អស់​រយៈ​ពេលជាង​ ២០​ ឆ្នាំ​មក​ហើយ​ដែល​មន្ត្រី​អ៊ីរ៉ង់​និយាយ​ថា​ ខ្លួន​ចង់​ឱ្យ​ យោធា​អាមេរិក​ចេញ​ពី​ប្រទេស​​អាហ្វហ្គា​នីស្ថាន​ ថែម​ទាំង​ពេល​ខ្លះក៏​ផ្តល់​អាវុធ​ដល់​ពួក​បះបោរ​អាហ្វ​ហ្គានីស្ថាន ​ដើម្បី​ប្រើប្រាស់​ប្រឆាំង​នឹង​ទាហាន​អាមេរិក​ និង​ផ្តល់​ជម្រក​ដល់​មេដឹកនាំ​កំពូល​របស់​អាល់​កៃដា​ឱ្យ​ស្នាក់​នៅ​ទីក្រុង​តេ​អេរ៉ង់។​


​អ៊ីរ៉ង់ធ្លាប់​ទទួល​ស្វាគមន៍​ពួក​តាលីបង់​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​ការ​ទូត​ដោយ​លាក់​កំបាំង​ ហើយ​បន្ទាប់​មក​ជា​សាធារណៈ​។​ ប៉ុន្តែ​នៅ​ទី​បំផុត​ សហរដ្ឋ​អាមេរិក​ក៏​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ក្នុង​ខែ​សីហា​នេះ​ ហើយ​ការ​ចូល​កាន់​កាប់​យ៉ាង​ឆាប់​រហ័ស​របស់​ពួក​តាលីបង់​ហាក់​ដូច​ជា​រឿង​មួយ​ភ្ញាក់​ផ្អើល​សម្រាប់​អ៊ីរ៉ង់​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​រួច​។​


​ភ្លាមៗ​ក្រោយ​ការ​ចូល​​កាន់​កាប់​របស់​ពួក​តាលីបង់ ​របប​អ៊ីរ៉ង់​ប្រកាន់ទេ​វា​ធិបតេយ្យ​កាន់​និកាយ​ស៊ីអ៊ីត​មូស្លីម​ត្រូវ​ប្រឈម​មុខ​នឹង​​សកម្មប្រយុទ្ធ​ស៊ុននី​មូស្លីម​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ ហើយ​ជា​ក្រុម​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​​អ្នក​ប្រឆាំង​នឹង​និកាយ​ស៊ីអ៊ីត​ផងដែរ​។​ ភាព​ចលាចលកន្លង​នេះ​ បញ្ជូន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ ផង​ដែរ​ ដែល​នាំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ អាហ្វហ្គានីស្ថាន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បង្ក​បង្កើត​​ភេរវកម្ម​និយម​ម្តង​ទៀត​ ហើយវា​អាច​​បង្ខាំងមេដឹកនាំ​អ៊ីរ៉ង់​នៅ​ក្នុង​ជម្លោះ​ការទូត​ដែល​ត្រូវ​ការ​​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​តាលីបង់​ខណៈ​ក្រុម​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សត្រូវ​ផង​ និងជា​ដៃ​គូ​ដ៏​មាន​សក្តានុពល​ផង​។​.


​លោក​ Mohammad Hossein Emadi​ អតីត​អ្នក​ការ​ទូតជាតិ​អ៊ីរ៉ង់​ផ្ដល់​ការ​ប្រឹក្សា​ដល់​រដ្ឋាភិបាល​អាហ្វហ្គា​នីស្ថាន​ និង​ធ្វើការ​នៅ​ប្រទេស​នេះតំណាង​អោយ​​អង្គការ​សហប្រជាជាតិ​លើកឡើង​ថា​៖​ «​អ៊ីរ៉ង់​យល់​ថា​ សត្រូវ​របស់​សត្រូវ​មិន​មែន​ជា​មិត្តរ​បស់​ខ្លួន​ទេ ​ហើយ​ពួក​តាលីបង់​គឺ​ជា​បញ្ហា​ស្មុគស្មា​ញ​ជាង​ជន​ជាតិ​អាមេរិក​។​ ការ​​ឯកភាព​គ្នា​ គឺ​ត្រូវ​ដោះស្រាយ​​ជាមួយ​ពួក​តាលីបង់​ឱ្យ​ប្រយ័ត្ន​ប្រយែង​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​»។​


