អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​ ​ការ​គំរាម​កំហែង​ផ្នែក​បរិស្ថាន​ កំពុង​​ធ្វើ​ឱ្យ​ជម្លោះ​នៅ​ទូទាំង​ពិភព​លោក​កាន់​តែ​អាក្រក់​ឡើង​ហើយ​នឹង​ក្លាយ​​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​​សិទ្ធិ​មនុស្ស​នា​ពេល​ឆាប់ៗ​នេះ​។​


លោកស្រី ​Michelle Bachelet ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និយាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​បំពុល​បរិស្ថាន​ និង​ការ​បាត់បង់​ធម្មជាតិ​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស​ ខណៈ​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​ចាំបាច់​។​


លោកស្រី​និយាយ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី​៤៨ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប.​នៅ​ទីក្រុង​ហ្ស៊ឺណែវ​យ៉ាង​ដូច្នេះ​ថា​៖​ «​វិបត្តិ​ទាក់ទង​គ្នា​នៃ​ការ​បំពុល​បរិស្ថាន​ការណ៍​ប្រែប្រួល​អាកាស​ធាតុ​ និង​ជីវចម្រុះ​ដើរ​តួ​ជា​ការ​គំរាមកំហែង​ពង្រីក​ភាព​តានតឹង​នៃ​ជម្លោះ​ ​និង​វិសមភាព​រចនា​សម្ព័ន្ធ​បង្ខំ​​មនុស្ស​​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើង​»​។​ លោក​ស្រី​បន្ត​​ថា​៖ «​នៅ​ពេល​ដែល​ការ​គំរាមកំហែង​ផ្នែក​បរិស្ថាន​ទាំង​នេះ​កើន​ឡើង​ពួក​គេ​នឹង​ក្លាយ​​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​តែ​ ១ ​គត់​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​សម័យ​យើង»។​


អតីត​ប្រធានាធិបតី​ស៊ីលី​រូប​នេះ​​និយាយ​ថា ​ការ​គំរាម​កំហែង​ដល់​បរិស្ថាន​​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ និង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ទូទៅ​រួម​​ទាំង​សិទ្ធិ​ទទួល​បាន​អាហារ​ទឹក​ការ​​អប់រំ​លំនៅឋាន​សុខភាព ​ការ​អភិវឌ្ឍ ​និង​សូម្បី​តែ​ជីវិត​ខ្លួន​ឯង​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​បំផុត​ជួប​ការ​លំបាក​បំផុត​។​


ខណៈ​​លើក​ឡើង​ពី «​ព្រឹត្តិការណ៍​​អាកាសធាតុ​សម្លាប់​មនុស្ស​»​ រួម​ទាំង​​ភ្លើង​ឆេះ​នៅ​ស៊ីបេរី​ និង​រដ្ឋ​កាលីហ្វ័រនី​ញ៉ា​ ​និង​ទឹក​ជំនន់​នៅ​ចិន ​អាល្លឺម៉ង់​ និង​តួកគី​ លោកស្រី​ Bachelet ក៏​​ព្រមាន​ថា ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​​អាច​បណ្តាល​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ក្នុង​ភាព​វេទនា​ ភាព​ស្រេក​ឃ្លាន​ និង​ការ​ផ្លាស់ទី​​។​​


របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​រក​ឃើញ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​អាច​រុញ​ច្រាន​មនុស្ស​ជាង​ ២០០ លាន​នាក់​នៅ​តំបន់​ចំនួន ៦ ​​ធំៗ​​ឱ្យ​ផ្លាស់​លំនៅ​របស់​ខ្លួន​ក្នុង​រយៈពេល​ ៣ ​ទសវត្សរ៍​ខាង​មុខ និង​​បង្កើត​ចំណុច​ក្តៅ​ក្នុង​ការ​ធ្វើ​ចំណាក​​ស្រុក​លុះត្រា​តែ​មាន​វិធានការ​បន្ទាន់​​ ដើម្បី​កាត់​បន្ថយ​ការបំ​ភាយ​ឧស្ម័ន​ពិភព​លោក​ និង​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ។​

ទោះបី​ជា​មិន​បង្ហាញ​ពី​ផលអវិជ្ជមាន​រយៈពេល​ខ្លី​ក្ដី​​​របាយការណ៍​ដដែល​​សិក្សា​ទៅ​លើ​​​ថា​ តើ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​​​​ដូច​ជា​កង្វះ​ខាត​ទឹក ការ​ថយ​​ចុះ​នៃ​​ផលិត​ភាព​ដំណាំ​ និង​ការ​កើន​ឡើង​នៃ​នីវ៉ូ​ទឹក​សមុទ្រ ​ជា​កត្តា​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​​នាក់​ផ្លាស់​ទី​ ឬ​ហៅ​ថា​ «​​ចំណាក​ស្រុក​អាកាសធាតុ​» ​នៅ​ឆ្នាំ​ ២០៥០​។​

