នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei​ លោក​​ស្រី ​Meng Wanzhou ដែល​ត្រូវ​ចាប់ខ្លួន​នៅ​កាណាដា​ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក​របស់​អាមេរិក ត្រូវបាន​ដោះលែង​មក​ប្រទេស​ចិន​វិញ​ក្រោម​កិច្ច​ព្រមព្រៀង​នៃ​ភាព​តានតឹង​ផ្នែក​ការទូត​ជាច្រើន​ឆ្នាំ​ចំពោះ​ជោគ​វាសនា​របស់​លោកស្រី​ ដែល​ប្រឈមមុខ​នឹង​ការធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​។


​ក្រុម​អ្នក​រិះគន់​និយាយថា ក្រុង​ប៉េកាំង​ប្រើការ​ចាប់ខ្លួន​ជនជាតិ​កាណាដា​ជា​នយោបាយ​ដោះ​ដូរ​។ លោក​ Michael Spavor​ និង​លោក Michael Kovrig​ ដែល​អាជ្ញាធរ​ចិន ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ចារកម្ម បន្ទាប់​ពី​ប៉ូលិស​ក្រុង ​Vancouver ចាប់​​ខ្លួន​លោកស្រី ​Meng ​ក្រោម​ដីកា​របស់​អាមេរិក​ត្រូវបាន​ដោះលែង​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កា​ណា ដា​វិញ​ក្រោយ​ជាប់​ឃុំឃាំង​ជាង ១ ០០០ ​ថ្ងៃ ​ក្នុងប្រទេស​ចិន​។


ថ្លែង​បន្ទាប់ពី​ការដោះលែង​នាយក​ប្រតិបត្តិ​រូបនេះ​អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការបរទេស​ចិន​លោកស្រី Hua Chunying ​និយាយថា ការចាប់ខ្លួន​លោក​ស្រី ​Meng គឺជា​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ប្រឆាំងនឹង​ជនជាតិ​ចិន​ក្នុង​គោល​បំ​ណង​គាបសង្កត់​សហគ្រាស​បច្ចេកវិទ្យា​ទំនើប​របស់​ចិន​ហើយ ​ចំណែកឯ​ការចោទប្រកាន់​វិញ​ គឺជា​រឿងប្រឌិត​។​រដ្ឋាភិបាល​ចិន​មិន​និយាយ​យ៉ាងណាទេ​ចំពោះ​សំណុំរឿង​ចាប់ខ្លួន​លោក​ Spavor​និង​លោក​ Kovrig ប៉ុន្តែ កន្លងមក ខ្លួន​ធ្លាប់​ច្រានចោល​ការចោទប្រកាន់​ម្ដង​ហើយ​ម្ដង​​ទៀត​ដែលថា ជនជាតិ​កាណាដា​ទាំង​ ២ ​រូប ​ត្រូវបាន​ចាប់ខ្លួន​ជា​ចំណាប់ខ្មាំង​។​


​យ៉ាងណាមិញ គេ​មើលឃើញថា ជំហាន​ចុង​ក្រោយនេះ​ជា​ដំណោះស្រាយ​ជម្លោះ​ដ៏​ក្តៅ​​គគុក​មួយ​ដែល​បង្ក​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ទោះបី​បញ្ហា​មួយចំនួន​ដែល​អា​​មេ​រិ​ក​ចោទ​ចិន​ដូចជា​សិទ្ធិមនុស្ស​ការគំរាមកំហែង​តាម​អ៊ីន​ធឺ​ណិ​ត​ការគំរាមកំហែង​របស់​ចិនក្នុង​ការប្រើ​កម្លាំង​ប្រឆាំង​តៃវ៉ាន់​ជាដើម​នោះ​មិន​ធូរស្បើយ​ក្ដី​។​


