ប្រមុខ​ហេសបូឡាហ៍​លោក ​Hassan Nasrallah បាន​និយាយ​ថា​ ការ​បញ្ជូន​ប្រេង​ឥន្ធនៈ​របស់​អ៊ីរ៉ង់​ដំបូង ​នឹង​ទៅ​ដល់​ប្រទេស​លីបង់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួយ​​​បន្ធូរ​បន្ថយ​ការ​ខ្វះខាត​​នៅ​ក្នុង​ប្រទេស​​ដែល​ពោរពេញ​ដោយ​បញ្ហា​​មួយ​នេះ​។


ប្រទេស​លីបង់ ​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​របស់​ខ្លួន​ដោយ​ប្រជាជន​លីបង់​​ ៣ នាក់​ ក្នុង​ចំណោម ៤ នាក់ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ហើយ​​អគ្គិសនី​អាច​ប្រើប្រាស់​បាន​តែ​ ២-៣ ម៉ោង​​ប៉ុណ្ណោះ​ ក្នុង​ ១ ថ្ងៃ ​ខណៈ​ការ​ខ្វះ​ប្រេង​ឥន្ធនៈ​ នំបុ័ង និង​ថ្នាំ​ពេទ្យ កំពុង​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នៅ​ទូទាំង​ប្រទេស​។


កាល​ពី​ខែ​មុន លោកNasrallah ​បាន​ប្រកាស​ថា​ ការ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​សម្រាប់​ប្រទេស​លីបង់ ​នឹង​ចាកចេញ​ពី​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​ខ្លួន​ជា​​ការ​ផ្គើន​​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​​លើ​ទីក្រុង​តេអេរ៉ង់​។


នៅ​ពេល​នោះ​ដែរ​ លោក​មិន​បាន​និយាយ​ថា ​នាវា​ដឹក​ប្រេង​នោះ​ត្រូវ​ចេញ​ដំណើរ​ពី​​ទី​ណា​ទេ​ ឬ​ថា ​តើ​​​ប្រេង​ឥន្ធនៈ​នោះ​នឹង​ទៅ​ដល់​លីបង់​ដោយ​របៀប​​ណា​ទេ ​ប៉ុន្តែ​បាន​​បញ្ជាក់​ថា នាវា​​ផ្សេង​ទៀត​នឹង​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​។


កាល​ពី​ថ្ងៃ​ចន្ទ​ លោក Nasrallah បាន​​និយាយ​នៅ​ក្នុង​សុន្ទរក​ថា ​តាម​ទូរទស្សន៍​ថា ​ការ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​ជើង​ទី១​ បាន​​ទៅ​ដល់​កំពង់ផែ Banias របស់​ប្រទេស​ស៊ីរី ​ជា​ទី​ដែល​​ប្រេង​ឥន្ធនៈទាំង​នោះ​ត្រូវ​បាន​ដាក់​ចេញ​ពី​នាវា។


លោក​បាន​និយាយ​ថា៖ «​ការ​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​នឹង​ត្រូវ​បាន​ដឹក​បន្ត​ទៅ​កាន់​តំបន់ ​Baalbek ​នៅ​ជ្រលង​ភ្នំ​ Bekaa ​ខាង​កើត​នៃ​ប្រទេស​លីបង់​ ជាទី​ដែល​ប្រេង​ឥន្ធនៈ​ត្រូវ​បាន​រក្សា​ទុក​មុន​ពេល​នឹង​ធ្វើ​ការ​ចែកចាយ​»។

លោក​ក៏​បាន​ថ្លែង​អរគុណ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​ក្រុម​នេះ គឺ​ប្រទេស​ស៊ីរី​ ដែល​បាន​ទទួល​ប្រេងឥន្ធនៈ​ និង​ផ្តល់​រថយន្ត​ជាច្រើន​គ្រឿង ដើម្បី​​ដឹក​ប្រេង​ទាំង​នោះ​ទៅ​កាន់​ប្រទេស​លីបង់​។

លោក​ Nasrallah​ បាន​និយាយ​កាល​ពី​​ថ្ងៃ​ចន្ទ​ថា ​ហេសបូឡាហ៍​ចង់​ចែកចាយ​ប្រេង​​ឥន្ធនៈ​អ៊ីរ៉ង់​ដោយ​មិន​គិត​ថ្លៃ​ដល់​ស្ថាប័ន​នានា​ដូច​ជា​មន្ទីរ​ពេទ្យ​រដ្ឋ​ មណ្ឌល​ថែទាំ​សុខភាព ​មណ្ឌល​កុមារ​កំព្រា​ និង​កាក​បាទ​ក្រហម​។

លោក​បាន​បន្ថែម​ថា ​ប្រេង​ដែល​នៅ​សល់​នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ទាប​ទៅ​ឱ្យ​ហាង​នំប៉័ង មន្ទីរ​ពេទ្យ​ឯកជន​ ឬ​បណ្តា​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​ឯកជន​។

លោក​បាន​និយាយ​ថា​ ហេសបូឡាហ៍​មិន​​​សម្លឹង​រក​ស៊ី​លក់​ប្រេង​ទេ ប៉ុន្តែ​ចង់​ជួយ​សម្រួល​ដល់​​ការ​លំបាក​របស់​ប្រជាជន​លីបង់។

ក្រុម​ហេសបូឡាហ៍ ដែល​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​លោក​​ប្រធានាធិបតី​ បាសារ​ អាល់-អាសាដ​ នៅ​ក្នុង​ជម្លោះ​ស៊ីរី​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ក្រុម​ភេរវករ ​ដោយ​បណ្តា​​ប្រទេស​លោក​ខាង​លិច ​និង​អាមេរិក​​។

ប៉ុន្តែ​ចលនា​ស៊ី​អ៊ីត «ហេសបូឡាហ៍» គាំទ្រ​ដោយ​អ៊ីរ៉ង់ ​គឺ​ជា​កម្លាំង​នយោបាយ​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​លីបង់​ និង​ជា​ក្រុម​តែ ១ ​គត់​ ដែល​បាន​រក្សា​ទុក​ឃ្លាំង​អាវុធ​​របស់​ខ្លួន​ បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ឆ្នាំ​​ ១៩៧៥-១៩៩០ ​នៅ​ក្នុង​ប្រទេស​នេះ។

លោក Nasrallah បាន​និយាយ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រដ្ឋាភិបាល​ថ្មី​របស់​លីបង់ ​បាន​បើក​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន​ ដើម្បី​ពិភាក្សា​ពី​វិធី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​នេះ។

លោក​បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​វិបត្តិនយោបាយ​អស់​រយៈពេល​ ១៣ ​ខែ ហើយ​បាន​និយាយ​ថា ​អាទិភាព​របស់​ខ្លួន ​គួរ​តែ​មាន ​ដើម្បី​បន្ធូរបន្ថយ​ការ​ឈឺ​ចាប់​ និង​ការ​លំបាក​របស់​ជនជាតិ​លីបង់​៕