ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុតជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងក្នុងការជួយប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបានជោគជ័យ។
ពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ក្នុងពិធីនោះថា៖ «យើងសូមអរគុណសម្រាប់ការជួយគាំទ្ររបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុតសម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើងកំពុងរៀបចំចែកចាយនូវសម្ភារបរិក្ខារពេទ្យជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងនៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ»។
លោក Sanjay Chakrabarty ក៏បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារសុខភាពរបស់ពួកគេ។ ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខដោយផ្តល់ជូនសម្ភារបរិក្ខារពេទ្យមានគុណភាពខ្ពស់ ដែលទាំងនេះ គឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍ដៃគូរបស់យើង»។
ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព។ គំនិតផ្ដួចផ្ដើមទាំងអស់នេះត្រូវបានគាំទ្រដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលស័្មគ្រចិត្តចំណាយពេលវេលា និងការខិតខំរបស់ពួកគេ ដើម្បីធានាឲ្យបានថា ពួកគេបានចូលរួមចំណែកជួយសហគមន៍ និងប្រកបដោយប្រសិទ្ធភាពបំផុត៕