កាល​ពី​ថ្ងៃ​អង្គារ​ ទី ​១៨ តុលា ​ប្រធាន​សហភាព​អ៊ឺរ៉ុប បាន​ប្រកាស​ថា​វ៉ាក់សាំង​កាពារ​កូវីដ ១៩​ ចំនួន​ជាង​ ១​ ពាន់​លាន​ដូស ​ត្រូវ​បាន​នាំ​ចេញ​ក្នុង​រយៈពេល​ ១០​ ខែ​ចុង​ក្រោយ​នេះ​។ បណ្តាប្រទេស G20 បានសន្យាថា ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងប្រព្រឹត្តទៅដោយភាពត្រឹមត្រូវជាងមុន បន្ទាប់ពីប្រធានអង្គការពាណិជ្ជកម្មពិភពលោកលោក Ngozi Okonjo-Iweala បានចង្អុលបង្ហាញកាលពីដើមខែនេះថា វ៉ាក់សាំងការពារកូវីដ ១៩ ជាង ៦ ពាន់លានដូស ដែលត្រូវបាននាំចេញទៅទូទាំងពិភពលោកមានតែ ១,៤ ភាគរយប៉ុណ្ណោះ បានទៅដល់ប្រទេសក្រីក្រ។


សហភាពអឺរ៉ុបបានដាក់ចេញនូវយន្តការត្រួតពិនិត្យការនាំចេញវ៉ាក់សាំង​ ដែលត្រូវបញ្ជូនទៅក្រៅប្រទេសត្រូវមានការយល់ព្រមជាមុនពីទីក្រុងប្រ៊ុចសែល និងរដ្ឋជាសមាជិក។

គួរបញ្ជាក់ផងដែរថា ចំពោះការនាំចេញវ៉ាក់សាំងនេះមានតែការដឹកជញ្ជូនមួយប៉ុណ្ណោះ ដែលមានផ្ទុកវ៉ាក់សាំងការពារកូវីដ ១៩ ប្រភេទ Astrazeneca ចំនួន ២៥ ម៉ឺនដូស​សម្រាប់ប្រទេសអូស្ត្រាលី ត្រូវបានរារាំងកាលពីខែមេសា។


លោកស្រី Von der Leyen បាននិយាយថា៖ «យើងតែងតែចែករំលែកវ៉ាក់សាំងការពារកូវីដ ១៩ របស់យើងដោយយុត្តិធម៌ជាមួយពិភពលោកទាំងមូល។ យើងបាននាំចេញវ៉ាក់សាំងការពារកូវីដ ១៩ ស្មើនឹងបរិមាណដែលយើងផ្តល់ទៅប្រជាពលរដ្ឋក្នុងសហភាពអឺរ៉ុប»។


លោក​ស្រីបាននិយាយបន្ថែមថា សហភាពអឺរ៉ុប និងប្រធានាធិបតីអាមេរិក លោក Joe Biden មានបំណងកំណត់ការចែកចាយវ៉ាក់សាំងជាសកលប្រមាណ ៧០ភាគរយនៅត្រឹមឆ្នាំក្រោយ។


លោក​ស្រី​ Von der Leyen ប្រធាន​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​ជា​អ្នក​នាំ​ចេញ​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ធំ​ជាង​គេ។​ វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ចំនួន​ ៨៧​ លាន​ដូស ​ត្រូវ​បាន​នាំ​ចេញ​តាម​រយៈ​គម្រោង​ COVAX​ ដែល​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ទៅ​កាន់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ​និង​ទាប​។

ការ​នាំ​ចេញ​ភាគ​ច្រើន​ គឺ​ជា​ការ​បញ្ជា​ទិញ​ដែល​បង់ប្រាក់​ដោយ​ប្រទេស​ផ្សេង​ទៀត​ចំពោះ​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ដែល​ផលិត​នៅ​សហភាព​អឺរ៉ុប​៕