អាជ្ញាធរ​ស៊ូ​ដង់​ បាន​រាយ​ការណ៍​ពី​ការ​ប៉ុន​ប៉ង​ដែល​ទទួល​បាន​បរាជ័យ​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបា​លអន្តរកាល​របស់​ប្រទេស​នេះ ដោយ​ស្តី​បន្ទោស​ «មន្រ្តី​យោធា​និង​ជន​ស៊ីវិល​» ពី​អតីត​រដ្ឋាភិ​បាល​របស់​ប្រធានាធិបតី​ Omar al-Bashir។


នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ស៊ូដង់​ លោក​ Abdallah Hamdok ​ថ្លែង​ចំពោះ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា៖​ «ជាការ​ពង្រឹង​ការ​ប៉ុន​ប៉ង​លើ​ការ​ផ្តួល​រំ​លំមុ​នៗ» ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​អន្តរកាល​ដែល​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​មេ​ដឹក​នាំ​ al-Bashir ​ត្រូវ​បាន​ដកចេញ​ពី​អំណាច​នៅ​ឆ្នាំ​ ២០១៩​។


លោក​នាយក​រដ្ឋ​មន្ត្រី​បន្ត​ថា​៖ «ពួក​គេ​បាន​ព្យាយាម​ទាញ​យក​ផល​ប្រយោជន៍​ពី​ស្ថាន​ភាព​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​ដោយ​បិទ​ច្រក​និង​ផ្លូវ​។ ពួក​គេ​ក៏​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​វិបត្តិ​ជាតិ​ហើយព្យាយា​ម បញ្ឈប់​យើង​មិន​ឱ្យ​ឆ្ពោះ​ទៅ​មុខ​ក្នុង​អំឡុង​ពេល​អន្តរ​កាល​នេះ»​។


កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ​Hamza Baloul បាន​និយាយ​ថា ​មន្រ្តី​យោធា​និង​ជន​ស៊ីវិល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ ​al-Bashir បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ ​ប៉ុន្តែ​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ឆាប់​រហ័ស​។


លោក​បាន​បន្ថែម​ថា ​អាជ្ញាធរ​៖ «បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​នៃ​ផែន​ការ​បរាជ័យ​ដែល​ពាក់​ព័ន្ធ​នឹង​មន្រ្តី​យោធា​ និង​ជន​ស៊ីវិល​ដែល​មក​ពី​របប​ផ្តាច់​ការ​»។ យោធា​បាន​និយាយ​ថា​ ភាគច្រើន​នៃ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ត្រូវ​បាន​ចាប់​ខ្លួន​រួម​ទាំង​មន្រ្តី ១១ ​នាក់​ផងដែរ​៕


មឹង ច័ន្ទសុម៉ានីតា