មុន​ពេល​​បង្កើត​ក្រុម​ហ៊ុន ​Didi​ ក្នុង​ឆ្នាំ​ ២០១២ ​​ដែល​ជា​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ហៅ​ជិះ​លំដាប់​ថ្នាក់​ពិភព​លោក​ លោក​ Cheng ​Wei​ ត្រឹម​តែ​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​លក់​ម្នាក់​ប៉ុណ្ណោះ​​នៅ​​ក្រុម​ហ៊ុន​ Alibaba​។ ​លោក​បង្កើត​កម្មវិធី​ Didi​ ដោយ​សារ​តែ​ការ​ធុញ​ទ្រាន់​នឹង​កង្វះ​តាក់​ស៊ី​ជិះ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​អាជីវកម្ម​។ ការ​ធុញ​ទ្រាន់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​គិត​រក​ដំណោះ​ស្រាយ​។​


ដូច​ជា​បច្ចេក​វិទ្យា​របស់​ក្រុម​ហ៊ុន​ Baidu ​​ក្រុម​ហ៊ុន​ Alibaba ​​និង ​Tencent ​ដែរ ​ក្រុម​ហ៊ុន​ Didi ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស មុន​ពេល​ចាប់​ផ្ដើម​ធ្លាក់​ទៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ ​ក្រោយ​ចុះ​បញ្ជី​​​ចាប់​​ផ្តើម​​​លក់​​​ភាគ​ហ៊ុន​​ដំបូង​​​ជា​​សាធារណៈ ​(IPO) ​​នៅ​ក្រុង​ញូវយ៉ក​កាល​ពី​ចុង​ខែ​មិថុនា​​​​​​។​


នៅ​​​​ពេល​​​​ដែល​​​​លោក​​​​ ​Cheng បង្កើត​ Didi សេវាកម្ម​ហៅ​​តាក់​ស៊ី​ជិះ​មិន​ជា​ប្រា​កដ​​ប្រជា​ស្រប​តាមច្បាប់​​ប្រទេស​ចិន​ទេ​ ហើយ​តាក់ស៊ី​ធម្មតា​គ្រប​ដណ្ដប់​លើ​ទីផ្សារ​​ ដោយកង្វះ​​តាក់ស៊ី​ជិះ​នៅ​ពេល​នោះ​ គឺ​ជា​រឿង​ធម្មតា​។​​រហូត​ដល់​ថ្ងៃ​ទី​ ២៨ ​ខែ​ កក្កដា​ ឆ្នាំ ​២០១៦ ​​សេវាកម្ម​ហៅ​​រថយន្ត​ជិះ​ ក៏​ក្លាយ​ជា​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន​។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​Didi​ ក៏​ទិញ​យក​ក្រុម​ហ៊ុន ​Uber ​នៅ​​ចិន​​។


ក្រុម​ហ៊ុន ​Didi បាន​បន្ត​ពង្រឹង​ប្រតិបត្តិការ​របស់​ខ្លួន​លើ​​សេវាកម្ម​ហៅ​​តាក់ស៊ី​ជិះ​នៅ​ចិន​ ហើយ​ក្នុង​ឆ្នាំ​ ២០១៨ ​ក្រុម​ហ៊ុន​នេះ​គ្រប់​គ្រង​ដណ្ដប់​ ៩០ ភាគរយ​​នៃ​ទីផ្សារ​ចិន​ និង​ឆ្នាំ​ដដែល​នោះ​ ក្រុម​ហ៊ុន​ក៏​​​ពង្រីក​ខ្លួន​ទៅ​កាន់ឆាក​អន្តរជាតិ រហូត​មក​ទល់​ពេល​នេះ​មាន​ ១៤ ​​ប្រទេស​​ដូច​ជា ​​អូស្ត្រាលី ​ប្រេស៊ីល ​និង​ម៉ិកស៊ិក​ជា​ដើម​។​ គិត​ត្រឹម​ត្រីមាស​ទី​១​ នៃ​ឆ្នាំ​នេះ​ កម្មវិធី​ទូរស័ព្ទ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​ជិត​ ១៦០ លាន​នាក់​ ដោយ​រាប់​តែ​​ក្នុង​ប្រទេស​ចិន​១គត់​ ពោល​គឺ​ជិត​ទ្វេ​ដង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ដែល​ក្រុម​ហ៊ុន​ Uber ​​​មាន​នៅ​ទូទាំង​ពិភព​លោក​។


