ក្រុមហ៊ុន សិលា ផិបភើរ បានធ្វើការប្រកាសជាផ្លូវការនៃការបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប (Sela Pepper Science & Technology) ដើម្បីសិក្សាស្រាវជ្រាវការអភិវឌ្ឍ និងវិធីសាស្ត្រថ្មីលើវិស័យម្រេចនៅកម្ពុជាក្នុងគោលបំណងគឺដើម្បីលើកកម្ពស់វិស័យម្រេចរបស់កម្ពុជាឲ្យមានកេរ្តិ៍ឈ្មោះពីគុណភាពល្អបំផុតនៅលើទីផ្សារអន្តជាតិ។ ជាមួយនឹងការប្តេជ្ញាចិត្តដោយមានគំនិតច្នៃប្រឌិតខ្ពស់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្រុមហ៊ុន សិលា ផិបភើរ បានម្រេចនូវស្នាដៃរបស់ខ្លួនដោយបានផលិតផលិតផលម្រេចដែលមានតែ ១ គត់ទាំងស្លាកសញ្ញា ការរចនារូបរាងប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់លក់ជូនអតិថិជនក្នុងស្រុក និងក្រៅស្រុក។ កញ្ញា ស៊ឹង សុផា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន សិលា ផិបភើរ បានថ្លែងថា៖ «ជាមួយនឹងការវិនិយោគ និងចក្ខុវិស័យខ្ពស់ ក្រុមហ៊ុន សិលា ផិបភើរ ប្តេជ្ញានាំយកកេរិ៍្តឈ្មោះម្រេចរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដែលប្រកបដោយសោភណភាព គុណភាព ការទុកចិត្ត និងសេវាកម្មល្អទាំងក្នុង និងក្រៅប្រទេស»។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបនេះមានទីតាំងស្ថិតនៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនឹងក្លាយជាចំណុចកណ្តាលនៃតំបន់ដាំដុះម្រេចច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា៕ រូបថត: ហុង មិនា