​ក្រុម​មន្ត្រី​​និយាយ​ថា​ ការ​ព្រួយ​បារម្ភ​ដ៏​ធំ​បំផុត​របស់​អ៊ីរ៉ង់​ គឺ​ការ​​កើត​ឡើង​វិញ​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅអា​ហ្វហ្គានីស្ថាន​ ដែល​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​នឹង​ស៊ីអ៊ីត​មូស្លីម​ក្នុង​ប្រទេស​នេះ​ ហើយ​អាច​ប្រើ​ប្រាស់​អាហ្វហ្គា​នីស្ថាន​ធ្វើ​ជា​មូល​ដ្ឋាន ​ដើម្បី​បើក​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ផង​។


​ទោះ​បី​ជា​ក្រុម​តាលីបង់​​សន្យា​​ផ្តល់​សន្តិសុខ​ និង​ស្ថិរភាព​ជូន​ពល​រដ្ឋ​អាហ្វ​ហ្គា​នីស្ថាន​ក៏​ដោយ​ រហូត​មក​ដល់​ពេល​នេះ​ ក្រុម​នេះ​មិន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវកម្ម ​ISIS ​លើ​ពួក​ស៊ីអ៊ីត​នៅអា​ហ្វហ្គានីស្ថាន​នោះ​ទេ​។​ មន្ត្រី​អ៊ីរ៉ង់​ក៏​មាន​ការ​ព្រួយបា​រម្ភ​ផង​ដែរ​អំពី​ជោគវាសនា​របស់​ជន​ជាតិ​ភាគ​តិច​ចំនួន​ ២ គឺ​ក្រុម​ Hazara ​ដែល​ជា​មូស្លីម​កាន់​និកាយ​ស៊ីអ៊ីត​ និង​ជន​ជាតិ​តាហ្ស៊ីក​ដែល​មាន​ទំនាក់​ទំនង​វប្បធម៌​ជិត​ស្និទ្ធ​ជាមួយ​អ៊ីរ៉ង់ក្ដី​។​

​​​ពួក​តាលីបង់​បាន​លុប​ចោល​ការ​រៀប​ចំ​បំណែង​ចែក​អំណាច​ក្រៅ​ផ្លូវ​ការ​ដែល​លើក​ទឹក​ចិត្ត​ឱ្យមា​ន​តំណាង​សម្រាប់​ក្រុម​ផ្សេងៗគ្នា​នៅ​ក្នុង​រដ្ឋាភិបាលរួមបញ្ចូលមួយ​​ ហើយ​ក៏​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឃាត​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​បង្ខំ​ឱ្យ​ផ្លាស់​លំ​នៅ​​នៃ​ក្រុម​ជន​ជាតិ​ភាគ​តិច​ទាំង ២ ​ប៉ុន្តែ​មន្រ្តី​តាលី​បង់​បាន​​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​។​

​ការ​​ចូល​កាន់​អំណាច​របស់​ក្រុម​តាលីបង់​ ក៏​បាន​បញ្ជូន​រលក​ថ្មី​នៃ​ជន​ភៀស​ខ្លួន​ចូល​ទៅ​​អ៊ីរ៉ង់​ ដោយ​បន្ថែម​ពី​លើ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ជាង​ពីរ​លាន​នាក់​ដែល​​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​នេះ​​កាល​ពី​មុនមក​។​លំហូរ​ចូល​នេះ​ ត្រូវ​បង្ខំ​អ៊ីរ៉ង់​ឱ្យ​ពង្រីក​​ការ​​ប្រើប្រា​ស់ធ​ន​ធាន​របស់​ខ្លួន​ ​ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​​រង​ផល់​ប៉ះពាល់​ដោយ​សារ​ជំងឺ​រាត​ត្បាត​​​ និង​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​រួច​ស្រេច​ទៅ​ហើយ។

​ការ​ទទួល​ស្គាល់​ក្រុម​តាលីបង់​អាច​បង្កើត​ការ​រិះគន់​នៅ​ក្នុង​ស្រុក​ពី​ចំណោម​ប្រជាជន​អ៊ីរ៉ង់​ដែល​មើល​ឃើញ​ថា​ ក្រុម​តាលីបង់​ជា​ក្រុម​ភេរវករ​ និង​ធ្វើ​ឱ្យ​ខូច​ដល់​ការ​ចាត់​ថ្នាក់​របស់​អ៊ីរ៉ង់​ថា​ជា​អ្នក​ការពារ​និកាយ​ស៊ីអ៊ីត​នៅ​ក្នុង​ពិភព​មូស្លីម​។​ ផ្ទុយ​ទៅ​វិញ​ ការ​បដិសេធ​ពួក​តាលីបង់​ អាច​លុប​ចោល​នូវ​ភាព​ស្និទ្ធ​ស្នាល​រវាង​គ្នា​និង​គ្នា​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ​ហើយ​បង្វែរ​ទំនាក់​ទំនង​ដ៏​តឹង​រ៉ឹង​មួយ​យ៉ាង​ឆាប់​រហ័ស​។​ ​