យោង​តាម​សេណារីយោ អាក្រក់​បំផុត ៣ របស់​របាយការណ៍​អនុតំបន់​សាហារ៉ា​អាហ្វ្រិក​​ដែល​ជា​តំបន់​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ការ​រាលដាល​នៃ​វាល​ខ្សាច់​ កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​កើន​ឡើង​ ​និង​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​របស់​ប្រជាជន​លើ​វិស័យ​កសិកម្ម​នឹង​ធ្វើ​ឱ្យ​មនុស្ស​​ ៨៦ ​លាន​នាក់​​ផ្លាស់​ទី​ ខណៈ​ដែល​កំណើន​នៃ​កង្វះ​ខាត​​ទឹក​​​នៅ​អាហ្វ្រិក​ខាង​ជើង​ធ្វើ​ឱ្យ​មនុស្ស​ ១៩ ​លាន​នាក់​ប្ដូរ​លំនៅ​​ស្រប​ពេល​​អាស៊ី​ខាង​ត្បូង​ដូច​ជា​ប្រទេស​បង់ក្លាដែស​ រង​ផល​ប៉ះពាល់​​ដោយសារ​ទឹក​ជំនន់​ និង​​ការ​ខូច​ដំណាំ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជិត​ ២០ ​លាន​ផ្លាស់ទី​​ដូច​​គ្នា​។​​

អង្គការ​សហប្រជាជាតិ​ក៏​មាន​ការ​ព្រួយ​បារម្ភ​​ផង​ដែរ​អំពី​ «​គ្រា​អាសន្ន​នៃ​មនុស្ស​ធម៌​» ​ដែល​បង្កើត​ឡើង​ដោយ​បម្រែបម្រួល​​អាកាសធាតុ​ ជា​ពិសេស​នៅ​ទូទាំង​បណ្តា​ប្រទេស​សាហែល​របស់​អាហ្វ្រិក​ដែល​រួម​មាន​បួគីណាហ្វាសូ កាមេរូន​ ឆាដ ​ហ្គាំប៊ី ​ហ្គីណេ​ ម៉ូរីតានី ​ម៉ាលី ​នីហ្សេ ​នីហ្សេរីយ៉ា​ និង​សេណេហ្គាល់​ជា​ដើម​។ ​

លោកស្រី ​Bachelet​ ថា ​គ្រោះ​រាំង​ស្ងួត​យូរ​អង្វែង​អម​ដោយ​ជំនន់​ទឹក​ភ្លៀង​លទ្ធភាព​ទទួល​បាន​ធនធាន​ធម្មជាតិ​មិន​ស្មើ​គ្នា​ និង​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​ខ្ពស់​កំពុង​ញាំញី​តំបន់​នេះ​។​

យោង​តាម​ក្រុម​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុនៅ​​ទ្វីប​អាហ្វ្រិក​មាន​សភាព​ធ្ងន់ធ្ងរ និង​​លឿន​ជាង​កន្លែង​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក​។​ បញ្ហា​បរិស្ថាន​នៅ​​ក្នុង​តំបន់​មាន​ច្រើន​រាប់​ចាប់​ពី​ ការ​រាលដាល​នៃ​វាលខ្សាច់​គ្រោះរាំង​ស្ងួត​រយៈពេល​វែង​​ និង​ការ​មិន​ទទួល​បាន​ធនធាន​ធម្មជាតិ។ ​​បញ្ហា​ទាំង​នេះ​រួម​ជាមួយ​ប្រព័ន្ធ​អសកម្ម​របស់​រដ្ឋាភិបាល​​ និង​លំនាំ​​នៃ​ភាព​ក្រីក្រ​ និង​វិសមភាព​ដែល​មាន​ជា​យូរ​មក​ហើយ​ធ្វើ​ឱ្យ​បញ្ហា​ដូច​​ជា​ការ​ផ្លាស់​លំនៅ ​និង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ​និង​ចលនា​ជ្រុល​និយម​កាន់​តែ​ធ្ងន់ធ្ងរ​។​

បើ​តាម​លោកស្រី ​Bachelet​និន្នាការ​និង​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​ មាន​នៅ​​ក្នុង​ទម្រង់​ និង​​កម្រិត​​ខុស​​​គ្នា​នៅ​គ្រប់​តំបន់​នៃ​ពិភព​លោក​​ឧទាហរណ៍​នៅ​អាស៊ី​ មជ្ឈិម​បូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង​ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ដែល​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​កើន​ឡើង​​​​។​

