ខណៈ​ចិន​ចាប់​ផ្ដើម​ដាក់​ច្បាប់​រឹត​បន្តឹង​លើ​វិស័យ​នានា អ្នក​វិភាគ​ខ្លះ​ព្រួយបារម្ភ តែ​អ្នក​ក្នុង​ស្រុក​សាទរ


មួយ​រយៈ​ចុង​ក្រោយ​នេះ ចិន​បាន​រៀបចំ​កំណែទម្រង់​ជា​ច្រើន​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន​ ដែល​មាន​ចាប់​តាំង​ពី​ច្បាប់​សម្រាប់​អ្នក​ក្នុង​ស្រុក និង​ច្បាប់​នានា ​ដែល​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អន្តរជាតិ​ដូច​ជា​ ច្បាប់​ឆ្មាំ​សមុទ្រ​ និង​ច្បាប់​ផ្លូវ​ទឹក​ជា​ដើម។

បើ​និយាយ​ពី​បរិបទ​វិនិយោគ និង​ជំនួញ​នៅ​ក្នុង​ប្រទេស​ចិន អ្នក​តាមដាន​ និង​អ្នក​វិភាគ​ជា​ច្រើន​បាន​សង្កេត​ឃើញ​ថា ចិន​កំពុង​តែ​រឹត​បន្តឹង​តាម​រយៈ​ដាក់​លក្ខខណ្ឌ​បន្ថែម​ផ្សេងៗ​ទៅ​លើ​ជំនួញ​វិនិយោគ​នានា​ ដែល​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ចិន។

វិស័យ​នានា​ដែល​ស្ថិត​នៅ​ក្រោម​ការ​រឹត​បន្តឹង និង​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាល​រដ្ឋធានី​ប៉េកាំង​មាន​ដូច​ជា វិស័យ​បច្ចេកវិទ្យា និង​វិស័យ​ហិរញ្ញវត្ថុ​ជា​ដើម ខណៈ​ចុង​ក្រោយ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ក៏​បាន​រឹត​បន្តឹង​ទៅ​លើ​វិស័យ​អប់រំ ពោល ​គឺ​ទៅ​លើ​ក្រុមហ៊ុន​បង្រៀន​គួរ​ក្រៅ​ម៉ោង​សិក្សា។

សម្រាប់​វិស័យ​បច្ចេកវិទ្យា​ ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ទិន្នន័យ និង​ច្បាប់​ការពារ​ព័ត៌មាន​ឯកជន​ផ្សេងៗ​ទៀត ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មាន​សិទ្ធិ​ដាក់​ពិន័យ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ណា​មួយ ដែល​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ស្រុក​ ដោយ​មិន​មាន​ការ​អនុញ្ញាត។ ចំណែក​ឯ​វិស័យ​ហិរញ្ញវត្ថុ​វិញ រដ្ឋាភិបាល​ចិន​អន្តរាគមន៍​ដោយ​ផ្ទាល់​លើ​ការ​លក់​ដូរ​រូបិយប័ណ្ណ​និមិត្ត​។

ចំពោះ​វិស័យ​អប់រំ​វិញ ចិន​បាន​ចេញ​គោលនយោបាយ​កាត់​បន្ថយ​ម៉ោង​សិក្សា និង​កិច្ចការ​ផ្ទះ​របស់​សាលា ហើយ​ថែម​ទាំង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​ដែល​មិន​យក​ប្រាក់​កម្រៃ។ ជាពិសេស​ទៅ​ទៀត​ រដ្ឋាភិបាល​ចិន​ក៏​បាន​ដាក់​វិន័យ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ ដោយ​ហាម​មិន​ឱ្យ​បង្រៀន​សិស្ស​ដូច​ទៅ​នឹង​កម្មវិធី​សិក្សា​នៅ​ក្នុង​សាលារៀន ហើយ​ក៏​ហាម​មិន​ឱ្យ​បង្រៀន​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​នានា​ផង​ដែរ។

