នៅ​ពេល​ព្រឹកព្រលឹម​ចូល​មក​ដល់​ ព្រះសង្ឃ​​​ពុទ្ធសាសនា​ព្រះនាម​ Maha Bodhi Myaing Sayadaw ព្រះជន្ម ៨០​ ​វស្សា ​តែងតែ​និមន្ត​ចេញ​ពី​សមាធិ​ នៅ​លើ​វាល​ទំនាប​ភាគ​ខាង​ជើង​នៃប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​មក​ទទួល​ចង្ហាន់​ពី​អ្នក​ភូមិ​យ៉ាង​​ស្ងៀមស្ងាត់​។


លុះដល់​ឥឡូវ​នេះ ​ជា​រៀង​រាល់​ព្រឹក​ ហ្វូង​អ្នក​ធ្វើ​ធម្ម​យាត្រា​តែងតែ​តម្រង់​ជួរ​តាម​ផ្លូវ​ ដោយ​ពួគគេ​សង្ឃឹម​ថា ​នឹង​បាន​ឃើញ​ទិដ្ឋភាព​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​ដែល​បាន​ក្លាយ​ជា​និមិត្តរូប​​នៃ​ក្តី​សង្ឃឹម​ និងការ​លួង​លោម​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​រង​ការ​បំផ្លាញ​ដោយរដ្ឋ​ប្រហារ​។


ប្រទេស​មីយ៉ាន់ម៉ា ​ប្រឈម​​នឹង​វិបត្តិ​រយៈ​ពេល​ ៨ ខែ ចាប់​តាំង​ពី​មាន​វត្តមាន​យោធា​ ដែលពួកគេ​​បាន​ដណ្តើម​អំណាច​កាល​ពី​ខែកុម្ភៈ​កន្លងទៅ​។ លោកស្រី​ Khaing Thiri Tun អាយុ ​40 ឆ្នាំ​ ជា​ស្ត្រី​មេផ្ទះ​ដែល​តែងតែ​ជិះ​ឡានរយៈ​ពេល​ប្រហែល​ចំនួន​​៨ម៉ោង​​​​ពីទីក្រុង​​ Mandalay ទៅ​វត្ត​តូច​មួយ​​នៅតំបន់​ Sagaing បាន​និយាយ​ថា​៖ «ខ្ញុំ​បាន​មក​ទីនេះ​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​គ្រូ​ព្រោះ ​... ព្រះអង្គ​តែងតែ​ផ្តល់​ឱ្យ​ប្រជាជន​នូវ​សន្តិ​ភាពនិងស្ថិរ​​ភាព​» ។


យើង​ចាប់​ផ្ដើម​​​ប្រទះ​ឃើញ​ព្រះសង្ឃ​ដំបូង​នៅ​ដើម​រដូវ​វស្សា​ ហើយ​វា​បាន​ទាក់ទាញ​​​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះករ​តាមរយៈ​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គមជាដើម​។ អ្នក​ខ្លះ​អះអាង​ថា ការ​បង្ហាញ​វត្ត​មាន​​ជា​ថ្មី​របស់​ព្រះ​អង្គ​ ​​បាន​នាំ​មកនូវ​ភាព​​ស្ងប់​ស្ងាត់​ដល់​តំបន់​ជុំវិញ ​សូម្បី​តែ​ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត Sagaing រវាង​យោធា និង​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋ ប្រហារយ៉ាង​ណាក្ដី​៕


មឹង ច័ន្ទសុម៉ានីតា