​ជនជាតិ​ឥណ្ឌូនេស៊ី​កាត់​ចិន ​នៅតែ​មិនអាច​គ្រប់គ្រង​ដីធ្លី​ក្នុង​ខេត្ត ​១ ​កាន់កាប់​ដោយ​ស្ដេចត្រាញ់​

Content image - Phnom Penh Post
ទិដ្ឋភាពខេត្ត​យ៉ូ​ក​យ៉ា​ការ​តា ប្រទេសឥណ្ឌូនេស៊ី។ រូបថត AFP

ជនជាតិ​ឥណ្ឌូនេស៊ី​សែស្រឡាយ​ចិន នៅតែ​មិនអាច​គ្រប់គ្រង​ដីធ្លី​បាន​នៅក្នុង​ខេត្ត​យ៉ូ​ក​យ៉ា​ការ​តា (Yogyakarta) ដែល​ស្ថិតនៅ​ភាគ​កណ្ដាល​នៃ​កោះ​ជ្វា ប្រទេស​ឥណ្ឌូនេស៊ី​។ ក្រុមមនុស្ស​ដែលមាន​ដើមកំណើត​ចិន​ទាំង​​នេះ​ អាចធ្វើ​បានត្រឹមតែ​ជួល​ដី​រហូតដល់​រយៈពេល ៣០​ ឆ្នាំ​ប៉ុណ្ណោះ តែ​មិនមាន​សិទ្ធិ​ក្នុងការ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​ដី​នៅក្នុង​ខេត្ត​នេះ​ទេ​។

​ខេត្ត​យ៉ូ​ក​យ៉ា​ការ​តា​ត្រូវបាន​កំណត់​ជា​តំបន់​ពិសេស​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​អភិបាលខេត្ត​នេះ​មិនត្រូវ​បានជ្រើសរើស​ឡើង​ដោយ​ការបោះឆ្នោត​ដូច​អភិបាលខេត្ត ឬ​ក្រុង​ផ្សេងៗ​នោះទេ ដោយសារតែ​តំណែង​នេះ​គឺ​បម្រុង​ទុក​សម្រាប់​ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​យ៉ូ​ក​យ៉ា​ការ​តា ដែល​សោយរាជ្យ​តកូនតចៅ​តាំងពី​សតវត្សរ៍​ទី​១៨ ​មកម្ល៉េះ​។ ខេត្ត​នេះ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ខេត្ត​រាជានិយម​នៅក្នុង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​។

​ការផ្ដល់​សិទ្ធិ​ពិសេស​សម្រាប់​តំបន់​នេះ​ មាន​ហេតុផល​ជាច្រើន តែ​ក្នុងចំណោម​ហេតុផល​ទាំងនោះ​ គឺ​ដោយ​​សារ​តែ​ស្ដេចត្រាញ់​ដែល​កាន់កាប់​តំបន់​នោះបាន​ផ្ដល់​ជាការ​គាំទ្រ​ដល់​ចលនា​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ហូ​ឡង់ ដែល​ដឹកនាំ​ដោយ​លោក ស៊ូ​កា​ណូ កាល​អំឡុង​ឆ្នាំ ​១៩៤៥ ដល់​ឆ្នាំ ​១៩៤៩​។

​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ហូ​ឡង់​មក ប្រទេស​ឥណ្ឌូនេស៊ី ​បានប្រកាសថា ជនជាតិ​ណាក៏ដោយ​មិន​ថា ជនជាតិភាគតិច​ចិន ឬ​ជនជាតិ​ជ្វា​នោះទេ សុទ្ធ​តែមាន​សិទ្ធិ​ដូចៗ​គ្នា​។ យ៉ាងណាក៏ដោយ ស្រប​ពេលដែល​ខ្លួន​មាន​សិទ្ធិ​ស្វយ័ត​ពិសេស រាជការ​ខេត្ត​យ៉ូ​ក​យ៉ា​ការ​តា ​នៅតែ​អនុវត្ត​ច្បាប់​មួយ​របស់​ហូ​ឡង់ ដែល​អនុម័ត​នៅ​ឆ្នាំ​ ១៨៧០​។

