កាល​ពី​ថ្ងៃ​អង្គារ ទី ​២១ កញ្ញា​​ ប្រធានាធិបតី​ចិន​លោក​​ ​ស៊ី ជីនភីង​ បាន​និយាយ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ចំពោះ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា​ ប្រទេស​ចិន​ នឹង​មិន​សាងសង់​គម្រោង​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​បន្ថែម​ទៀត​នៅ​បរទេស​ ដែល​នេះ​ជា​ការ​បន្ថែម​លើ​ការ​ប្ដេជ្ញា​របស់​ចិន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។


លោក ​ស៊ី​ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ​ ប៉ុន្តែ​ប្រកាស​នេះ​អាច​មាន​ន័យ​ថា​ ចិន​អាច​នឹង​កាត់​បន្ថយ​ហិរញ្ញប្បទាន​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ប្រទេស​ចិន​ បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ការទូត​យ៉ាងខ្លាំង​ ដើម្បី​បញ្ចប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ធ្យូង​ថ្ម​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ពិភពលោក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បន្ត​ដំណើរ​តាម​គន្លង​ទៅ​កាន់​គោលដៅ​នៃ​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​ទីក្រុង​ប៉ារីស​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។


ការ​ប្រកាស​របស់​លោក​ ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ​អង់​តូនីញ៉ូ ហ្គុយតឺរេ​ស បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ ធ្វើ​ការ​ប្ដេជ្ញា​នេះ តាម​អ្វី​ដែល​សមភាគី​នៅ​ទ្វីប​អាស៊ី​កូរ៉េខាងត្បូង និង​ជប៉ុន​ បាន​ធ្វើ​កាល​ពី​ដើម​ឆ្នាំ​នេះ​។


លោក​ ស៊ី​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​វីដេអូ​ដែល​ថត​ទុក​មុន​ថា​៖ «ប្រទេស​ចិន ​នឹង​បង្កើន​ការ​គាំទ្រ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​ដទៃ​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ និង​ថាមពល​កាបូន​ទាប​ហើយ​នឹង​មិន​បង្កើត​គម្រោង​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​ថ្មី​នៅ​បរទេស​ឡើយ​»​។


លោក ​ស៊ី ​បាន​ធ្វើ​ការ​សន្យា​ម្ដង​ទៀត​ថា ​ប្រទេស​ចិន ​នឹង​សម្រេច​បាន​នូវ​កម្រិត​កាបូន​ខ្ពស់​បំផុត​មុន​ឆ្នាំ ២០៣០ ហើយ​អព្យាក្រឹតភាព​កាបូន​មុន​ឆ្នាំ ២០៦០​។ អ្នក​ជំនាញ​ខ្លះ​ បាន​រិះគន់​ថា​គោលដៅ​នេះ មិន​មាន​មហិច្ឆតា​គ្រប់គ្រាន់​ទេ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ចិន​ទាមទារ​មូលដ្ឋាន​សីលធម៌​លើ​បញ្ហា​នេះ ខណៈ​ពេល​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​រឿង​ក្លែង​ក្លាយ​ ហើយ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​។

ប្រទេស​ចិន ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក នៅ​តែ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ធ្យូងថ្ម​សម្រាប់​តម្រូវ​ការ​ថាមពល​ក្នុង​ស្រុក​របស់​ខ្លួន​៕