រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជាង ៥ ០០០ នាក់ ដែលបានជាប់គុកដោយសារការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈ។ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្មបង្ហូរឈាម បន្ទាប់ពីមេដឹកនាំយោធាដណ្តើមអំណាច។ មេដឹកនាំធ្វើរដ្ឋប្រហារ លោក មីន អ៊ុងឡាំង បាននិយាយថា អ្នកទោសចំនួន ៥ ៦៣៦ នាក់ នឹងត្រូវដោះលែងដោយហេតុផលមនុស្សធម៌។
វាបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីឧត្តមសេនីយ៍ លោក មីន អ៊ុងឡាំង ត្រូវបានគេដកចេញពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មេដឹកនាំតំបន់ដែលបាននិយាយថា យោធាមិនបានធ្វើ និងបំពេញកាតព្វកិច្ចគ្រប់គ្រាន់ ដើម្បីបញ្ចប់ភាពចលាចលក្នុងប្រទេសនោះទេ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមអញ្ជើញអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា មកជំនួសលោកឧត្តមសេនីយ៍ អ៊ុងឡាំង។ មនុស្សយ៉ាងតិច ១ ១៧៨ នាក់ ត្រូវបានគេសម្លាប់ និងមានជាង ៧ ៣៥៥ នាក់ ត្រូវបានចាប់ខ្លួនដោយសារបទចោទប្រកាន់ ឬផ្តន្ទាទោសក្នុងអំឡុងពេលបង្រ្កាបការប្រឆាំងដែលធ្វើឱ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបណ្តេញចេញពីអំណាច។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ។
ឧត្តមសេនីយ៍រូបនេះបាននិយាយថា អ្នកទោសនឹងត្រូវបានដោះលែងដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជានៅចុងខែតុលាខាងមុខនេះ។ នេះ គឺជាសម្បទានដ៏សំខាន់បំផុតដែលធ្វើឡើងដោយឧត្តមសេនីយ៍មីយ៉ាន់ម៉ារូបនេះ ចាប់តាំងពីពួកគេបានដណ្តើមអំណាចកាលពី ៨ ខែមុន។ ហើយវាមិនមែនជារឿងចៃដន្យទេដែលការបន្ធូរបន្ថយនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានភាពអាម៉ាស់ផ្នែកការទូត គឺលោកត្រូវបានគេរារាំងមិនឱ្យចូលរួមកិច្ចប្រជុំកំពូលដ៏ធំបំផុតរបស់តំបន់ដោយអាស៊ានមិនធ្លាប់មាន វិធានការខ្លាំងក្លាបែបនេះឡើយ ចំពោះប្រទេសជាសមាជិក៕
មឹង ច័ន្ទសុម៉ានីតា