​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​Boris Johnson កាលពី​ថ្ងៃ​ចន្ទ​និយាយថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដែល​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​ COP26 រយៈពេល ១២ ​ថ្ងៃ ​ដែល​លោក​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ទីក្រុង ​Glasgow ចាប់ពី​ចុង​សប្តាហ៍​នេះ អាច​នឹង​ដំណើរ​​ការ​ទៅ​មិនសូវ​ស្រួល​។


​ប៉ុន្តែ​មេដឹកនាំ​ចក្រភព​អង់គ្លេស​រូប​នេះ​ ប្រាប់​សន្និសីទកាសែត​ពិសេស​ថា លោក​នៅតែ​សង្ឃឹមថា កិច្ចព្រមព្រៀង​មួយ​អាច​ត្រូវបានធ្វើ​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន និង​កំណត់​ការ​កើន​ឡើង​សីតុណ្ហភាព​នាពេល​អនាគត​។​


​លោក​និយាយថា​៖ «​ខ្ញុំ​បារម្ភ​ខ្លាំងណាស់ ព្រោះ​វា​អាច​នឹងមិន​ស្រួល ហើយ​យើង​ប្រហែលជា​មិន​ទទួលបាន​កិច្ចព្រមព្រៀង​ដែល​យើង​ត្រូវការ​។ វា​នៅ​ឆ្ងាយ​ណាស់​ពី​វឌ្ឍនភាព​ដែល​យើង​ត្រូវការ​»​។ លោក​បន្តថា​៖ «​វា​ពិបាក​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​គិតថា វា​អាច​ធ្វើបាន​»​។​


​កិច្ចប្រជុំ​កំពូល​នេះ នឹង​ក្លាយជា​សន្និសីទ​អាកាសធាតុ​ដ៏​ធំ​បំផុត​ចាប់​តាំងពី​កិច្ចប្រជុំ​កំពូល​ប៉ារីស​ឆ្នាំ ​២០១៥ ហើយ​ត្រូវបាន​គេ​មើលឃើញថា មាន​សារៈសំខាន់​ក្នុងការ​កំណត់​គោលដៅ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ជុំវិញ​ពិភពលោក ដើម្បី​បន្ថយ​ការឡើង​កំដៅ​ផែនដី ក៏ដូចជា​ការពង្រឹង​ការប្តេជ្ញាចិត្ត​សំខាន់ៗ​ផ្សេងទៀត​ដែរ​។​


​ការ​ថ្លែង​ថ្មីៗ​របស់លោក Johnson​ ធ្វើឡើង​បន្ទាប់ពី​មានការ​លើកឡើង​ស្រដៀង​គ្នា​កាលពី​ចុង​សប្តាហ៍​មុន​ដោយ​លោក​ Alok Sharma រដ្ឋមន្ត្រី​អង់គ្លេស​ទទួលបន្ទុក​កិច្ចចរចា​ដែល​ព្រមាន​ថា ភាពជោគជ័យ​នៅ ​COP26 នឹង​ពិតជា​ពិបាក​សម្រេចបាន​ជាង​នៅ​ទីក្រុង​ប៉ារីស​។​


​លោក Johnson​ បន្ថែមថា​៖ «​ពួកគេ​[​មេដឹកនាំ​ពិភពលោក​]​ម្នាក់ៗ​ត្រូវ​យល់​ព្រមធ្វើ​អ្វីមួយ​ដែល​ពិបាក​សម្រាប់​ពួកគេថា ​តើ​គួរ​ឈប់​ប្រើប្រាស់​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ឬ​ផ្តល់ប្រាក់​ខ្លះ ដើម្បី​ជួយ​ដល់​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ ឬ​ចាប់ផ្តើម​ប្រើប្រាស់​យានយន្ត​អគ្គិសនី​»៕

​ហួន ឌី​ណា​