វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីសប្ដាហ៍មុន ជាមួយនឹងគោលបំណងគាំទ្រដល់សិស្សានុសិស្ស ដែលការសិក្សារបស់គេមិនអាចធ្វើទៅបាន ដោយសារការបិទសាលារៀនបណ្ដោះអាសន្ន មូលហេតុបង្កដោយជំងឺរាតត្បាតជាសកលកូវីដ១៩។ មាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ នេះ ត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Smart Axiata។ ក្នុងកម្មវិធីស្វ័យសិក្សាឥតគិតថ្លៃនេះ សិស្សានុសិស្សអាចមើលវីដេអូមេរៀនដែលថតទុកជាមុន ដែលរៀបចំឡើងដោយគ្រូបង្រៀនទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាអាចទាញយកសៀវភៅពុម្ព ឆ្លើយសំណួរដើម្បីអនុវត្តសម្រាប់ប្រឡង តាមដានការរីកចម្រើននៃការរៀនសូត្ររបស់ពួកគេ ហើយទាញយក និងរក្សាមាតិកាមេរៀនទុកមើលទាំងពេលមិនមានអ៊ីនធឺណិត៕ photos SUPPLIED