តុលាការ​ឧទ្ធរណ៍​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​បាន​សម្រេច​ផ្ដល់​លិខិត​ឆ្លងដែន​ជា​បណ្ដោះអាសន្ន​ទៅ​ឱ្យលោក ណាជីប រ៉ាហ្សាក់ (Najib Razak) អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីតាម​សំណើ​របស់​លោក​ ដើម្បី​បានទៅ​ជួបជុំ​ជាមួយ​គ្រួសារ​របស់​លោក​នៅ​ប្រទេស​សិង្ហបុរី។


តុលាការ​ឧទ្ធរណ៍​អនុញ្ញាត​ឱ្យ​លោក រ៉ាហ្សាក់​ ប្រើប្រាស់​លិខិត​ឆ្លងដែន​រយៈពេល​ប្រមាណ ១ ខែ​ ដោយ​គិតចាប់ពី​ថ្ងៃ​ទី ២០ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ម៉ាឡេស៊ីលោក រ៉ាហ្សាក់​ មាន​បំណង​ទៅ​កំដរ​កូនស្រី​របស់​លោកដែល​ត្រៀម​នឹង​ឆ្លង​ទន្លេ​នៅ​ខែ​ក្រោយ។ អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ​បាន​លើកឡើង​ថា កូនស្រី​របស់​លោក​រស់​នៅ​ជាមួយ​ស្វាមី​របស់​នាងតែ​មិន​មានសមាជិក​គ្រួសារ​ណា​ផ្សេង​ទៀត ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​នោះ​ទេដូច្នេះ​ហើយ​ក្នុង​នាម​ជា​ឪពុកលោក​មាន​ភាពទទួលខុសត្រូវ​ក្នុង​ការ​មើល​ថែ​កូនស្រី​របស់​លោក។


តុលាការ​ជាន់​ទាប​កាល​ពី​សប្ដាហ៍​មុន ក៏​សម្រេច​ផ្ដល់​លិខិត​ឆ្លង​ដែន​ទៅ​ឱ្យ​ភរិយា​របស់​លោករ៉ាហ្សាក់​ផង​ដែរ។


អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូប​នេះ ​ត្រូវ​បាន​បញ្ចប់​តំណែង​កាល​ពី​ឆ្នាំ ២០១៨ ក្រោយ​ពី​ចាញ់​ការ​បោះឆ្នោត។ ក្រោយ​មក​លោក​ និង​ភរិយា​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​ពាក់ព័ន្ធ​នឹង​លួច​លុយ​ជាតិ​ពី​មូលនិធិ 1MDB ដែល​ជា​មូលនិធិ​វិនិយោគ​សាធារណៈ​ម៉ាឡេស៊ី។ កាល​ពី​ឆ្នាំ​មុន លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ តែ​លោក ​រ៉ាហ្សាក់ នៅ​តែ​បន្ត​ប្ដឹង​តវ៉ា​នៅ​សាលា​ឧទ្ធរណ៍៕


ហ៊ីម រដ្ឋា