន​ពន្យល់​អ្នកចូលរួម​សង្ខេប​អំពី​គោលការណ៍​ណែនាំ​របស់​កម្មវិធី​អាហារូបករណ៍ KOICA រួមទាំង​ក្រមសីលធម៌​ស្តីពី​សុចរិត​ភាព និង​គោលនយោបាយ​ទាក់ទង​នឹង​ការយាយី​។​

អ្នក​ចូលរួមបាន​សម្តែង​ការដឹងគុណ​ចំពោះ KOICA និង​រដ្ឋាភិបាល​កូរ៉េ​សម្រាប់​ការគាំទ្រ​របស់​ពួកគេ ដោយ​កត់សម្គាល់​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការប្រើ​ឱកាស​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​កម្មសិទ្ធិបញ្ញា និង​ប្រព័ន្ធ​ទទួលស្គាល់​ប៉ាតង់​។​

ក្រុម​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​រវាង​កម្ពុជា និង​កូរ៉េ ដោយ​ផ្តោត​ជាពិសេស​លើ​ការអភិវឌ្ឍ​ឱកាស​អាជីវកម្ម​ស្ដីពី​កម្មសិទ្ធិ​បញ្ញា​។​

ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៤​ កម្មវិធី​អាហារូបករណ៍​របស់ KOICA បាន​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំនួន ៣៧៧៣ នាក់ តាមរយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ រួមទាំង​ការបណ្តុះបណ្តាល​តាម​ប្រទេស​ជាក់លាក់ កម្មវិធី​សកល និង​អាហារូបករណ៍៕