ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Evergrande ជឿជាក់​ថា ក្រុមហ៊ុន​នេះ ​អាច​ឆ្លង​ផុត​វិបត្តិ​បំណុល​បាន

Content image - Phnom Penh Post
ទិដ្ឋភាពទូទៅបង្ហាញឱ្យ ឃើញអគារមជ្ឈមណ្ឌល Evergrande ក្នុងទីក្រុងស៊ាងហៃកាលពីថ្ងៃទី ២២ កញ្ញា។ AFP

លោក Hui Ka Yuan ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អេវឺហ្គ្រែនដ៍ ​(Evergrande) ជឿជាក់​ថា ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​មួយ​នេះ អាច​ហែល​ឆ្លង​វិបត្តិ​បំណុលដែល​កំពុង​ញាំញី​អស់​មួយ​រយៈ​ចុង​ក្រោយ​បាន​។ នេះ​បើ​តាម​លិខិត​របស់​លោក​ចុះ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិក​ក្រុមហ៊ុនសម្រាប់​បុណ្យ​សែន​ព្រះ​ខែ។

«ខ្ញុំ​ជឿជាក់​យ៉ាង​មុត​មាំ​ថា ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ក្រុមហ៊ុន​អេវឺហ្គ្រែនដ៍នឹង​ដើរ​ចេញ​ពី​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​របស់​ខ្លួនចាប់​ផ្ដើម​ឡើង​វិញ​នូវ​គម្រោង​សាងសង់​ដែល​មាន​ទាំង​ប៉ុន្មាន​ឱ្យ​បាន​ឆាប់ហើយ​សម្រេច​បាន​នូវ​ការ​កំណត់​គោលដៅ​នៃ​ការ​បញ្ចប់​គម្រោង​អចលនទ្រព្យ​ដូច​ការ​គ្រោង​ទុក»។ នេះ​បើ​តាម​សារ​លិខិត​របស់​លោក Hui។

យ៉ាងណាមិញលោក Hui មិន​បាន​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​នឹង​មាន​ដំណោះស្រាយ​របៀប​ណា​នោះ​ទេ។

ក្រុមហ៊ុន​អេវឺហ្គ្រែ​នដ៍​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​លេខ ២ នៅ​ប្រទេស​ចិន ដែល​បង្កើត​នៅ​ឆ្នាំ ១៩៩៦។ មួយ​រយៈ​ចុង​ក្រោយ​ក្រុមហ៊ុន​នេះ​រក​លុយ​សង​ម្ចាស់​បំណុល​មិន​បាន ដែល​បង្ក​ជា​ការ​ស្លន់ស្លោ​ ដោយ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ធ្លាក់​ចុះ​យ៉ាង​គំហុក ស្រប​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​អាច​នឹង​ឈាន​ដល់​ក្ស័យធន​ទៀត​ផង៕

ហ៊ីម រដ្ឋា

ព័ត៌មានថ្មីៗ