Content image - Phnom Penh Post

ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី នៅលើ​សកលលោក រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​ ៣០ ​គ្រឿង​បន្ថែមទៀត​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​ប្រគល់​ទទួល​ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ​ ២០២១ នៅ​ឃ្លាំង​ឱសថ​កណ្តាល​នៃ​ក្រសួង​សុខាភិបាល ក្រោម​វត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ជំនួយ​នេះ​គឺ​ផ្អែកលើ​វិធានការ​កិច្ចសហប្រតិបត្តិការ​ដែល​បានដាក់​ចេញ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដែល​ត្រូវបាន​ប្រកាស​ដោយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ ស៊ីនហ្សូ អាប៊េ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ ៣ ពិសេស​កាលពី​ខែមេសា​ឆ្នាំមុន​។ គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ជាច្រើន​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ លើ​កម្រិត​សកល​។ រហូត​មកដល់​ពេលនេះ ឆ្លើយតប​នឹង​ការស្នើសុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជប៉ុន​បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដូចជា​រថយន្ត​គិលានសង្គ្រោះ​ចំនួន​ ៧០ ​គ្រឿង ឧបករណ៍​ត្រួតពិនិត្យ​កាំរស្មីអ៊ិច​ចំនួន​ ១០ ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​​អ៊ុលត្រាសោន​ចំនួន​ ២៦ ឧបករណ៍​ផលិត​អុកស៊ីហ្ស៊ែន​ចំនួន​ ៦៣ និង​គ្រែ​សង្គ្រោះបន្ទាន់​ចំនួន​ ១០០ ជាដើម ជូន​ដល់​កម្ពុជា​៕ photo SUPPLIED