លោក Thanachit Sriboonlue ក្រុមប្រឹក្សាភិបាលរងនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកជាច្រើនរូបចូលរួមចំណែកជាមួយក្រុមការងារប្រកួត Freshie Girl &Boy Cambodia ជំនាន់ទី ១៩ ដើម្បីផ្តល់អាហារថ្ងៃត្រង់ដល់ប្អូនៗនៃមជ្ឈមណ្ឌលក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា។
នៅក្នុងពិធីដែលប្រព្រឹត្តទៅនៅភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះ ក្រុមការងារក្រុមហ៊ុន ស៊ីភី បានចែកជូននូវផលិតផលអាហាររបស់ក្រុមហ៊ុនស៊ីភីក្នុងនោះមានដូចជា មាន់បំពង ប្រហិត និងហតដក ជាដើម ហើយក៏បានឧបត្ថម្ភទឹកប្រាក់មួយចំនួនដល់ប្អូនៗកុមារកំព្រាដែលរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ផងដែរ។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានប្រតិបតិ្តការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយគ្របដណ្តប់នៅក្នុងវិស័យជាច្រើនក្នុងនោះរួមមាន អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មចំណីអាហារ និងអាជីវកម្មលក់រាយជាច្រើនទៀត៕ រូបថត សហការី