​ប្រធានាធិបតី​បារាំង​ លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ណារិនដ្រា ម៉ូ​ឌី នៅ​ថ្ងៃ​អង្គារ បាន​ប្តេជ្ញា «​ធ្វើ​សកម្មភាព​រួមគ្នា​» នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយសារ​ជម្លោះ​កាន់តែខ្លាំង​ឡើងជា​មួយ​អូស្ត្រាលី និង​អាមេរិក​ ជុំវិញកិច្ចសន្យា​ទិញ​នាវាមុជទឹក​នាពេល​ថ្មីៗ​នេះ​។​


​ការពិភាក្សា​តាម​ទូរស័ព្ទ​រវាង​លោក​ម៉ា​ក្រុង​ជាមួយ​លោក ម៉ូ​ឌី បាន​កើតឡើង​ចំពេល​វេលា​មួយ​យ៉ាងច្បាស់​គឺ ខណៈដែល​កំហឹង​របស់​បារាំង​ហាក់ដូចជា​មិន​ថយចុះ​សោះ បន្ទាប់ពី​អូស្ត្រាលី​ដកខ្លួន​ចេញពី​កិច្ចសន្យា​នាវាមុជទឹក​ជា​មួយ​ខ្លួន ហើយ​បែរ​ទៅ​គាំទ្រ​ដល់​នាវាមុជទឹក​អាមេរិក​ដែលជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ជាមួយ​វ៉ា​ស៊ីន​តោន និង​ចក្រភព​អង់គ្លេស​។​


​មន្ត្រី​អាមេរិកបាន​និយាយថា​ ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃ​ដិ​ន កំពុង​ស្វែងរក​ការហៅ ទូរស័ព្ទ​ជាមួយ​លោក​ ម៉ា​ក្រុង នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ប៉ុន្តែ​នេះ​មិនទាន់ បានសម្រេច​ទេ​ដោយ​លោក​ម៉ា​ក្រុង បាន​ចាត់វិធានការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ការហៅ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ឱ្យ​ត្រឡប់​ចូល​ប្រទេស​បារាំង​វិញ​។​


​លោក​ ម៉ា​ក្រុង បាន​ធានា​ដល់​លោក ​ម៉ូ​ឌី​ អំពី​ការបន្ត​ប្តេជ្ញាចិត្ត របស់​បារាំង​ចំពោះ​ការពង្រឹង​ស្វ័យ​ភាព​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ​រួម​​ទាំង​មូលដ្ឋាន​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​របស់ខ្លួន​ដែលជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ ដោយ​ផ្អែកលើ​ការជឿទុកចិត្ត និង​ការគោរព​គ្នា​ទៅវិញទៅមក​។​


​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​របស់លោក​ ម៉ា​ក្រុង បាន​និយាយថា គោលដៅ​រួម​របស់​ប្រទេស​បារាំង និង​ឥណ្ឌា នឹងមាន​គោល​បំ​​ណង​លើកកម្ពស់​ «​ស្ថិរភាព​ក្នុង​តំបន់ និង​នីតិរដ្ឋ​ស្របពេល​ដែល​មិន​ប្រកាន់យក​នូវ​របប​អនុត្តរភាព​ណាមួយ​»​។​


​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ថ្មី​គឺ​ AUKUS ត្រូវបាន​គេ​មើលឃើញថា កំពុង​ព្យាយាម​ប្រឆាំងនឹង​ការ​កើន​ឡើង​នៃ​អំណាច​របស់​ចិន​នៅក្នុង​តំបន់​។ ​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​ព្យាយាម​រឹតចំណង​មិត្ត​ភាពជា​មួយ​ឥណ្ឌា​៖ នៅ​ឆ្នាំ ២០១៦ ភាគី​ទាំង​ ២ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​យន្តហោះ​ចម្បាំង Rafale របស់​បារាំង​ចំនួន ៣៦​ គ្រឿង ​សម្រាប់​ទីក្រុង​ញូ​វ​ដេលី​។​

​បណ្តាញសារព័ត៌មាន​ឥណ្ឌា​នាពេល​ថ្មីៗ​នេះ បាន​ប៉ាន់​ស្មានថា ការលុបចោល​កិច្ចព្រមព្រៀង​នាវាមុជទឹក​របស់​អូស្ត្រាលី​អាច​បង្កឱ្យមាន​ការពិភាក្សា​រវាង​បារាំង ​និង​ឥណ្ឌា អំពី​កិច្ចព្រមព្រៀង​នាវា​​មុជទឹក​ដែល​អាចពាក់ព័ន្ធ​នឹង​ការផ្ទេរ​បច្ចេកវិទ្យា​មក​ឥណ្ឌា​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ចនៅ​ទីក្រុង​ញូ​វ​ដេលី នៅ​ខែកញ្ញា​ឆ្នាំ​ ២០២០ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​អ្នកស្រី ​Florence Parly បាន​ពិភាក្សា​អំពី​គំនិត និង​ភាព​ដែល​អាចទៅរួច​ដែលថា​កិច្ច​ព្រម​ព្រៀង​ Rafale អាច​នាំឱ្យ​មានការ​​លក់​សព្វាវុធ​ផ្សេងទៀត​រួមទាំង​នាវាមុជទឹក នេះ​បើ​យោងតាម​ប្រភព​ក្រសួងការពារជាតិ​បារាំង​៕

​មឹង ច័ន្ទ​សុ​ម៉ា​នី​តា​