ប្រទេស​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង ​កំពុង​តែ​ពិភាក្សា​គ្នា​ ដើម្បី​រៀបចំ​ឱ្យ​មាន​ជំនួប​រវាង​លោក​ប្រធានា ធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jung Un។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Reuters ផ្អែក​លើ​ប្រភព​ចំនួន ៣ ផ្សេង​គ្នា​ពី​រដ្ឋាភិបាល​រដ្ឋធានី​សេអ៊ូល។


​ប្រភព​ខាង​លើ​ក៏​បាន​ឱ្យ​ដឹង​ថា កូរ៉េ​ទាំង ​២ ​គ្រោង​នឹង​ស្ថាបនា​អគារ​ទំនាក់ទំនង​គ្នា​ឡើង​វិញ ក្រោយ​ពី​អគារ​នេះ​ត្រូវ​បាន​បំផ្ទុះ​កម្ទេច​ចោល​ដោយ​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០២០​ កន្លង​ទៅ។


ទាក់ទិន​នឹង​កិច្ចប្រជុំ​មេដឹកនាំ​នៃ​កូរ៉េ​ទាំង​ទ្វេ​នេះ ប្រភព​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​ភាគី​ទាំង​ ២ ​ព្រមព្រៀង​ឱ្យ​មាន​ជំនួប​រវាង​មេដឹកនាំ​ទាំង​២ហើយ តែ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​បាន​ច្បាស់លាស់ ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវីដ ១៩​។ ប្រភព​ខាង​លើ​បាន​បន្ថែម​ថា ជំនួប​ទល់​មុខ​គ្នា​ ជា​ជម្រើស​ដ៏​ល្អ​មួយ តែ​ខាង​កូរ៉េ​ខាង​ត្បូង​ក៏​ស្វាគមន៍​ឱ្យ​មាន​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​មិន​ចង់​ជួប​ទល់​មុខ​គ្នា។


ការ​រាយការណ៍​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​កូរ៉េ​ទាំង ២ ​បាន​ព្រមព្រៀង​ឱ្យ​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាក់ទង​ទាក់​ទង​គ្នា​ឡើង​វិញ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​នោះ​គឺ កូរ៉េ​ទាំង​សង​ខាង​បាន​ផ្លាស់​ប្ដូរ​សារ​លិខិត​ឆ្លើយឆ្លង​មិន​តិច​ជាង ១០ ដង​ទេ ចាប់​តាំង​ពី​ខែ​មេសា​មក៕


ហ៊ីម រដ្ឋា