គេសង្កេត​ឃើញ​គូ​ប្រជែង​ខាង​នយោបាយរបស់​លោក​ Vladimir Putin ដែល​លេចធ្លោជាង​គេ​ គឺ​លោក Alexei Navalny ចាប់​ផ្ដើម​អស់​ឥទ្ធិពល​បន្ដិចម្ដងៗ​ ដោយសារ​វិធានការ​បង្ក្រាបខាង​វិមាន​ក្រឹមឡាំង ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឱ្យទស្សនៈ​មួយ​ចំនួន​យល់​ថា ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក Putin ស្ទើរតែ​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក​ ដែល​ចង់​ដឹក​នាំ​ចលនា​ក្រោយ​ៗ។


បើ​យោងតាម​សារព័ត៌មាន The Wall Street Journal ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​​នេះ​ អាជ្ញាធររុស្ស៊ី​បាន​បង្កើន​យុទ្ធនាការ​បង្ក្រាប​អ្នក​រិះ​គន់​ និ​ង​អង្គការ​នានា​ ដែល​ត្រូវ​បាន​គេមើ​ល​ឃើញ​ថា​ ជា​អង្គភាព​ប្រ​ឆាំង​​រដ្ឋា​ភិបាល​មុ​ន​ការ​បោះឆ្នោតសភានាពេល​ខាង​មុខ​។

ក្នុង​ចំណោម​វិធាន​ការទាំង​អស់​នោះ អាជ្ញា​ធរ​ដដែល​នេះក៏​បាន​ចាប់​ឃុំខ្លួន​​ មេដឹកនាំគណបក្សប្រឆាំង​ ក្រុម​​សិទ្ធិ​​មនុស្ស​ និង​ក្រុមអ្នក​ច្បាប់​ហើយ​បាន​បង្ខំ​ឱ្យ​រំសាយ​ក្រុមទាំង​នោះចោល​ព្រមទាំង​ អង្គការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នានា ដែល​បំបិទ​សិទ្ធិ​សេរីភាព​​ជា​រៀងរាល់​សប្តាហ៍​ ចាប់តាំ​ងពី​ការចា​ប់ដា​ក់​ពន្ធ​នាគា​រ​លោក Alexei Navalny កាល​ពី​ខែមេសា កន្លង​ទៅ​។


សម្រាប់​អ្នកអត្ថាធិប្បាយ​នយោបាយ​ និង​អ្នក​ឃ្លាំ​មើល​វិមាន​ក្រឹម​ឡាំង​ ការគាប​សង្កត់​នេះ គឺ​ជា​ភ័ស្តុតាង​បន្ថែម​ទៀត​ថា​ របបលោក​ Putin កាន់​តែ​មាន​ភាព​រឹង​មាំ​បន្ថែមទៀត បើ​ទោះ​បី​ជា​សង្គម​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​លោក ក្នុង​ការដឹក​នាំ​​សេដ្ឋកិច្ច​ និង​ការរង​ទណ្ឌ​កម្ម​ពីសំណាក់ប្រទេស​លោក​ខាង​លិច​ស្ដី​អំពី​ការ​រំលោ​ភបំពាន​ទាំងសិទ្ធិ​មនុស្ស​ក៏​ដោយ​។


អ្នកវិភាគបាន​និយាយថា មេដឹកនាំរូប​នេះ ហាក់ដូចជា​ មិន​ខ្លាច​ការ​គំរាម​កំហែង​ពី​ក្រុម​ប្រឆាំង​ ឬ​ការ​គាប​សង្កត់​ពី​អាមេរិ​កឡើ​យ​ ហើយ​លោក​កាន់តែ​មិន​ខ្វល់​ពី​មតិ​របស់​សាធារណជន​។ អា​ជ្ញាធរ​ នៅ​តែ​ចាត់​វិធាន​ជា​​ច្រើ​​ន​ ដើម្បី​រារាំង​កន្លែង​ណា​មួយ​ ដែល​រៀប​ចំ​ការ​តវ៉ា​តាម​ដង​ផ្លូវ​ ឬ​ ការ​ស៊ើប​អង្កេត​កិច្ចការ​ហិរញ្ញវត្ថុ​របស់​លោក Putin និង​ក្រុម​ផ្ទៃ​ក្នុង​របស់គាត់។


