សហរដ្ឋអាមេរិក​ប្រមូល​ផ្ដុំ​ប្រទេស​មក​ប្រឆាំង​ OPEC+ ដោយ​ការ​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​បម្រុង

Content image - Phnom Penh Post
តម្លៃសាំងកើនឡើងខ្ពស់ត្រូវបានបង្ហាញឱ្យឃើញនៅស្ថានីយសាំងមួយនៅក្រុងឡូសអេនជឺឡេសកាលពីថ្ងៃទី ២៤ វិច្ឆិកា។ AFP

កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ២៣ វិច្ឆិកា ​សហរដ្ឋអាមេរិក​ រួម​ជាមួយ​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និង​អង់គ្លេស​ បាន​ប្រកាស​បញ្ចេញ​ប្រេង​ឆៅ​រាប់​លាន​បារ៉ែល​ពី​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​របស់​ពួកគេ​ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ថយ​ចុះ​វិញ​ បន្ទាប់​សមាជិក​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC+) ​មិន​អើពើ​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ការ​អំពាវនាវ​ឱ្យ​បញ្ចេញ​បន្ថែម​ទៀត​។

តម្លៃ​ប្រេង​ឆៅ​ថ្មី​ៗ​នេះ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ប្រើប្រាស់​។ ក្នុង​រយៈ​ពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ តម្លៃ​សាំង​លក់​រាយ​បាន​កើន​រហូត​ទៅ​ដល់​ ៦០ ភាគរយ​ ដែល​ជា​អត្រា​កើន​ឡើង​លឿន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​។

ការ​កើន​ឡើង​នេះ គឺ​ភាគ​ច្រើន​បង្ក​ដោយ​ការ​កើន​ឡើង​សកម្មភាព​របស់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ បន្ទាប់​ពី​ការ​បន្ធូរបន្ថយ​វិធានការ​បិទ​ខ្ទប់​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩​។ ស្រប​ពេល​ជា​មួយ​ការ​កើន​ឡើង​តម្លៃ​ឥន្ធនៈ​ អតិផរណា​ក៏​បាន​កើន​ឡើង​ផង​ដើរ​ ធ្វើ​ឱ្យ​ប្រទេស​ជា​អ្នក​ប្រើប្រាស់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។

ក្រោម​ផែនការ​នេះ​អាមេរិក​នឹងបញ្ចេញ​ប្រេង​ចំនួន ៥០ លាន​បារ៉ែល​ ដែល​ស្មើ​នឹង​តម្រូវការ​រយៈ​ពេល​ ២​ ថ្ងៃ​កន្លះ​របស់​អាមេរិក​។ ឥណ្ឌា​នឹង​បញ្ចេញ​ប្រេង​ចំនួន​ ៥ លាន​បារ៉ែល​ ខណៈ​ពេល​ដែល​អង់គ្លេស​នឹង​បញ្ចេញ​ចំនួន​ ១,៥ លាន​បារ៉ែល​។ ប្រទេស​ជប៉ុន​និយាយ​ថា​ ពួកគេ​នឹង​រៀប​ចំ​ការ​ដេញ​ថ្លៃ​លក់​ប្រេង​ចំនួន​ ៤,២ លាន​បារ៉ែល​ ដែល​ស្មើ​នឹង​តម្រូវ​ការ​រយៈ​ពេល ១ ​ ឬ​ ២​ ថ្ងៃ​របស់​ពួកគេ​។ កូរ៉េខាងត្បូង និង​ចិន​មិន​បាន​បញ្ជាក់​ថា​អំពី​ចំនួន​ប្រេង​ដែល​ពួកគេ​នឹង​បញ្ចេញ​ទេ​។

សមាជិក​ទាំង​ ២៦ របស់​ OPEC+ ដែល​រួមមាន​បណ្ដា​ប្រទេស​មជ្ឈិមបូព៌ា និង​រុស្សី​ កំពុងមាន​​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បង្កើន​ផលិតកម្ម​ បន្ទាប់​ពី​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ ១៩​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ថា ​ប្រសិន​បើ​ពួកគេ​បង្កើន​ផលិតកម្ម​ច្រើន​ពេក​នៅ​ពេល​មាន​រលក​ឆ្លង​ថ្មី​ នោះ​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ មន្ត្រី OPEC+ បាន​ព្រមាន​ថា ​ការ​បញ្ចេញ​បែប​នឹង​បង្ក​ភាព​តានតឹង​ ហើយ​ពួកគេ​អាច​ចាត់​វិធានការ​ឆ្លើយ​តប​ដើម្បី​រក្សា​តម្លៃ​៕

ព័ត៌មានថ្មីៗ