​​​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ​Hossein Amir Abdullahian រៀបរាប់​​​នៅ​ក្នុង​បទ​សម្ភាសមួយ​ថា​៖​ «​យើង​កំពុង​ទាក់​ទង​ជាមួយ​គ្រប់​ភាគី ​និង​ណែនាំ​ពួក​គេ​ទាំង​អស់​ឱ្យ​អនុវត្ត​គំនិត​នៃ​រដ្ឋាភិបាល​រួម​បញ្ចូល​គ្នា​​​។​ អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​។​ អត្ថិភាព​​​នៃ​​ក្រុម ​ISIS ​នៅ​​អាហ្វហ្គានីស្ថាន​ដែល​​មាន​​បទ​ពិសោធ​​​នៃ​​សង្រ្គាម​​ទ័ព​ព្រៃ​​នៅ​​ស៊ីរី​ គឺ​​ជា​​ការ​​គំរាម​​កំហែង​​យ៉ាង​​ពិត​​ប្រាកដ​»​។​

​អ៊ីរ៉ង់​បាន​បញ្ជូន​ក្រុម​​ប្រយុទ្ធ​ និង​មេបញ្ជាការ​ទៅ​កាន់​ប្រទេស​ស៊ីរី​ក្នុង​ឆ្នាំ​ ២០១១ ​និងក្នុង​សង្រ្គាម​នៅ​​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​ ២០១៤ ​ដើម្បី​ប្រយុទ្ធប្រ​ឆាំង​នឹង​ក្រុម ​ISIS​ផងដែរ​។​ប៉ុន្តែ​ទោះ​បីជា​​អ៊ីរ៉ង់​ផ្តល់​ក៏​ដោយ​ ក្រុម​តាលីបង់​ទំនង​ជា​មិន​ស្វាគមន៍​កង​កម្លាំង​អ៊ីរ៉ង់​ដូច​អ្វី​ដែល​អ៊ីរ៉ាក់​បាន​ធ្វើ​នោះ​ទេ​។​ អ៊ីរ៉ង់​មាន​កិច្ច​ប្រជុំ​ការ​ទូត​យ៉ាង​ហោច​ណាស់​ចំនួន​២ជាមួយ​ពួក​តាលីបង់​ ចាប់​តាំង​ពី​ក្រុម​នេះ​ឡើង​កាន់​អំណាច​ រួម​ទាំង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​តាលីបង់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​

​បើ​​តាម​​មន្ត្រី​​ការ​ទូត​ ​និង​​អ្នក​​ជំនាញ​​របស់​​អ៊ីរ៉ង់​ រដ្ឋាភិបាល​អ៊ីរ៉ង់​​​ដាក់​​ចេញ​​នូវ​​ការ​​ទាម​ទារ​​សំខាន់ ​​៣ របស់​​ក្រុម​​តាលីបង់​​ដែល​រួម​មាន​ការធានា​ព្រំដែន​អ៊ីរ៉ង់​ពី​ការ​ជ្រៀត​ចូល​របស់​ភេរវករ​ ការពារ​ក្រុម​រដ្ឋ​អ៊ិស្លាម​ពី​ការ​ចូល​ទឹក​ដី​អាហ្វហ្គានីស្ថាន​ និង​ការ​ការពារ​សិទ្ធិ ​និង​សន្តិសុខ​របស់​ក្រុម​​ភាគ​តិច​ស៊ីអ៊ីត​។​

​បន្ថែម​ពី​លើ​នេះ​ អ៊ីរ៉ង់​បាន​ស្នើ​ឱ្យ​ពួក​តាលីបង់​ជួយ​ទប់​ស្កាត់​មេ​គ្រឿង​ញៀន​ពី​ការ​ប្រើ​អ៊ីរ៉ង់​ជា​ច្រក​របៀង​ដឹក​ជញ្ជូន​អាភៀន​អាហ្វហ្គានីស្ថាន​ទៅ​កាន់អឺរ៉ុប ​ដើម្បី​រក្សា​ពាណិជ្ជកម្ម​បើក​ចំហ​ និង​ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​ជាមួយ​អ៊ីរ៉ង់​ និង​ចៀស​វាង​ពី​ការ​បង្កើត​លក្ខខណ្ឌ​សង្គម​ និង​សេដ្ឋកិច្ច​ដែល​នឹង​បញ្ជូន​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ឆ្លង​កាត់​ព្រំដែន​អ៊ីរ៉ង់​បន្ថែម​ទៀត​។​ នេះ​បើ​តាម​លោក​Kamal Kharazi ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់​លើ​ទំ​នាក់​ទំនង​ការ​បរទេស​​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​។​

