ក្រុមហ៊ុន ផូស មេឌា ខូអិលធីឌី (Post Media Co Ltd) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទីផ្សារមូលបត្រនៅកម្ពុជា និងពង្រីកវិសាលភាពនៃការចែកចាយព័ត៌មានទីផ្សារមូលបត្រដែលត្រឹមត្រូវច្បាស់លាស់ ទាន់ពេលវេលាអាចទុកចិត្តបាន និងប្រកបដោយវិជ្ជាជីវៈទៅកាន់សាធារណជនតាមរយៈភ្នាក់ងារសារព័ត៌មាន។ កិច្ចសហប្រតិបត្តិការនេះរួមមានការបោះផ្សាយ របាយការណ៍ពិសេសប្រចាំខែ ដែលផ្តល់ខ្លឹមសារអំពីមូលដ្ឋានគ្រឹះក្នុងការវិនិយោគលើមូលបត្រនៅកម្ពុជានៅលើកាសែតភ្នំពេញប៉ុស្តិ៍ទាំងខេមរភាសា និងភាសាអង់គ្លេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហុង សុហួរ អគ្គនាយករបស់ CSX និងលោក លី តៃសេង ចាងហ្វាង និងជាអគ្គនាយករបស់កាសែតភ្នំពេញប៉ុស្តិ៍នៅការិយាល័យរបស់ CSX។ មានវត្តមាននៅក្នុងពិធីនោះដែរគឺលោក James Ong នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផូសមេឌា និងលោក Jong Weon Ha អគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាផងដែរ។ សូមបញ្ជាក់ថា អត្ថបទដំបូងត្រូវបានបោះផ្សាយនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ខែឧសភា៕ រូបថត ហុង មិនា