ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី កាលពីថ្ងៃទី ២៧ ខែមិថុនា បានផ្តល់សំណងចំនួន ២ ម៉ឺនដុល្លារដល់បុគ្គលិករបស់កាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ ដើម្បីជួយសម្រួលដល់ការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងររបស់គាត់។
សំណងនេះត្រូវបានចំណាយបន្ថែមលើអត្ថប្រយោជន៍នៃគម្រោងមូលដ្ឋាននៃផលិតផលធានារ៉ាប់រងដែលអតិថិជនបានទិញរួចហើយ។ ការផ្តល់អត្ថប្រយោជន៍បន្ថែមនេះគឺបង្ហាញអំពីការការពារហិរញ្ញវត្ថុដល់គ្រួសារកម្ពុជាក្នុងករណីមានជំងឺធ្ងន់ធ្ងរនៅទូទាំងប្រទេស។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវស្របតាមពាក្យស្លោក «នៅទីនេះដើម្បីអ្នកនៅទីនេះ ដើម្បីកម្ពុជា» គឺយើងនៅទីនេះដើម្បីការពារសុខុមាលភាពហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជាទាំងអស់តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត។
«ការផ្តល់ថវិកានេះនឹងជួយពួកគេឱ្យរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងករណីមានគ្រោះថ្នាក់ និងជំងឺចំពោះពួកគេដែលកើតឡើងដោយមិនបានដឹងមុន។ ពេលនេះ យើងរីករាយក្នុងការផ្តល់សំណងចំនួន ២ ម៉ឺនដុល្លារដល់បុគ្គលិករបស់កាសែតភ្នំពេញប៉ុស្តិ៍ក្នុងពេលវេលាដែលគាត់កំពុងខ្វះខាត»។
ពិធីប្រគល់មូលប្បទានបត្រត្រូវបានធ្វើឡើងនៅការិយាល័យរបស់កាសែតភ្នំពេញប៉ុស្តិ៍។
ចាងហ្វាង និងជាអគ្គនាយក កាសែតភ្នំពេញប៉ុស្តិ៍ លោក លី តៃសេង បានមានប្រសាសន៍ថា ក្រុមហ៊ុនបានទិញធានារ៉ាប់រងសម្រាប់បុគ្គលិកទាំងអស់ដោយមានគោលបំណង ដើម្បីផ្តល់ការការពារ និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេក្នុងពេលដែលមានអាសន្ន។
លោកបានបញ្ជាក់ថា៖ «ការផ្តល់ធានារ៉ាប់រងអាយុជីវិត និងគ្រោះថ្នាក់គឺជាអត្ថប្រយោជន៍មួយរបស់ក្រុមហ៊ុនយើងដែលបានផ្តល់ជូនដល់បុគ្គលិកទាំងអស់។ យើងជឿជាក់ថា ធានារ៉ាប់រងនេះនឹងជួយការពារនិយោជិត និងក្រុមគ្រួសាររបស់ពួកគេពីការខាតបង់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺ ឬរបួសផ្សេងៗ»៕ photos Hean Rangsey