អ៊ីស្តង់ប៊ុល​: ​លោក​ប្រធានាធិបតី​តួកគី​ រ៉េសិ​ប ​តៃ​​យី​ប ​អេរ​ដូហ្គែន​ ​(Recep Tayyip Erdogan) ​​និយាយ​ប្រាប់​ទូរទស្សន៍​អាមេរិក​CBS News​ថា​ តួកគី​ នឹង​ពិចារណា​ទិញ​ប្រព័ន្ធ​មីស៊ីល​ទីពីរ​របស់​រុស្ស៊ី​ដើម្បី​ប្រព័ន្ធ​ការពារ​ខ្លួន​ ទោះ​បី​មាន​ការ​ប្រឆាំង​​ជំទាស់​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក​ក្ដី​។​


ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ លោក ​អេរដូហ្គែន​ ​ និយាយ​ថា​ តួកគី​មិន​ត្រូវ​បាន​ផ្តល់​ជម្រើស​ក្នុង​ការ​ទិញ​មីស៊ីល​ Patriot​ដែល​​អាមេរិក​ផលិត​នោះ​ឡើយ​ ហើយ​អាមេរិក​ក៏​មិន​បាន​បញ្ជូន​យន្តហោះ​បំបាំង​កាយ​​ F-35 ​ទេ​ ទោះ​បី​ខ្លួន​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​ ១,៤​ប៊ីលាន​ដុល្លារ​ក៏​ដោយ​។​


​ប្រទេស​តួកគី​ដែល​ជា​សមាជិក​របស់​អង្គការ​ណាតូ​ ត្រូវបា​ន​ទាត់​ចេញ​ពី​កម្មវិធី​​F-35 ​ខណៈ​ពួក​មន្រ្តី​​ការពារ​ជាតិ​រង​​ទណ្ឌកម្ម​ ក្រោយ​ប្រទេស​នេះ​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល ​S-400 ​របស់​រុស្ស៊ី​។​ សហរដ្ឋ​អាមេរិក​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​រុស្ស៊ី​នៅ​ក្នុង​អង្គការ​ណាតូ​ដោយ​និយាយ​ថា​វា​បង្កការ​គំរាម​កំហែង​ដល់​យន្តហោះ ​F-35​ ។​យ៉ាង​ណា​មិញ​តួកគី​ថា​ខ្លួន​​​ប្រើ​ប្រព័ន្ធ​ការពារ​អាកាស​S-400 ​ជា​លក្ខណៈ​ឯករាជ្យ​​ដោយ​មិន​​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ណាតូ​ឡើយ​ដូច្នេះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​។​


​​កាល​ពី​ឆ្នាំ​ ២០២០ ​សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​តួកគី​​ជុំវិញ​ការ​ទិញ​​ប្រព័ន្ធ​​នេះ​ដោយ​ផ្គើន​​​ក្រោម​​ច្បាប់​​ CAATSA​ឆ្នាំ​​២០១៧​​ ​ក្នុង​​បំណង​​ទប់​ទល់​​ឥទ្ធិពល​​រុស្ស៊ី​​ ​ដែល​ជា​លើក​ទី១​ អាមេរិក​ប្រើ​ច្បាប់​នេះ​ដើម្បី​ដាក់​ទោស​ទណ្ឌ​​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​។​


​​លោក​អេរ​ដូហ្គែន ​ធ្លាប់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​ថា​ តួកគី​នឹង​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល​ថ្មី​បើ​ចាំ​បាច់​​ ដែល​បង្ក​ជា​បញ្ហា​មួយបន្ថែម​ទៀត​ក្នុង​ទំនាក់​ទំនង​តួកគី-អាមេរិក​​ពី​លើ​បញ្ហា​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​តួកគី​ ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​យុទ្ធជន​ឃើដ-ស៊ីរី​ដែល​តួកគី​ចាត់​ទុក​ថា ​ជា​ភេរវករ​ និង​ការ​ផ្ដល់​កន្លែង​ជ្រក​កោន​របស់​ក្រុងវ៉ា​ស៊ីនតោន​ដល់​បព្វជិត​​អ៊ិស្លាម​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​អង់ការ៉ា​មិន​បាន​សម្រេច​ក្នុង​ឆ្នាំ​ ២០១៦ ជា​ដើម​៕


ហួន​ ឌីណា​