តាលីបង់​ស្នើ​តែងតាំង​ឯកអគ្គរដ្ឋទូត​ប្រចាំ ​អ.ស.ប​ មាន​​បញ្ហា​កាន់​តែ​ស្មុគស្មាញ​សម្រាប់​មហាសន្និបាត​

Content image - Phnom Penh Post
អ្នកនាំពាក្យជាន់ខ្ពស់របស់ក្រុមតាលីបង់លោក Zabihullah Mujahid មករដល់ដើម្បីធ្វើសន្និសីទកាសែតក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃទី២១ កញ្ញា។ AFP

កាល​ពី​ថ្ងៃ​អង្គារ ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ បាន​និយាយ​ថា ​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​ស្នើ​តែងតាំង​ឯកអគ្គរដ្ឋទូត​តំណាង​អាហ្វហ្គានីស្ថាន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ហើយ​វា​បង្ក​ជា​បញ្ហា​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​វិបត្តិ​ការទូត​ដ៏​ស្មុគស្មាញ​របស់​អង្គការ​អន្តរជាតិមួយ​​នេះ​។

សំណើ​តែងតាំង​នេះ​ ដែល​បាន​ផ្ញើ​ជូន​លោក​អគ្គលេខាធិការ​ អង់​តូនីញ៉ូ ហ្គុយ​តឺរេស​ កាល​ពី​ថ្ងៃ​ចន្ទ បង្កើត​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​របប​មុន​ គឺ​លោក ​ហ្គូឡាម អ៊ីសាក់ហ្សៃ​ដែល​រហូត​មក​ដល់​ពេល​នេះ ​បាន​រក្សា​តំណែង​របស់​លោក​។ ការ​ប្រឈម​មុខ​ដាក់​គ្នានេះ​​ប្រហែល​ជា​មិន​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ប៉ុន្តែ​បាន​លើក​លទ្ធភាព​នៃ​ក្រុម​តាលីបង់​ចូល​កាន់​អាសនៈ​ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​អង្គការ​សហប្រជាជាតិ​។

លោក​ ស្ដេហ្វាន ឌូចាររីក អ្នក​នាំ​ពាក្យ​របស់​លោក ហ្គុយតឺរេស​ បាន​បញ្ជាក់​របាយការណ៍​ព័ត៌មាន​ថា​លោក​អគ្គលេខាធិការ​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ការ​ស្នើ​សុំ​របស់​តាលីបង់​នៅ​ក្នុង​លិខិត​មួយ​ចុះហត្ថលេខា​ដោយ​លោក​ អាមៀ ខាន ម៉ុតតាគី ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ស្ដីទី​របស់​ក្រុម​តាលីបង់​។ លិខិត​នេះ​បញ្ជាក់​ថា ​ជម្រើស​ឯកអគ្គរដ្ឋទូត​របស់​តាលីបង់​គឺ​លោក​ ស៊ូហេល សាហ៊ីន​ ដែល​អ្នក​នាំ​ពាក្យ​របស់​ពួកគេ​ប្រចាំ​ទីក្រុង​ដូហា​ ប្រទេស​កាតា​។ លោក​ ម៉ុតតាគី ​ក៏​បាន​បង្ហាញ​ឆន្ទៈ​ចង់​ធ្វើ​ការ​ថ្លែង​សុន្ទរកថា​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​កំពុង​ស្ថិត​ក្នុង​សម័យ​ប្រជុំ​ទី​៧៦​ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។ ​

លោក ​ឌូចាររីក ​បាន​និយាយ​ថា​សំណើ​របស់​តាលីបង់​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​គណៈកម្មការ​សារតាំង​នៃ​មហាសន្និបាត​ ដែល​ជា​គណៈកម្មការ​មាន​សមាជិក ​៩ ​ប្រទេស​ ​រួមមាន​អាមេរិក​ និង​ចិន​ ទទួល​បន្ទុក​ត្រួត​ពិនិត្យ​សារតាំង​ឯកអគ្គរដ្ឋទូត​ពី​ប្រទេស​ជា​សមាជិក​។

ការ​ត្រឡប់​មក​កាន់​អំណាច​របស់​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​ដែល​នឹង​ពិភាក្សា​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​។ វិបត្តិ​ទាំង ២ ​នេះ ​បាន​បង្កើត​សំណួរ​ដ៏​ធំ​មួយ​សម្រាប់​មហាសន្និបាត​នោះ​គឺ​៖ តើ​អ្នក​ណា​ជា​តំណាង​ត្រឹមត្រូវ​របស់​ប្រទេស​នីមួយ​ៗ​?​

តាលីបង់​នៅ​តែ​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​។ ប្រទេស​ជា​ច្រើន​ រួម​ទាំង​អាមេរិក បាន​និយាយ​ថា​ រាល់​សំណើ​របស់​តាលីបង់​ទាមទារ​អាសនៈ​របស់​អាហ្វហ្គានីស្ថាន​នៅ​មហាសន្និបាត​ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​។

រីឯ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ របប​យោធា​បាន​ព្យាយាម​ធ្វើ​ការ​តែង​តាំង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ខ្លួន​ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​ធ្លាក់​ពី​អំណាច​កាល​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ បាន​រក្សា​តំណែង​របស់​លោក​នៅ​មហាសន្និបាត​៕

ព័ត៌មានថ្មីៗ