​នៅពេលនោះ រដ្ឋាភិបាល​អាណា​​និគម​ហូ​ឡង់​បានចេញ​ក្រឹត្យ​មួយ ដែល​តម្រូវឱ្យ​ជនជាតិ​អឺរ៉ុប និង​ជនជាតិ​អាស៊ី (​កាលនោះ​មានដូចជា ចិន ឥណ្ឌា និង​អារ៉ាប់​) បានត្រឹមតែ​ជួល​ដី​ប៉ុណ្ណោះ ខណៈ​ជនជាតិដើម​នៅលើ​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​ទើប​អាច​កាន់កាប់​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​។

​នៅ​ឆ្នាំ ​១៩៧៥ រដ្ឋបាលខេត្ត​យ៉ូ​ក​យ៉ា​ការ​តា​ បានអនុម័ត​ជា​ផ្លូវការ​ក្នុងការ​​ប្រើប្រាស់​ច្បាប់​ខាងលើនេះ ដោយ​មានតែ​ជនជាតិ​ឥណ្ឌូនេស៊ី​សុទ្ធ​ប៉ុណ្ណោះ ​ទើប​អាច​កាន់កាប់​ប្លង់ដី​បាន រីឯ​ក្រុមមនុស្ស​ដែលមាន​សែស្រឡាយ​កាត់​ចិន​អាចធ្វើ​បានត្រឹមតែ​ជួល​ដី​បានតែ ៣០ ​ឆ្នាំ​ប៉ុណ្ណោះ​។

​អ្នកស្រី Kezia Dewi ​ដែលជា​បេ​ក្ខ​នារី​ថ្នាក់បណ្ឌិត​កំពុង​សិក្សា​នៅ​សាកល​-​វិទ្យាល័យ​បែលហ្ស៊ិក KU Leuven ​យល់ឃើញថា មូល​ហេតុដែល​ធ្វើឱ្យ​ខេត្ត​យ៉ូ​ក​យ៉ា​ការ​តា​អនុវត្ត​ច្បាប់​នេះ​ គឺ​ដោយសារតែ​ចង់​ហាមឃាត់​មិនឱ្យ​ជនជាតិភាគតិច​ចិន កាន់កាប់​ចំណែក​ណាមួយ​នៅក្នុង​ខេត្ត​នេះ​។

​ជនជាតិភាគតិច​ចិន ត្រូវបាន​អ្នក​រស់​​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ មើលឃើញថា ជា​ពួក​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​នៅក្នុង​ប្រទេស​នេះ​។ យ៉ាងណាមិញ អ្នកស្រី Dewi​ បាន​ពន្យល់​ប្រាប់​សារព័ត៌មាន South China Morning Post ថា ពួក​អ្នកមានៗ​គឺមាន​ភាគតិច​ប៉ុណ្ណោះ​ក្នុងចំណោម​ជនជាតិដើម​កំណើត​ចិន​សរុប​។ អ្នកស្រី​បន្តថា​៖«​អ្នកកាន់កាប់​ដីធ្លី​ធំៗ​គឺជា​ជនជាតិ​ចិន ១​ ភាគ​តូច​ប៉ុណ្ណោះ ក្នុងចំណោម​ជនជាតិ​ចិន​ទាំងមូល​...​ជន​ជាតិចិន​ផ្សេងទៀត​ត្រូវ​បង់ថ្លៃ​ជួល​ដី ជួល​ផ្ទះ​ទៅឱ្យ​ម្ចាស់​ដី ដូចជា​ពួក​ជ្វា​ដែរ​»​។

​ច្បាប់​នៅក្នុង​ខេត្ត​យ៉ូ​ក​យ៉ា​ការ​តា​នេះ ​ត្រូវបាន​អ្នកតស៊ូ​មតិ​ជាច្រើន​តវ៉ា​ជា​ច្រើនសា​មកហើយ តែ​មកទល់​ពេល​​នេះ នៅ​មិនទាន់មាន​ផ្លែផ្កា​អ្វី​នៅឡើយ ហើយ​ក្នុង​រដ្ឋការ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏​មិនមាន​មាត់ក​អ្វី​ដែរ​។

​លោក Kus Sri Antoro ​អ្នកស្រាវជ្រាវ​លើ​ផ្នែក​ដីធ្លី​នៅ​ខេត្ត​យ៉ូ​ក​យ៉ា​ការ​តា​បាន​យល់ឃើញថា បញ្ហា​នេះ​នៅតែ​មិនអាច​ដោះស្រាយបាន ព្រោះតែ​ផល​ប្រ​​យោជន៍​សេដ្ឋកិច្ច​ចូល​ឡូកឡំ​ជាមួយ​។​