យ៉ាង​ណា​មិញ​ ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​ក្រុម​ហ៊ុន​ក៏​រួម​បញ្ចូល​ទាំង​ភាព​ចម្រូង​ចម្រាស​ដែរ​។​ នៅ​ឆ្នាំ​ ២០១៨​ អ្នក​ដំណើរ​ជា​ស្ត្រី​២​នាក់​ត្រូវ​បាន​​អ្នក​បើក​បរ​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ Didi ​ផ្អាក​ប្រតិបត្តិការ​នៅ​កន្លែង​ចត​រថយន្ត​របស់​ខ្លួន​។​ ឃាតកម្ម​នេះ​​នាំ​ឱ្យ​រដ្ឋាភិបាល​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន Didi​ ឱ្យ​ចែក​រំលែក​ទិន្នន័យ​ពេល​វេលា​ពិត​ ជាមួយ​អាជ្ញាធរ​អំពី​យាន​យន្ត​ និង​អ្នក​បើកបរ​របស់​ខ្លួន​ អ្វី​ដែល​ក្រុម​ហ៊ុន​​ប្រឆាំង​យូរ​មក​ហើយ​។​ ក្រោយ​មក​នៅ​ចុង​ឆ្នាំ ២០១៨ ​ក្រុម​ហ៊ុន​ក៏​ព្រម​ជា​មួយ​រដ្ឋាភិបាល​។​


ប៉ុន្តែបញ្ហមិន​បាន​ចប់​នោះ​ទេ​ ​ក្រោយ​​ក្រុង​ប៉េកាំង​ ចេញ​វិធានការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​អ៊ិនធឺណិត​ដែល​ខ្លួន​ខ្លាច​រីក​ចម្រើន​ជ្រុល​ និង​មាន​ឥទ្ធិពល​​បណ្តាល​ឱ្យ​មាន​​បញ្ហា​ជះ​ឥទ្ធិពល​ដល់​បច្ចេកវិទ្យា ​ការ​អប់រំ​ ការ​កំសាន្ត​ និង​ឧស្សាហកម្ម​ដទៃ​ទៀត​​។​

​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី​ ស៊ី ជិនភីង​ ​(Xi Jinping) ​បក្ស​កុម្មុយនី​ស្ត ​កំពុង​ធ្វើ​ចលនា​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​ពង្រឹង​សហគ្រាស​ឯកជន​ដោយ​គ្មាន​ការ​រឹត​ត្បឹត​ ហើយ​ផ្ញើ​សញ្ញាយ៉ា​ង​ច្បាស់​ថា​ ក្រុម​ហ៊ុន​ចិន​ត្រូវ​តែ​ធ្វើ​ការ​ឱ្យ​ជាប់​ជាមួយ​រដ្ឋាភិបាល​។​ ក្រុម​ហ៊ុន​ដែល​ធំ​ធាត់​លឿន​ពេក​ នឹង​ត្រូវ​​ត្រួត​ពិនិត្យ​ដើម្បី​ធានា​ថា ​ពួក​គេ​ស្រប​តាម​អាទិភាព​របស់​រដ្ឋាភិបាល​។​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ​ក្រុម​ហ៊ុន​ Didi​ ជួប​បញ្ហា​នៅ​ពេល​ខ្លួន​ឈាន​​ទៅ​​មុខ​ជាមួយ​ការ​ចុះ​បញ្ជី​ការ​ចាប់​ផ្តើម​​លក់​​ភាគ​ហ៊ុន​​ដំបូង​​ជា​​សាធារណៈចំនួន ​៤,៤ ​ប៊ីលាន​ដុល្លារ​នៅ​ក្រុង​ញូវយ៉ក​ ​ទោះ​បី​ជា​​ក្រុង​ប៉េកាំង​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ក្ដី​។​