​លោក​ Kharazi​ និយាយ​ថា​៖​ «​យុទ្ធ​សាស្ត្រ​​របស់​​យើង​​​នៅ​​អាហ្វហ្គានីស្ថាន ​គឺ​​អាស្រ័យ​​​លើ​​ឥរិយាបថ​​របស់​​ពួក​​តាលីបង់​»។ លោក​ប​ន្ត​ថា​៖​ «​សាធារណរដ្ឋ​​អ៊ីស្លាម​​អ៊ីរ៉ង់​​មិន​​ចង់​​ជ្រៀត​ជ្រែក​​ក្នុង​​កិច្ចការ​​របស់​​អាហ្វហ្គានីស្ថាន​​​ទេ​ ប៉ុន្តែ​​តាម​​ធម្មជាតិ​​យើង​​មាន​​ផល​ប្រយោជន៍​​ស្រប​​ច្បាប់​​ដែល​​ត្រូវ​តែ​​ធានា​ [​រួម​ទាំង​]​ ការ​ការពារ​សិទ្ធិ​របស់​និកាយ​ស៊ីអ៊ីត​ និង​ក្រុម​ផ្សេង​ទៀត​ និង​ការ​អភិរក្ស​ និង​ការ​ផ្សព្វផ្សាយ​ភាសា​ពែរ្ស​ដែល​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន​»​។​

​​ប្រទេស​អ៊ីរ៉ង់​ មាន​ព្រំដែន​រួម​ជាមួយ​អាហ្វហ្គានីស្ថាន​ប្រវែង​ជិត​​ ១ ០០០​ គីឡូម៉ែត្រ​ដែល​មាន​ច្រក​ឆ្លង​កាត់​ពីរ​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​​​។ ​ការ​នាំ​ចេញ​របស់​អ៊ីរ៉ង់​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ចំនួន​សរុប​ប្រមាណ​ជា​ ៧ ​ប៊ីលាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​ ហើយ​ប្រទេស​នេះ​​ពឹង​ផ្អែក​លើទី​ផ្សារ​រូបិយប័ណ្ណ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ទទួល​បាន​រូបិយប័ណ្ណ​រឹង​ក្នុង​ការ​ចៀស​ ​ផុត​ពី​ទណ្ឌកម្ម​ធនាគារ​អន្តរជាតិ​។​

​​ទំនាក់​ទំនង​នយោបាយ​របស់​អ៊ីរ៉ង់​ និង​អាហ្វហ្គានីស្ថាន​ឡើង​និង​ចុះ​អស់​ជា​ច្រើន​ទសវត្សរ៍​ អាស្រ័យ​លើ​អ្នក​​កាន់​អំណាច​នៅ​អាហ្វហ្គានីស្ថាន។​ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​អ៊ីរ៉ង់​​គាំទ្រ​កង​ជីវពល​Mujahedeen ​ដែល​ប្រយុទ្ធ​នឹង​ការ​កាន់​កាប់​របស់​រុស្ស៊ី​ និង​ក្រុមស​កម្ម​ប្រយុទ្ធ​ Sunni Haqqani​ ដែល​ឥឡូវ​នេះ​ជា​ផ្នែក​មួយ​នៃ​ក្រុម​តាលីបង់​។​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​អ៊ីរ៉ង់​ និង​ពួក​តាលីបង់​ ស្ទើរ​តែ​​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជុំ​វិញ​ការ​សម្លាប់​អ្នក​ការ​ទូត​អ៊ីរ៉ង់​ ១០ ​នាក់​ និង​អ្នក​កាសែត​ម្នាក់​នៅ​ក្រុង ​Mazar-i-Sharif។ ក្នុង​ឆ្នាំ ​២០០១ អ៊ីរ៉ង់​​ចូល​ដៃ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ការ​លុក​លុយ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ដោយផ្គ​ត់ផ្គង់​ផ្នែក​ចារកម្ម​យោធា ​និង​កិច្ច​សហ​ប្រតិ​បត្តិការ​សន្តិសុខ៕

ហួន​ ឌីណា​