វិទ្យាស្ថាន ខេមអេដ កាលពីថ្ងៃចន្ទបានប្រារព្ធកម្មវិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ ដែលបានវាយតម្លៃ និងទទួលស្គាល់តាមរយៈ «QS Stars Rating» របស់ចក្រភពអង់គ្លេស។ វិទ្យាស្ថាន ខេមអេដ គឺជាវិទ្យាស្ថានឧត្តមសិក្សាមុនគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការទទួលស្គាល់លើគុណភាពនៃការបង្រៀនកម្រិតផ្កាយ ៥ ពីស្ថាប័នវាយតម្លៃគុណភាព QS Stars នៃចក្រភពអង់គ្លេស។ ការទទួលស្គាល់នេះ នឹងធ្វើឱ្យសិស្សនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សា នៅវិទ្យាស្ថាន ខេមអេដ រឹតតែមានការទទួលស្គាល់ទូលំទូលាយលក្ខណៈអន្តរជាតិ។ លើសពីនោះទៅទៀត ការទទួលស្គាល់នេះក៏ជួយសម្រួលដល់និស្សិតដែលមានបំណងផ្ទេរការសិក្សា ឬបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សានៅមហាវិទ្យាល័យក្រៅប្រទេសផងដែរ។ ពីធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីលោក បេន សោទ័រ នាយករងនៃ QS Stars លោក ខេស៊ី បាណែត នាយកវិទ្យាស្ថានខេមអេដ ភ្ញៀវជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ បុគ្គលិក និងសិស្សនិស្សិត ប្រមាណ ២៥០ នាក់ តាមប្រព័ន្ធអនឡាញ។ ការវាយតម្លៃត្រូវបានធ្វើឡើង និងកំណត់នៃកម្រិតទទួលស្គាល់នៃគុណភាពអប់រំ តាមរយៈការទទួលបាននូវកម្រិតផ្កាយ (Stars Rating) ពីកម្រិតផ្កាយ ១ រហូតដល់ កម្រិតផ្កាយ ៥ ដោយផ្អែកទៅលើសូចនាករជាច្រើន ដូចជាការវាយតម្លៃនៃការបង្រៀន លទ្ធភាព និងឱកាសការងារដល់និស្សិត ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា និងការចូលរួមក្នុងការងារសង្គមជាដើម៕ photos supplied