និយតករ​​ចិន​សម្តែង​ការ​ព្រួយ​បារម្ភ​ អំពី​សុវត្ថិភាព​ទិន្នន័យ​ ដោយ​ថែម​ទាំង​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ពន្យារ​ការ​ចុះ​បញ្ជី​របស់​ខ្លួន។​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​បន្ទាប់​ពី​ក្រុម​ហ៊ុន​របស់​លោក​ Cheng​ មិន​ពន្យា​ពេល​តាម​ការ​ស្នើ​សុំ​រដ្ឋបាល ​Cyberspace ​​ចិន​​​ក៏​ហាម​ឃាត់​កម្មវិធី ​Did ពី​ហាង​លក់​កម្មវិធី​អញឡាញ​​​រារាំង​ក្រុម​ហ៊ុន​មិន​ឱ្យ​ចុះ​ឈ្មោះ​អ្នក​ប្រើប្រាស់​ថ្មី​ ដោយ​និយាយ​ថា​វា​​បង្ក​ហានិភ័យ​ផ្នែក​សុវត្ថិភាព​អ៊ិនធឺណិត​សម្រាប់​អតិថិជន​។​

អ្នក​ឃ្លាំ​មើល​អ៊ិនធឺណិត​​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ថា​ បាន​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​អ្នក​ប្រើប្រាស់​ខុសឆ្គង​ដោយ​ខុស​ច្បាប់​ ដែល​ជា​បណ្តុំ​នៃ​ទីតាំង​ និង​ផ្លូវ​ដែល​មាន​ព័ត៌មាន​រសើប​អំពី​ចរាចរណ៍​ ផ្លូវ​ថ្នល់​ និង​​ពល​រដ្ឋ​ចិន​។​ ការ​ហាម​ឃាត់​កម្មវិធី​ Didi ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​លើ​ភាព​ឯកជន​ និង​ការ​អនុវត្ត​ការ​ប្រមូល​ទិន្នន័យ​​ ដែល​​ជា​ការ​គំរាម​កំហែងមួយ​​ដល់​ការ​រីក​ចម្រើន​នាពេល​អនាគត​របស់​ក្រុម​ហ៊ុន​នេះ​។

របាយការណ៍​ពី​ក្រុម​ហ៊ុន​ Aurora Mobile ​ចេញ​ផ្សាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​បង្ហាញ​ថា​ ក្រុម​ហ៊ុន​បាត់​បង់​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ប្រចាំថ្ងៃ​របស់​ខ្លួន​ជាង​ ៣០ ​ភាគ​រយ​ បន្ទាប់​ពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្រោយ​ការ​ចុះ​បញ្ជី​នៅ​ក្រុង​ញូវយ៉ក​របស់​ក្រុម​ហ៊ុន​យក្ស​មួយ​នេះ​។​

ពេល​នេះ​ នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុម​ហ៊ុន​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ដ៏​លំបាក​មួយ​ គឺ​ការ​ធ្វើ​ឱ្យ​និយតករ​នៅ​ក្នុង​ស្រុក​ និង​វិនិយោគិន​នៅ​ក្រៅ​ប្រទេស​ស្ងប់​ចុះ​ ស្រប​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​។​ ក្រុម​ហ៊ុន​របស់​សេវាកម្ម​ហៅ​ជិះ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​ ដោយ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ធ្លាក់​ចុះ​ជាង​ ៤០ ​ភាគ​រយ​ ចាប់​តាំង​ពី​និយតករ​​ចាប់​ផ្តើម​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​ ដោយ​លុប​ចោល​តម្លៃ​ទីផ្សារ​ចំនួន​ ៣៤ ​ប៊ី​លាន​ដុល្លារ​​។​

​សម្ពាធ​អាច​ជា​បញ្ហា​វាតទី​របស់​ Didi​ នៅ​លើ​ទីផ្សារ​ចិន​ លុះ​ត្រា​តែ​ក្រុម​ហ៊ុន​អាច​ផ្គាប់​ចិត្ត​បក្សកុម្មុយនី​ស្ត​​ដែល​កំពុង​កាន់​អំណាច​។​ ជាមួយ​គ្នា​នោះ​ក្រុម​ហ៊ុន​ក៏​រង​នូវ​កំហឹង​ និង​ការ​សង្ស័យ​ពី​វិនិយោគគិន​បរទេស​ផង​ដែរ​។​ សមាជិក​សភា​ និង​វិនិយោគិន​អាមេរិក​​អំពាវនាវ​ឱ្យ​គណៈកម្មការ​មូលបត្រ​អាមេរិក​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ដួល​រលំ ​IPO របស់​ក្រុមហ៊ុ​ន ​Didi​។​