ច្បាប់​រឹត​បន្តឹង​ទាំង​នោះ​ធ្វើ​ឡើង​ ក្រោម​បំណង​ច្រើន​ផ្សេងៗ​គ្នា ដែក​គោល​បំណង​ដ៏​ធំ​មួយ​គឺ​ការ​ធ្វើ​និយតកម្ម​លើ​ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​ដែល​មាន​ការ​ចំណេញ​លើស​លប់​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ចិន។ ជាក់ស្ដែង​ វិស័យ​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​នៅ​ចិន​មាន​តម្លៃ​ទីផ្សារ​សរុប​រហូត​ដល់​ទៅ ១០០ ពាន់​លាន​ដុល្លារ ក្រោយ​មាន​កំណើន​ជា​បន្តបន្ទាប់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

ទន្ទឹម​នឹង​ការ​ចេញ​ច្បាប់​រឹត​បន្តឹង​ទាំង​នេះ មាន​អ្នក​ខ្លះ​សាទរ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បង្ហាញ​ពី​ការ​ព្រួយបារម្ភ។

លោក Zhaopeng Xing ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​ចិន​ជាន់​ខ្ពស់​នៅ​ធនាគារ ANZ បាន​ប្រាប់​ Reuters ថា គោលនយោបាយ​ដែល​ដាក់​ចេញ​នៅ​អំឡុង​ខួប​ ១០០ ឆ្នាំ នៃ​គណបក្ស​កុម្មុយនី​ស្ត​ចិន​ គូស​បញ្ជាក់​ពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋ​អំណាច​ចិន​ទៅ​លើ​ប្រជាជន​ទូទៅ។ លើស​ពី​នេះ ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា «គោលនយោបាយ​ទាំង​នេះ​ចង់​ផ្ញើ​សារ​ទៅ​កាន់​ក្រុមហ៊ុន​ទាំង​នោះ​ថា ចិន​មិន​មែន​ជា​ប្រទេស​មូលធន​និយម​ទេ តែ​ជា​ប្រទេស​សង្គម​និយម»។

ស្រដៀង​នឹង​លោក Xing ដែរ លោក Alan Song ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​លើ​ការ​វិនិយោគ Harvest Capital បាន​និយាយ​ថា៖ «សហគ្រិន និង​វិនិយោគិន​ចិន ត្រូវ​តែ​យល់​ថា​ ជំនាន់​ដែល​ពង្រីក​ប្រាក់​ទុន ដែល​ខ្វះ​ការទទួល​ខុសត្រូវ​បាន​បញ្ចប់​ទៅ​ហើយ។ ជំនាន់​ថ្មី​នេះ ​គឺ​ផ្ដល់​អាទិភាព​លើ​ភាព​យុត្តិធម៌ ជា​ជាង​ប្រសិទ្ធភាព​»។

ផ្ទុយ​ពី​ការ​លើកឡើង​ខាង​លើ​ លោក Henry Gao សាស្ត្រាចារ្យ​ជំនួយ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហបុរី​បាន​និយាយ​ថា ព្រឹត្តិការណ៍​នៃ​ការ​ដាក់​បន្ទុក​លើ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ បង្ហាញ​ពី​ចេតនា​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​គ្រប់គ្រង និង​កែ​សម្រួល​ប្រព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​គូស​បញ្ជាក់​ថា ភាព​មិន​ប្រាកដ​ប្រជា​នៃ​ច្បាប់​ទម្លាប់​របស់​ចិន ជា​ហានិភ័យ​ខ្លាំង​ជាង​គេ សម្រាប់​ក្រុមហ៊ុន​ណា​ដែល​មាន​បំណង​រកស៊ី​នៅ​ស្រុក​ចិន៕

ហ៊ីម រដ្ឋា

ព័ត៌មានថ្មីៗ