លោក Vladislav Inozemtsev​ នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​វិបត្តិ​ក្រោយ​ឧស្សាហកម្ម​ ដែល​ជា​អង្គការ​មិន​គិត​ប្រាក់​ចំណេញ​ប្រ​​ចាំនៅ​ទី​​ក្រុ​ង​ម៉ូ​ស្គូ បា​​នមាន​ប្រសាសន៍​ថា​៖ «វាបង្ហាញថា ឥឡូវនេះ ​លោក​ Putin មាន​ទំនុកចិត្តលើខ្លួនឯង​ ហើយ​គាត់អាច​ពឹង​ផ្អែក​លើ​កម្លាំង​យោធា​ ដោយ​ជឿ​ជាក់​ថា​ វា​មិន​មាន​ករណី​​ចាំបា​ច់​ក្នុ​ងការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ សង្គម​ និង​រដ្ឋាភិបាល​ទេ​»​។

គួរបញ្ជាក់​ផងដែរថា វិធាន​ចុង​ក្រោយ​បំផុត​ ដែល​អាជ្ញាធរ​​រុស្ស៊ី បាន​ធ្វើ​គឺបិទ​​ការ​ចូល​ទៅ​កាន់គេ​ហទំព័រ​របស់​លោក​ Navalny គឺ​ Navalny.com និងគេហទំព័ររាប់សិប​កន្លែងផ្សេង​ទៀត​ កាលពីថ្ងៃចន្ទរួម​ទាំងផ្អាក​ដំណើរ​ការ​​មូល​និធិ​ប្រឆាំងអំ​ពើពុករលួយរបស់​លោក ​និងបុគ្គលនិងអង្គការដែល​ពាក់ព័ន្ធ​ជាមួយ​លោក​ផងដែរ​។

គេហទំព័រទាំងនេះ គឺជា​មធ្យោបាយចម្បង​មួយ​របស់លោ​ក​ ​Navalny ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​គាំទ្រ​របស់​លោក ក្រោយ​ពេល​លោក​ជាប់​ពន្ធនាគារ។ ការ​បិទ​ការ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ កើត​ឡើង​ក្រោយ​ពេល​គេ​និយាយ​ថា ចលនា​របស់លោក​ជាអង្គការ​ជ្រុ​លនិយម​ ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ស្មើនឹង​ ក្រុម​ភេរវករ​ ដូចជា ក្រុម​អាល់កៃដាឬ​ ការគោរព​សាសនាជ្រុលនិយ​មផ្សេង​ទៀត​។

ប៉ុន្តែរយៈពេល ៣ ខែចុ​ងក្រោយនេះ គេឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាងលឿ​ន​មួយ​ ដែល​អាជ្ញាធរ​បាន​ប្រើ​ច្បាប់​ជ្រុល​និយម​ ដើម្បី​ដាក់ស្លាក​ក្រុមនិង​បុគ្គលប្រឆាំង​រដ្ឋាភិបាល​ថា ​ជា «​ភ្នាក់ងារបរទេស» ​ឬ «ក្រុម​មិន​គួរ​ឱ្យ​ត្រូវ​ការ​ក្នុង​សង្គម​» ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន និងអ្នកសារព័ត៌មា​នយ៉ា​ងតិ​ច​ ១៧ ស្ថាប័ន​ ដោយ​ធ្វើ​ការ​បញ្ឈប់​ប្រតិបត្តិកា​រ​ ឬកំណ​ត់វិសាលភាព​នៃ​​កា​រងា​ររ​បស់ពួ​ក​គេ ចា​ប់តាំ​ង​ពីចុ​ង​ខែមេសាកន្លង​​មក​។

ក្នុងចំណោមនោះ អង្គការ​គាំទ្រល​ទ្ធិ​ប្រជាធិបតេយ្យ Open Russia ​ បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​ជំនួញ​​លោក Mikhail Khodorkovsky បាននិយាយកាលពីខែឧសភាថា ​នឹង​បញ្ឈប់​សកម្មភាព​របស់ខ្លួ​ន​នៅ​​ក្នុង​ប្រ​ទេស​រុស្ស៊ី​ ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់​ពី​ប​ទព្រ​ហ្មទណ្ឌ​ ចំពោះបុ​គ្គលិក​របស់​ខ្លួន​​។​

