
លោក ឈើតកៀត អត្ថាករ (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃ (ឆ្វេង) និងលោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចាប់ដៃគ្នាក្នុងជំនួបថ្ងៃទី៣ កញ្ញា នៅភ្នំពេញ។ ហ្វេសប៊ុកលោក ហ៊ុន សែន
ភ្នំពេញៈ លោក ឈើតកៀត អត្ថាករ (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លើកឡើងថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។
លោកលើកឡើងដូច្នេះក្នុងជំនួបជម្រាបលានាថ្ងៃទី៣ កញ្ញា ជាមួយលោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោក ឈើតកៀត ដែលនឹងត្រូវចប់អាណត្តិការទូតនាពេលឆាប់ៗខាងមុខនេះ ត្រូវបានស្រង់សំដីផ្សព្វផ្សាយក្នុងហ្វេសប៊ុកលោក ហ៊ុន សែន ថា៖ «ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ហើយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានពង្រីកគួរឱ្យកត់សម្គាល់»។
លោក សង្ឃឹមថា នាពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត។ នេះបើយោងតាមហ្វេសប៊ុកដដែល។
លោក ឈើតកៀត ត្រូវបានស្រង់សំដីថា ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ដែលជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១។ លោកសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។
ហ្វេសប៊ុកដដែលបញ្ជាក់ថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូត លោក ឈើតកៀត បានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
ប្រទេសកម្ពុជា និងថៃបានក្លាយជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ។
ក្នុងជំនួបនេះ លោក ហ៊ុន សែន បានលើកឡើងថា ប្រទេសថៃបានក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបានកត់សម្គាល់ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយថា កសិករកម្ពុជានៅជាប់តាមបណ្ដាព្រំដែនមានឱកាសលក់កសិផលទៅឱ្យប្រទេសថៃ។
ក្នុងជំនួបថ្ងៃទី២ កញ្ញា លោក អត្ថាករ និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងពីការជំរុញការវិនិយោគរបស់ថៃនៅកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។ នេះបើយោងតាមស្ថានទូតថៃ។
ស្ថានទូតថៃបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២ កញ្ញា ថា៖ «ឯកឧត្ដមឯកអគ្គរាជទូតបានលើកយកប្រធានបទដែលទាក់ទិនជាមួយការបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជករ និងវិនិយោគិននៅកម្ពុជា, ការលុបបំបាត់ឧបសគ្គ ឬរនាំងពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន, ជាពិសេសការតភ្ជាប់ផ្លូវដែកដែលអាចកាត់បន្ថយដើមទុនភស្តុភារ និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីការផលិត និងដាក់ពង្រាយទំនិញនៅក្នុងតំបន់»។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២៤ ពីខែមករា ដល់ខែកក្កដា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានជាង២,៤ពាន់លានដុល្លារ កើន៨,៦ភាគរយ។ ក្នុងនោះការនាំចេញមានជាង៤៩៩លានដុល្លារ ធ្លាក់ចុះ៦,៤ភាគរយ, ការនាំចូលពីថៃមានជាង១,៩ពាន់លានដុល្លារ កើនឡើង១៣,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