នៅ​​ថ្ងៃ​ព្រហស្បតិ៍ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Lloyd Austin បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សន្តិសុខ​ ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​កាន់​តែ​ស៊ី​ជម្រៅ​ ខណៈ​ភាព​តាន​តឹង​ជា​មួយ​ក្រុង​ប៉េកាំង​ កើន​ឡើង​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។


បើ​ទោះ​បី​ជា​មាន​ទំនាក់​ទំនង​យោធា​ជិត​ស្និទ្ធ​​ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃដិន​ បាន​និយាយ​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២​ នៅ​មាន​កម្រិត​ ដរាប​ណា​ក្រុង​ហាណូយ​ មិន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​។


ប្រទេស​វៀតណាម​ បាន​លេច​មុខ​​ប្រឆាំង​ការ​ទាមទារ​របស់​ប្រទេស​ចិន ​ខ្លាំង​ជាង​គេ​នៅ​អាស៊ី អាគ្នេយ៍​ ហើយ​បាន​ទទួល​ឧបករណ៍​យោធា​អាមេរិក​ជា​ច្រើន​ ដែល​រួមមាន​នាវា​ឆ្មាំ​សមុទ្រ​។


មុន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម​នៅ​ទីក្រុង​ហាណូយ​ លោក​ Austin បាន​និយាយ​ថា​សហរដ្ឋអាមេរិក​នឹង​មិន​បង្ខំ​ឱ្យ​វៀតណាម​ជ្រើសរើស​កាន់​ជើង​ប្រទេស​ណា​ទេ​។


លោក​បាន​និយាយ​ថា​៖ «គោលដៅ​សំខាន់​មួយ​របស់​យើង ​គឺ​ការ​ធានា​ថា​ សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​មាន​សេរីភាព និង​ចន្លោះ​ដើម្បី​រៀប​ចំ​អនាគត​របស់​ពួកគេ​»​។


ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ Austin បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​ការ​រាយការណ៍​ថា ​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​ Kamala Harris នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​សិង្ហបុរី និង​វៀតណាម​នៅ​ពេល​ឆាប់​ៗ​នេះ​៕