កាលពី​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​រុស្ស៊ី​បានប្រកាស​បញ្ឈប់​បេស​ក​កម្ម​ការទូត​របស់​ខ្លួន​ទៅកាន់​អង្គការ​ណា​តូ បន្ទាប់ពី​អង្គការ​សម្ព័ន្ធភាព​យោធា​នេះ​បាន​បណ្ដេញ​មន្ត្រីការទូត​រុស្ស៊ី​ ៨ ​នាក់ ដោយ​និយាយថា ពួកគេ​


​គឺជា​ភ្នាក់ងារ​ចារកម្ម​។​


​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោក​ ស៊ែ​ហ្គី ឡាវ​រ៉ូ​វ​ បាន​និយាយថា ​រុស្ស៊ី​នឹង​ដកហូត​សារតាំង​បេសកកម្ម​ការទូត​របស់​ណា​តូ​ប្រចាំ​ក្រុង​មូ​ស្គូ ​នៅ​ថ្ងៃទី ​១ ខែវិច្ឆិកា ហើយ​ការិយាល័យ​ព័ត៌មាន​របស់​អង្គការ​នេះ​នៅ​រដ្ឋធានី​រុស្ស៊ី​នឹងត្រូវ​បាន​បិទ​។ លោក​ ឡាវ​រ៉ូ​វ ​និយាយថា ប្រសិនបើ​ណា​តូ​មាន​បញ្ហា​បន្ទាន់​​ណាមួយ ពួកគេ​អាចទាក់ទង​តាម​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​បែលហ្ស៊ិក​។​


​កាលពី​ថ្ងៃទី ​៦ តុលា ​អង្គការ​ណា​តូ​បាន​បណ្ដេញ​សមាជិក​បេសកកម្ម​ការទូត​របស់​រុស្ស៊ី ចំនួន​ ៨​ រូប​ ដោយ​និយាយថា​ពួកគេ​ជា «​មន្ត្រី​ចារកម្ម​រុស្ស៊ី​ដែល​មិនបាន​ប្រកាស​»​។ កាល​​នោះ​ក្រុង​មូ​៉​ស្គូ​បាន​និយាយថា ​ការបណ្ដេញចេញ​នេះ​បានធ្វើឱ្យ​ខូច​ក្តី​សង្ឃឹមថា ទំនាក់ទំនង​ជាមួយ​ស​ម្ព័​ន្ធ​ភាព​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​អាច​នឹងមាន​លក្ខណៈ​ធម្ម​តា​ឡើងវិញ​។​


​ជម្លោះ​នេះ​កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​លោកខាងលិច​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមត្រជាក់​។ រុស្ស៊ី​បាន​ចោទ​អង្គការ​ណា​តូ​ថា​ បានធ្វើ​សកម្មភាព​បង្កហេតុ​នៅ​ជិត​ព្រំដែន​របស់ខ្លួន ហើយ​បានធ្វើ​សមយុទ្ធ​ធំៗ របស់ខ្លួន​នៅ​ខែកញ្ញា​។ ណា​តូ​បាន​ប្ដេជ្ញា​ពង្រឹង​សន្តិសុខ​របស់​ប្រទេស​ជា​សមាជិក​មាន​ព្រំដែន​ជាប់​​ជាមួយនឹង​រុស្ស៊ី​៕


វីដេអូ៖