​លោក ​Donald C. Clarke ​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ឯកទេស​ចិន​នៅ​សាកលវិទ្យាល័យ​ George Washington ​និ​យាយ​ថា ភាព​រហ័ស​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ក៏​ជាការ​ព្រមាន​ដល់​មេដឹកនាំ​នៅក្នុង​ប្រទេស​ដ​ទៃទៀត​ថា រដ្ឋាភិបាល​ចិន​អាច​យក​ការដោះដូរ​ជនជាតិ​បរទេស​ជា​ឧបករណ៍​។


លោក​និយាយថា​៖ «​ក្នុងន័យ​មួយ ចិន​ពង្រឹង​ជំហរ​ចរចា​របស់ខ្លួន​នៅក្នុង​ការ​​ចរចា​នាពេល​អនាគត​ដូចនេះ​។​ ពួកគេ​បង្ហាញថា ប្រសិនបើ​អ្នក​ផ្តល់ឱ្យ​ពួកគេ​នូវ​អ្វីដែល​ពួកគេ​ចង់បាន ពួកគេ​នឹង​ផ្តល់ជូន​តាម​ការយល់ព្រម​»​។​

​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ​ហៅ​ប្រទេស​ចិន​ថា ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​ចំពោះ​ភាពលេច​ធ្លោ​របស់​អាមេរិក​។ ការដោះលែង​លោកស្រី​ Meng ​ឱ្យទៅ​ចិន​វិញ ធ្វើឡើង​ខណៈដែល​លោក​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​ដោយផ្ទាល់​លើកដំបូង​នៃ​ក្រុម​ប្រទេស ​Quad រួមមាន​សហរដ្ឋអាមេរិក​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ ក្រោម​ការភ័យខ្លាច​ឥទ្ធិពល​វាត​ទី​របស់​ចិន​នៅ​អាស៊ី​។​

​ខណៈដែល​មន្ត្រី​កាណាដា​ និង​រដ្ឋអាជ្ញា​អាមេរិកទទូចថា ខ្លួន​ចាត់ទុក​ករណី​របស់លោក​ស្រី​ Meng ​ថា ជា​រឿង​ផ្លូវច្បាប់​សុទ្ធ​សាធបញ្ហានយោបាយ​ក៏ត្រូវ​លេច​ចេញមក​តាំងពី​លោកស្រី​ត្រូវបាន​ចាប់ខ្លួន​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​ ២០១៨​។ លោកស្រី​ត្រូវ​ជាប់ឃុំ​ក្នុង​គេហដ្ឋាន​របស់ខ្លួន​ក្នុង​ក្រុង​ Vancouver ខណៈ​លោក​ Kovrig​ និង​លោក​ Spavor​ ត្រូវបាន​រាយការណ៍​ថា ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​លក្ខខណ្ឌ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​សហរដ្ឋអាមេរិក​ចោទប្រកាន់ថា ក្នុង​ឆ្នាំ​ ២០១៣ លោកស្រី​ Meng ​កុហក​ធនាគារ​វិនិយោគ​ HSBC ​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ Huawei នៅ​អ៊ី​រ៉ង់ និង​ធ្វើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​ប្រឈម​នឹង​ការរំលោភបំពាន​ទណ្ឌកម្ម​របស់​អាមេរិក​។​ ប៉ុន្តែ​មេធាវី​របស់លោក​ស្រី​អះ​​អាង​ថា លោកស្រី​មិនបាន​កុហក​នោះទេ ហើយ​ថា សំណុំរឿង​ប្រឆាំងនឹង​លោកស្រី គឺ​រំលោភ​នៃ​ដំណើរការ ជាពិសេស​ការ​​អត្ថាធិប្បាយ​របស់​អតីត​ប្រ​ធា​នា​ធិបតី ​ដូ​ណា​ល់ ត្រាំ ដែលថា​លោក​អាចធ្វើ​អន្តរាគមន៍​ ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ក្រុង​ប៉េកាំង​។​

