លោកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាច្រានចោលលើពាក្យចចាមអារ៉ាមដែលថា លោកស្រីមិនគាំទ្រនឹងការប្រកាស «សង្គ្រាមការពារប្រជាជន» របស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG ប្រឆាំងនឹងរដ្ឋអំណាចយោធានោះទេ។ នេះបើតាមការលើកឡើងរបស់លោក Khin Maung Zaw មេធាវីការពារក្ដីឱ្យអ្នកស្រីកាលពីថ្ងៃចន្ទ។
ក្រោយពីខាង NUG ប្រកូកប្រកាសឱ្យក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយក្រុមយោធាមានព័ត៌មានមួយចំនួនបានចេញផ្សាយថា លោកស្រី ស៊ូជី មិនគាំទ្រលើវិធីសាស្ត្រនេះទេហើយនៅតែប្រកាន់ខ្ជាប់នូវវិធីសាស្ត្របែបអហិង្សា និងប្រកបដោយសន្តិវិធី។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយថា លោកស្រីច្រានចោលលើពាក្យចចាមអារ៉ាមទាំងនេះ ហើយសុំមិនអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ ជាមួយគ្នានេះ សារព័ត៌មានមីយ៉ាន់ម៉ា Irrawaddy បានចុះផ្សាយថាលោកស្រីមិនប្រឆាំងនឹងឆន្ទៈរបស់ប្រជាជននោះទេ។
«នៅពេលយើងប្រាប់គាត់អំពីព័ត៌មាននោះ [សំដៅលើពាក្យចចាមអារ៉ាម] លោកស្រីក៏បានសួរថា "តើប្រជាជនជឿដែរទេ?” ហើយបន្ថែមថា "ខ្ញុំមិនដែលនិយាយពាក្យណាដែលប្រឆាំងនឹងឆន្ទៈរបស់ប្រជាជននោះទេ»។
លោកស្រី ស៊ូជី កំពុងរងការចោទប្រកាន់រហូតដល់ទៅ ១១ បទល្មើសហើយអាចប្រឈមមុខនឹងពន្ធនាគារសរុបអាចដល់ទៅ ១០០ ឆ្នាំឯណោះ៕
ហ៊ីម រដ្ឋា