«​នៅទីនេះ​អ្នកគ្រប់គ្រង​មូលដ្ឋាន និង​បក្ខពួក​របស់​ពួកគេ ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​ណាស់​។ ពួក​ជនរងគ្រោះ​អ្នកមានៗ (​សំដៅលើ​ជនជាតិ​ចិន​វណ្ណៈ​ខ្ពស់​) សុខចិត្ត​មិន​ធ្វើទុក្ខបុកម្នេញ​ដល់​អាជ្ញាធរ ដោយសារតែ​ស្ថានភាព​បច្ចុប្បន្ននេះ​ជា​ផលចំណេញ​សម្រាប់​ពួកគេ ចំណែកឯ​អ្នក​ដែល​មិនសូវ​ជាមាន​បាន នៅ​សំងំស្ងៀម ដោយសារតែ​ខ្លា​ចឡើង​តុលាការ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រាវជ្រាវ​រូបនេះ​ប្រាប់ ​South China Morning Post​។

​ជនជាតិ​ចិន​បានធ្វើ​ដំណើរ​ពនេចរ​ម​ក​កាន់​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​តាំងពី​រាប់រយ​ឆ្នាំមុន​មកម្ល៉េះ​។ នៅពេល​ប​ច្ចុ​​ប្បន្ន​នេះ ជនជាតិ​សែស្រឡាយ​ចិន​មាន​ចំនួន​សរុប​ជិត ៣ ​លាន​នាក់​។

​បើតាម​អ្នកស្រី Dewi ​ជន​ជាតិចិន​ទាំងនេះ​ ដើមឡើយ​រស់នៅ​លាយឡំ​ជាមួយ​ម្ចាស់​ស្រុក ហើយ​ថែមទាំង​ផ្សារ​សាច់​ផ្សារ​ឈាម​នឹង​គ្នា​ទៀតផង ប៉ុន្តែ​ក្រោយ​ពេលដែល​ពួក​ហូ​ឡង់​មកដល់​នៅ​សតវត្សរ៍​ទី​១៧ របប​អាណានិគម​ហូ​ឡង់​បាន​បែង​ចែកជា ៣​ វណ្ណៈ ដោយ​ជនជាតិ​ហូ​ឡង់​ស្ថិតនៅលើ​គេ ហើយ​ជនជាតិ​ចិន​នៅ​កណ្ដាល និង​ជនជាតិ​ម្ចាស់​ស្រុក​ជា​វណ្ណៈ​ក្រោម​គេ​។

​ដោយសារតែ​ការបែងចែក​នេះហើយ ទើប​ធ្វើឱ្យ​ទស្សនៈ​ដែលថា «​ចិន​ជា​អ្នក​មាន​» បង្កប់​នៅក្នុង​ចិត្ត​ជនជាតិ​ឥណ្ឌូនេស៊ី​ភាគច្រើន​រហូតដល់​សព្វ​ថ្ងៃ ហើយ​ធ្លាប់​បង្ក​ជា​សោកនាដកម្ម​សម្លាប់​រង្គាល​ដូចជា នៅ​ឆ្នាំ ​១៩៦៥ អំឡុងពេល​មាន​ភាព​ប្រទាញប្រទង់​នយោបាយ​នៅពេលដែល​បិតា​ឯករាជ្យ​ជាតិ​ឥណ្ឌូនេស៊ី​លោក ស៊ូ​កា​ណូ បាន​ថមថយ​ចុះ​អំណាច​។

​សោកនាដកម្ម​ដែល​កក្រើក​ពិភពលោក​ គឺ​នៅ​ឆ្នាំ ​១៩៩៨ នៅពេលដែល​មានការ​​ធ្វើ​ការតវ៉ា​ទាមទារ​ឱ្យ​លោក ស៊ូ​ហារ​តូ ចុះ​ចេញពី​តំណែង ជនជាតិ​ចិន និង​ពួក​ជាប់សែស្រឡាយ​ចិន​នៅ​ឥណ្ឌូនេស៊ី បាន​ក្លាយជា​គោលដៅ​ក្នុងការ​វាយប្រហារ សម្លាប់​រង្គាល និង​រំលោភ​ទៀតផង​៕

​ហ៊ីម រដ្ឋា​

ព័ត៌មានថ្មីៗ