​នៅពេលដែល​តុលាការ​កា​ណា​ដា​ស្ដាប់​ទឡ្ហីករណ៍​មាន​តម្រុយ​ដែលថា​វ៉ាស៊ីនតោន និង​ប៉េកាំង​កំពុង​ព្យាយាម​រក​ចំណុចរួម ហើយ​ការចរចា​រវាង​ក្រុម​របស់​លោកស្រី Meng និង​ក្រសួងយុត្តិធម៌​ចាប់ផ្តើម​ជាង ​១ ​ឆ្នាំ​មកហើយ​។ នេះ​បើ​យោងតាម​មនុស្ស​ម្នាក់​ដែល​ដឹង​ពី​ការចរចា​របស់​ក្រសួង​យុ​ត្តិ​​ធម៌​ជាមួយ​លោកស្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​កាលពី​សប្តាហ៍​មុន ប្រ​ធានា​ធិបតី ​បៃ​ដិ​ន សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ចិន​លោក ​ស៊ី ជីន​ភីង (Xi Jinping)​។ ភាគី​ទាំង​ ២ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​ ប៉ុន្តែ​មតិសាធារណៈ​របស់លោក​ ស៊ី ​លើកឡើងថា លោក​ចង់​កាត់បន្ថយ​ភាព​តានតឹង​។

លោក​ស៊ី​និយាយថា ភាគី​ទាំង​ ២ គួរតែ​នាំ​ទំនាក់​​ទំនង​ចិន​-​អាមេរិក ​ត្រឡប់​ទៅរក​ផ្លូវត្រូវ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​លោក​ John Kamm អ្នក​ជំនួញ​ជនជាតិ​អាមេរិក​ម្នាក់ ​ដែល​ធ្វើ​ការចរចា​ជាមួយ​មន្ត្រី​ចិន​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​និយាយថា ក្រុង​ប៉េកាំង​ក៏​អាច​ដោះលែង​ជនជាតិ​អា​មេ​រិ​កាំ​ង ​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ចិន និង​ជាប់​បម្រាម​មិនឱ្យ​ចេញពី​ចិន ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការទូត​។​

​ថ្វីបើ​លោកស្រី ​Meng ​ត្រូវបាន​ដោះលែង​ក្ដី អាជ្ញាធរ​អាមេរិក​មិនបាន​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ផ្សេងទៀត​ប្រឆាំងនឹង​ក្រុមហ៊ុន ​Huawei ឡើយ ជា​សញ្ញា​បង្ហាញថា ការប្រយុទ្ធ​គ្នា​រយៈពេល​ ១៥ ​ឆ្នាំ ​របស់​ក្រុង​វ៉ាស៊ីនតោន​ ប្រឆាំងនឹង​ក្រុម​បច្ចេកវិទ្យា​ចិន​នៅ​ឆ្ងាយ​ពី​ការ​​បញ្ចប់​។​

​លោក ​Alan Kohler ជំនួយការ​នាយក​ផ្នែក​ប្រឆាំង​ចារ​កម្ម​របស់ ​FBI និយាយ​កាលពី ថ្ងៃ​សុក្រ​ថា​៖ «​ក្រុម​អយ្យការ​របស់​យើង​នៅតែ​បន្ត​រៀបចំ​សម្រាប់​ការជំនុំជម្រះ​ប្រឆាំង​ក្រុមហ៊ុន​ Huawei ហើយ​

​យើង​រង់ចាំ​បង្ហាញ​ករណី​របស់​យើង​ប្រឆាំងនឹង​ក្រុមហ៊ុន​នៅ​តុលាការ​»​។

​យ៉ាងណាមិញ​ក្រុមហ៊ុន​ Huawei ដែល​បង្កើតឡើង​ដោយ​ឪពុក​របស់​លោកស្រី ​Meng លោក​ Ren Zhengfei ​និយាយថា ខ្លួន​នឹង​បន្ត​ការពារ​ខ្លួន​ប្រឆាំងនឹង​ការចោទប្រកាន់​នេះ​៕​

​ហួន ឌី​ណា​