ក្រុម​អ្នក​វិភាគ​របស់​ក្រុម​ហ៊ុន ​​Eurasia​ និយាយ​ថា​ ការ​ទាមទារ​បែប​នេះ​នឹង​បង្កើន​សម្ពាធ​នយោបាយ​យ៉ាង​ខ្លាំង​លើនិយតករ​​​ដើម្បី​អនុវត្ត​ច្បាប់​នាពេល​ថ្មី​​ៗ​នេះ​ដែល​រា​រាំង​ក្រុម​ហ៊ុន​ដែល​មិន​រួម​សហការ​ជា​មួយ​​មន្រ្តី​គណនេយ្យ​អាមេរិក​ពី​ការ​ជួញ​ដូរ​នៅ​ផ្សារ​ហ៊ុន​អាមេរិក​។​ចំពោះ​អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ​Cheng ​ក្នុង​ការ​បន្ត​ជាមួយ ​IPO​ ហាក់​ដូច​ជា​ការ​យល់​ច្រឡំ​ឬ​មិន​​​ប្រយ័ត្ន​។​

​លោក​​Alex Capri ​អ្នក​ស្រាវ​ជ្រាវ​នៅ​មូលនិធិ​ Hinrich​ និយាយ​ថា​៖​ «​គ្មាន​ក្រុម​ហ៊ុន​ចិន​ណា​អាច​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កុម្មុយនី​ស្ត​ចិន​ដោយ​បើក​ចំហ​ ហើយ​រំពឹង​ថា​នឹង​មាន​ការ​អត់​ធ្មត់​នោះ​ទេ​។​ ក្រុម​ហ៊ុន​ធ្វើ​ហួស​​ និង​ខ្លាំង​ក្លា​ពេក​សម្រាប់​ផល​ប្រយោជន៏​របស់​ខ្លួន​ ដោយ​ធ្វើ​ហួស​កម្រិត​ដឹកនាំ​របស់​ចិន​រួច​ទៅ​ហើយ​»​។​

​លោក​ Winston Ma សាស្ត្រាចារ្យ​ជាប់​កុងត្រា​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក​ច្បាប់​និយាយ​ថា​ ក្រុមហ៊ុន​អាច​មាន​យុត្តិកម្ម​ខ្លះ​ក្នុង​ទម្រង់​ជា​សម្ពាធ​វិនិយោគិន​ក្នុង​ការ​ចុះ​បញ្ជី​​ព្រោះ​ក្រុម​ហ៊ុន​នេះ​​រៃ​អង្គាស​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ទុន​។ ​

លោក​បន្ត​ថា​ ហេតុផល​មួយ​ទៀត​សម្រាប់​ភាព​បន្ទាន់​ គឺ​ច្បាប់​សន្តិសុខ​ទិន្នន័យ​ថ្មី​ដែល​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​កញ្ញា​​ តម្រូវ​ឱ្យ​អង្គភាព​ចិន​ទាំង​អស់​ទទួល​​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​មុន​ពេល​ផ្តល់​ទិន្នន័យ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ចិន​ដល់​ទីភ្នាក់ងារ​បរទេស​ ឬ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​។​

​ក្រុម​ហ៊ុន Didi​ នៅ​តែ​ដំណើរការ​​ក្នុង​ប្រទេស​ចិន​ ចាប់​តាំង​ពី​អ្នក​ប្រើប្រាស់​ដែល​​ទាញ​យក​កម្មវិធី​មុន​ការ​ហាមឃាត់​កាល​ពី​ខែ​កក្កដា ​មាន​សិទ្ធិ​ចូល​ប្រើ​ ហើយ​ក្រុម​ហ៊ុន​​ទទូច​ថា​ ខ្លួន​នៅ​តែ​រក្សា​ប្រតិបត្តិការ​ទូទាំង​ពិភព​លោក​ធម្មតា​។​ ប៉ុន្តែ​កម្មវិធី​ជាច្រើន​​កំពុង​ប្រជែង​គ្នា​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពីប​ញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន​មួយ​នេះ​ ដោយពង្រីក ជំហាន​លើ​ទីផ្សារ​របស់​ខ្លួន​តាម​ការ​ពង្រីក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​ការ​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​ ដូច​ជា​ក្រុម​ហ៊ុន​ Meituan​ និង​សេវាកម្ម​មួយ​ចំនួន​ទៀត​ដែល​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន ​Alibaba​ និង​ Geely Auto​ ជា​ដើម៕

ហួន ឌីណា