ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ៥ នាក់ បាន​បាត់​បង់​ជីវិត ដោយ​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែលកាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅនៅ​តំបន់​West Bank។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Al Jazeera។


យោង​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីនមនុស្ស​ចំនួន២នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ទីប្រជុំជន Burqin ដែល​នៅ​ក្បែរ​ទីក្រុង Jenin ហើយ​៣នាក់​ទៀត​ ត្រូវ​បាន​សម្លាប់​នៅ​ទីប្រជុំជន Biddu ដែល​នៅ​ជិត​ទីក្រុង​ហ្ស៊េរុយសាឡិម។

សារព័ត៌មាន​ក្នុង​ស្រុក​ប៉ាឡេស្ទីន​ បាន​ចុះ​ផ្សាយ​ថា ហេតុការណ៍​នេះ​ កើត​ឡើង​បន្ទាប់​ពី​ខាង​អ៊ីស្រា អែល​ចូល​ឆែកឆេរ​នៅ​តាម​ផ្ទះ​ក្នុង​ភូមិ​ប៉ាឡេស្ទីន​មួយ​ចំនួនដែល​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​។


ចំណែក​ឯ​សារព័ត៌មាន​អ៊ីស្រាអែល​វិញបាន​ហៅ​ប្រតិបត្តិការ​យោធា​នេះថា​ជា​ប្រតិបត្តិការ​​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធHamasដែល​ជា​ចលនា​តស៊ូ​អ៊ិ​ស្លាម​របស់​ប៉ាឡេស្ទីន។ខាង​អ៊ីស្រាអែល​បាន​បន្ថែម​ថា ទាហាន​របស់​ខ្លួន​ចំនួន២នាក់​បាន​របួស​ធ្ងន់ធ្ងរ​ក្នុង​ប្រតិបត្តិការ​នេះ។


ប៉ាឡេស្ទីន​ជា​គោលការណ៍​មាន​សិទ្ធិ​ជា​រដ្ឋ​គ្រប់គ្រង​​មួយ​ចំនួន​នៅ​តំបន់ West Bank (ភាគ​កណ្ដាល​អ៊ីស្រាអែល) និង​តំបន់ Gaza (ជាប់​សមុទ្រ​មេឌីទែរ៉ាណេ)។ យ៉ាងណាមិញ ក្នុង​២តំបន់​នេះ ក៏​មាន​អាជ្ញាធរ​គ្រប់គ្រង​ផ្សេង​គ្នា​ផង​ដែរ ដោយ​តំបន់ West Bank គ្រប់គ្រង​ដោយ​អាជ្ញាធរ​ប៉ាឡេស្ទីន (PA) និង​តំបន់ Gaza គ្រប់គ្រង​ដោយ​ក្រុម Hamas៕


ហ៊ីម រដ្ឋា