Content image - Phnom Penh Post

ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)​ ម​.​ក និង​ក្រុមហ៊ុន វែ​រី​វើដ​ស៍ កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣ បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយគ្នា​ក្នុងការ​ផ្តល់​កន្លែង​សាក​ថ្ម ដើម្បី​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី របស់​ក្រុមហ៊ុន​វែ​រី​វើដ​ស៍ នៅតាម​សាខា​របស់​ធនាគារ អ៊ូ​រី​។

​ម៉ូតូ​អគ្គិសនី​មាន​ភាព​សំខាន់​ក្នុង​ការប្រើ​ថាមពល​ស្អាត​ទៅកាន់​វិស័យ​ដឹកជញ្ជូន​។ វា​ផ្តល់​ថាមពល​ដល់​យានយន្ត​ដោយ​ជំនួស​ការប្រើ​ឥន្ធនៈ​មកជា​ការប្រើ​អគ្គិសនី​ជា​ប្រភព​ថាមពល​សម្រាប់​យានយន្ត​។ ​ម៉ូតូ​អគ្គិសនី​មិន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ក្នុង​ការចំណាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ជា​គណ​ធិបតី​ពី លោក គីម ហុង​ជូ អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ អ៊ូ​រី និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ព្រមទាំង​បុគ្គលិក​ផងដែរ​។ ដោយឡែក​ពី​ក្រុមហ៊ុន វែ​រី​វើដ​ស៍ មានការ​ចូលរួម​ជា​តំណាង ពី​លោក គីម​សុង​អ៊ូ ដែលជា​អគ្គនាយក​ប្រតិបត្តិ និង​បុគ្គលិក​ផងដែរ​។ ពិធី​នេះ ត្រូវបាន​ប្រារព្ធ​នៅ ទីស្នាក់ការ​កណ្តាល​ធនា​គារ អ៊ូ​រី នៅ រាជធានី​ភ្នំពេញ​។

​ថ្លែង​នៅក្នុង​ពិធី លោក គីម ហុង​ជូ​ បាន​និយាយថា ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) តែងតែ​ខិតខំ​ស្វែ​ករ​កនូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ក្រោម​ពាក្យស្លោក​«​ធនាគារ​ដែល​រីកចម្រើន​ជាមួយនឹង​ប្រជាជន​កម្ពុជា​»​។ តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​វែ​រី​វើដ​ស៍​, ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ផ្តល់​កន្លែង​សាក​ថ្ម ដើម្បី​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​។ នាពេលខាងមុខ ស្ថាប័ន​ទាំំ​ង​២​ក៏​នឹង​បន្ត​សហការ​ជាមួយគ្នា​សម្រាប់​សេវាកម្ម​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក​បន្តទៀតថា​ ការចុះ​អនុស្សរណៈ​យោគយល់​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​សកម្មភាព ESG (​បរិស្ថាន សង្គម និង​អភិបាលកិច្ច​) ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ការកើនឡើង​កម្ដៅ​ផែនដី​។​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការចុះ​អនុស្សរណៈ​យោគយល់​នេះ​នឹង​អាច​ផ្ដល់​ការគាំទ្រ​កាន់តែ​ប្រសើរឡើង​សម្រាប់​​បរិស្ថាន និង​សង្គម​របស់​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះដែរ តាមរយៈ​ការគាំទ្រ​នេះ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) នឹង​បន្ដ​រីកចម្រើន​ជាមួយ​ប្រជាជន​កម្ពុជា​ប្រកបដោយ​ភាពរឹងមាំ និង​ចីរភាព​។​

​លោក គីម​ សុង​អ៊ូ ​ជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​វែ​រី​វើដ​ស៍ បាន​បញ្ជាក់ថា ក្រុមហ៊ុន​វែ​រី​វើដ​ស៍ កំពុងធ្វើការ​លើ​ការកសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​យានយន្ត​អគ្គិសនី​ដែល​យើងទាំងអស់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ដោយ​សហការ​ជាមួយនឹង​ធនាគារ អ៊ូ​រី ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​សាក​ថ្ម​យានយន្ត​អគ្គិសនី​នឹង​បន្ដ​កើន​ច្រើន​កន្លែង​ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​នៅ​ក្រុង​សៀមរាប​និង ក្រុងភ្នំពេញ​។ លើសពីនេះ ក្រុមហ៊ុន​វែ​រី​វើដ​ស៍ ក៏​កំពុង​រៀបចំ​នូវ​វេទិកា​នៃ​វប្បធម៌​ដែល​គ្មាន​ការ​សាយភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ដើម្បីឱ្យ​ប្រជាជន​អាច​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​យើង​ផងដែរ​។ ហើយ​វា​ពិតជា​រឿង​ដ៏​គួរឱ្យ​សោមនស្ស​រីករាយ​ខ្លាំងណាស់​ដែល​ធនាគារ អ៊ូ​រី នឹង​ក្លាយជា​ចំណែក​មួយ​នៃ​កិច្ចការ​ទាំងនេះ​ជាមួយ​យើង​។​

​យោងតាម​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ប្រចាំ​កម្ពុជា ​(UNDP Cambodia) បាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចូល​យានយន្ដ​អគ្គិសនី (EV)​ទៅក្នុង​គោលនយោបាយ​ដឹកជញ្ជូន​របស់​ប្រទេស ដោយ​ផ្តោតលើ​ទីក្រុង​។ ទីក្រុង​នានា ដែលមាន​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស ផ្តល់នូវ​បរិយាកាស​ដ៏​ល្អ​សម្រាប់​រថយន្ដ​អគ្គិសនី (EV) ជាមួយនឹង​ផ្លូវ​ក្រាល​កៅស៊ូ ប្រភព​អគ្គិសនី​ដែល​អាច​ទុកចិត្តបាន និង​ចំនួន​ស្ថានីយ៍​សាក​ថ្ម​ដែល​កំពុង​កើនឡើង​។ យុទ្ធសាស្ត្រ​អព្យាក្រឹតភាព​នៃ​ការ​សាយ​ភាព​កាបូន​រយៈពេល​វែង​រប​ស់​កម្ពុជា បាន​ដាក់ជូន​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) កាលពី​ខែធ្នូ​កន្លងទៅ រួម​មានការ​សន្យាថា​នឹងមាន​រថយន្ត EV និង​រថយន្តក្រុង​ចំនួន ៤០% និង​ម៉ូតូ​អគ្គិសនី ៧០% នៅ​ឆ្នាំ ២០៥០៕