ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកឧត្តម W Patrick Murphy កាលពីថ្ងៃពុធសប្តាហ៍មុនបានរៀបចំពិធីអបអរខួបលើកទី ២៤៤ ឆ្នាំនៃឯករាជ្យ និងខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារRaffles Le Royal។ នៅក្នុងពិធីនោះ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវត្តមានរបស់ឯកអគ្គរដ្ឋទូតនិងតំណាងមកពីប្រទេសចំនួន ១៩ ផ្សេងទៀត ក៏ដូចជាសមាជិកសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរចំពោះការបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៧០ ឆ្នាំមកនេះ គិតចាប់តាំងពីខែកក្កដា ឆ្នាំ ១៩៥០ មក គឺនៅពេលដែលប្រេសិតសហរដ្ឋអាមេរិកលោក Donald R Heath បានថ្វាយសារតាំងថ្វាយព្រះករុណា ព្រះបាទនរោត្តម សីហនុ នៅក្នុងសណ្ឋាគារតែមួយដែលប្រារព្ធពិធីនេះ គឺ ៣ ឆ្នាំ មុនពេលកម្ពុជាទទួលបានឯករាជ្យរបស់ខ្លួន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ដូចកាលពី ៧០ ឆ្នាំមុនដែរ ពេលនេះប្រជាជនអាមេរិកមានការប្តេជ្ញាក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានសេចក្តីសុខ វិបុលសុខ និងឯករាជ្យ ហើយលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា គឺល្អសម្រាប់តំបន់ ពិភពលោក និងមិត្តភាពយូរអង្វែងរបស់យើង»៕ រូបថត សហការី