ក្រុមដែល​មា​នមូ​ល​ដ្ឋា​ននៅ​ទី​ក្រុ​ង​ឡុ​ង​ដ៍ ​ត្រូ​វ​បា​នគេ​ដា​ក់​ស្លា​កថា​ ជាអង្គការ​គេ​មិន​ត្រូវ​ការ​ក្នុង​សង្គម​​នៅ​ឆ្នាំ ២០១៧ ប៉ុន្តែច្បាប់ថ្មីដែលផ្តោត​លើ​ក្រុម​ទាំង​មូល​បែ​បនេះ ​បា​នបង្កើត​ឱ្យ​មាន​ការ​ជំទាស់ពី​សំណាក់​សាធារណ​ជន​ និង​អ្នក​នយោបាយទូទៅ​​​។

ទោះយ៉ាងណា អ្នកវិភាគនយោបាយនិយាយថា សមយុទ្ធ​របស់​រដ្ឋាភិបាល​ពិត​ជា​ហួស​ពី​កិច្ច​ប្រឹង​ប្រែង​មុន​កា​រ​បោះឆ្នោ​ត​ធ​ម្មតា​រ​ប​ស់​ខ្លួ​នដើម្បី​បង្ក្រា​ប​ការ​ប្រឆាំ​ង​ណាស់​។លោក​ស្រី Valentina Dekhtyarenko សកម្មជ​ន​​ក្រុមសិ​ទ្ធិម​នុ​ស្ស Zona Prava នៅ​ទីក្រុ​ង​ម៉ូស្គូ បា​ន​និ​យា​យថា​៖ «កាលដំបូង​ឡើយ​ គេ​មើលទៅ​ហាក់​ដូចស្រដៀង​នឹង​ការ​សម្អាត​វិស័យសកម្មជនក៏ដូចជាអង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ ដែ​ល​ធ្វើ​កា​រ​ដោ​យ​ឯ​ក​រាជ្យ​ពី​រ​​​ដ្ឋ មុ​ន​​​ពេ​ល​​​​បោះ​ឆ្នោតអ៊ីចឹង​ ប៉ុន្តែ​ធាតុ​ពិត​មាន​ច្រើនជាង​នេះ​»​។

ទោះយ៉ាងណាក្ដី ក្រុម​អ្នកនយោបាយនិរទេស​ និងក្រុម​ប្រព័ន្ធ​ផ្សព្វផ្សា​យ​បរទេស​ បាន​និយាយ​ថា​ ពួកគេ​នឹ​ង​បន្ត​ព្យាយា​ម​បង្ហាញ​ពី​វិធាន​​មិ​ន​​​ត្រឹ​​ម​​​ត្រូវ​​​រ​​​ប​ស់​​រ​​​​ដ្ឋា​​ភិ​​​បា​ល​ និ​​ង​ផ្ត​ល់កា​រ​គាំ​ទ្រ​​ដល់​ខាង​ភាគី​ប្រឆាំង​វិញ​។

លោក Dmitry Gudkov ប្រធាន​គណបក្ស​ប្រឆាំង និ​ងស​កម្មជ​ន​ដទៃ​ទៀត​ បាន​និយាយ​ថា​ ពួកគេ​នឹ​ង​បន្ត​លើក​ទឹក​ចិ​ត្តជ​ន​ជា​តិរុ​ស្ស៊ី​ឱ្យអ​នុ​វ​ត្តនូ​វ​អ្វី​ ដែល​គេ​ហៅ​ថា​ កា​របោះឆ្នោ​ត ​ជា​យុទ្ធ​សា​ស្ត្រ​ដែ​​​លលោក Navalny បាន​ប្រើប្រាស់​ ដើម្បី​យក​ឈ្នះ​គូ​ប្រជែង​ខ្លាំង​បំផុត​របស់​លោក គឺ លោក Putin ដោយ​មិន​ខ្វល់​ថា​ ពួក​គេតំ​ណា​ង​ឱ្យ​គ​ណ​ប​ក្ស​ណា​នោះ​ទេ​​៕