លោកស្រី​ថា​​ ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាព​ក្រីក្រ​ការ​ផ្លាស់​លំនៅ​ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អាមេរិក​កណ្ដាល​។ ​លោកស្រី​បន្ថែម​​ថា ​អ្នក​ការពារ​បរិស្ថាន​ និង​សកម្មជន​សិទ្ធិ​មនុស្ស​កំពុង​រង​ការ​គំរាមកំហែង​យាយី​ និង​ថែម​ទាំង​ត្រូវ​គេ​សម្លាប់​ជា​ញឹកញាប់​នៅ​អាមេរិក​ឡាទីន​អាស៊ីអាគ្នេយ៍​ និង​តំបន់​ផ្សេង​ទៀត។​

ក្នុង​សេចក្ដី​ថ្លែងការណ៍​ ១ ទាមទារ​ឱ្យ​ អ.ស.ប.​​ទទួល​ស្គាល់​សិទ្ធិ​ដើម្បី​​ទទួល​​បរិស្ថាន​ល្អ​នៅ​កិច្ច​ប្រជុំ​ដូច​គ្នា​ជាមួយ​លោកស្រី​ Bachelet ​​លោកស្រី​​ Agnes Callamard ​អគ្គលេខាធិការ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​និយាយ​​​ថា​៖​ «ផល​ប៉ះពាល់​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូវ​ការ​បំផ្លិចបំផ្លាញ​ថា ​តើ​បរិស្ថាន​​ល្អ​​អាច​ឱ្យ​​យើង​ទទួល​បាន​សិទ្ធិ​របស់​យើង​យ៉ាង​ដូច​ម្តេច? វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​ភព​ផែនដី​របស់​យើង​រហូត​​ឃើញ​ពី​តម្លៃ​របស់​មនុស្ស​ចំពោះ​ការ​រេច​រឹល​របស់​វា​ដូច​ជាភាព​​​អត់​ឃ្លាន​ការ​ផ្លាស់​លំនៅ​ភាព​អត់​ការងារ​ធ្វើ​ ភាព​គ្មាន​ផ្ទះ​សំបែង ​ជំងឺ​ និង​ការ​ស្លាប់​ជា​ដើម​»​។

អគ្គលេខាធិការ​រូប​នេះ​បន្ត​ថា៖ ​«​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​នានា​​ក្នុង​ការ​ធ្វើ​សកម្មភាព​ឆ្លើយ​តប​នឹង​​​ការ​ប្រែប្រួល​​អាកាសធាតុ​ចំពោះ​​មុខ​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ដ៏​ច្រើន​អាច​​ជា​ការ​រំលោភ​សិទ្ធិ​មនុស្សអន្តរ​​ជំនាន់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​ ក្នុង​នាម​ជា​ស្ថាប័ន​សិទ្ធិ​មនុស្សជា​​សកល​ចម្បង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​ត្រូវ​ប្រើ​ឧបករណ៍​ទាំង​អស់​ ដើម្បី​កម្ចាត់​វិបត្តិ​។​ យើង​សូម​អំពាវនាវ​ដល់​រដ្ឋ​ទាំង​អស់​គាំទ្រ​ការ​ទទួល​ស្គាល់​ សិទ្ធិ​ដើម្បី​បាន​បរិស្ថាន​ល្អ​​​​នៅ​អង្គការ​សហប្រជាជាតិ​ និង​នៅ​ថ្នាក់​ជាតិ​។​ អ្នក​ដែល​មិន​ធ្វើ​នឹង​នៅ​លើ​ផ្នែក​ខុស​នៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រឆាំង​នឹង​អនាគត​រួម​របស់​មនុស្ស​ជាតិ​»​។ ​

ទីស្តីការ​របស់​លោកស្រី​ Bachelet ​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​អាកាសធាតុ​ដែល​មាន​មហិច្ឆតា​បន្ថែម​ទៀត​នៅ​ក្នុង​កិច្ច​ពិភាក្សា​អាកាសធាតុ​រយៈពេល ១២ ថ្ងៃ​ ក្នុង​ទីក្រុង​ Glasgow ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​ ៣១​ ខែ​តុលា។​

ទោះ​បី​ជា​ជំងឺ​រាត​ត្បាត​កូវីដ ១៩​ ផ្តល់​ឱកាស​ផ្តោត​លើ​គម្រោង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក៏​​ដោយ​ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​ជា​អកុសល​មិន​ត្រូវ​បាន​អនុវត្ត​ជាប់​លាប់​ និង​រឹងមាំ​នោះ​ទេ​ ដោយសារ​តែ​ការ​បរាជ័យ​របស់​រដ្ឋ​ជា​សមាជិក​ក្នុង​ការ​ផ្តល់​មូលនិធិ​ និង​អនុវត្តការ​ប្តេជ្ញា​ចិត្ត​លើ​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​​ប៉ារីស​៕

ហួន ឌីណា