បន្ទាប់​ពី​ជម្លោះ​រយៈ​ពេល​ ១​ ឆ្នាំ ​ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ បង្ខំ​មនុស្ស​ជាង​ ២ ​លាន​នាក់ ​ឱ្យ​ផ្លាស់​​លំនៅ​និង​​រុញ​ច្រាន​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចូល​ទៅ​ក្នុង​គ្រោះ​អត់​ឃ្លាន​ ជំនោរ​នៃ​សង្រ្គាម​ស៊ីវិល​នៅ​អេត្យូពី​​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ចំពោះ​កង​កម្លាំង​ឧទ្ទាម​។​


​ក្រុម​អ្នក​ប្រយុទ្ធ​មក​ពី​តំបន់​ទីហ្រេ្គយ៍ ​​(Tigray) ​ភាគ​ខាង​ជើង​នៃ​ប្រទេស​​ និង​សម្ព័ន្ធ​មិត្ត​​ប្រកាស​ថា​ ខ្លួន​​កំពុង​វាយ​លុក​ភាគ​ខាង​ត្បូង​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​អាឌីសអាបេបា ​(Addis Ababa)​បន្ទាប់​ពី​​រុ​ញ​ច្រាន​កងទ័ព​រដ្ឋាភិបាល​ពី​​តំបន់​ទីហ្រេ្គយ៍​កាល​ពី​ខែ​មិថុនា​។​

ក្រុម​​នេះ​​សង្ឃឹម​ថា​ នឹង​ដណ្តើម​យក​ផ្លូវ​ដែល​ត​ភ្ជាប់​ទៅ​កាន់​កំពង់​ផែ​ក្នុង​ប្រទេស​ជិត​ខាង​ជីប៊ូទី​ដែល​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​គ្រប់​គ្រង​ផ្លូវ​ផ្គត់​ផ្គង់​ដ៏​សំខាន់​មួយ​។​ ក្រុម​​ដែល​ដឹក​នាំ​ដោយ​រណសិរ្ស​រំដោះ​ប្រជាជន​ទីហ្គេយ៍​ (​TPLF)​ នេះ ​ដណ្តើម​យក​ទីក្រុង​សំខាន់​ៗ​ចំនួន ២​ នៅ​លើ​ផ្លូវ​ហាយវេ​​ទៅ​​ក្រុង​អាឌីសអាបេបា​​កាល​ពី​ចុង​ខែ​តុលា​។​


ចំណែកឯ​​រដ្ឋាភិបាល​អេត្យូពី​វិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​​ ​Abiy Ahmed ​​​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ឱ្យ​លើក​អាវុធ​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​របស់​ពួក​ឧទ្ទាម​ដែល​លោក​និយាយ​ថា​ជា​អ្នក​ជំរុញ​ប្រទេស​ឱ្យ​ដួល​រលំ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ ទោះ​បី​មាន​ការ​សុំ​ឱ្យ​បញ្ចប់​ជម្លោះ​ពី​សហគមន៍​​​អន្តរជា​តិ​ក្ដី​​​។​ក្នុង​ការ​អំពាវ​នាវ​ចុង​ក្រោយ​បង្អស់​​ដែល​​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ ​ជយ​លាភី​ណូបែល​សន្តិភាព​ឆ្នាំ​ ២០១៩ ​រូប​នេះ ​និយាយ​ថា​ លោក​នឹង​ទៅ​ដឹក​នាំ​ទ័ព​​ជួរ​មុខ​ដើម្បី​ប្រឈម​​នឹង​ក្រុម​ឧទ្ទាម​ ដែល​​គេ​រាយការណ៍​ថា​ កំពុង​​ខិត​កាន់​តែ​ជិត​រដ្ឋ​ធានី​​​។


​កាល​ពី​ដើម​ខែ​វិច្ឆិកា​ រដ្ឋាភិបាល​អេត្យូពី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ ដោយ​សារ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​សង្រ្គាម​ដែល​កំពុង​តែ​ហែក​ហួរ​ប្រទេស​​ និង​ធ្វើ​ឱ្យ​អស្ថិរភាព​បន្ថែម​ទៀតក្នុង​តំបន់​​ស្នែង​​​​​នៃ​ទ្វីប​អាហ្រ្វិក​។​ ចំណែក​​​សប្ដាហ៍​នេះ​ ប្រទេស​នានា​អំពាវ​នាវ​ឱ្យ​ប្រជាជន​របស់​ខ្លួនជម្លៀស​​ចេញ​ពី​អេត្យូពី​ ខណៈ​​ដែល​អង្គការ​សហ​ប្រជាជាតិ​​បញ្ជា​ឱ្យ​ជម្លៀស​សមាជិក​គ្រួសារ​នៃ​បុគ្គលិក​អន្តរជាតិ​របស់​ខ្លួន​ជា​បន្ទាន់​។​


តើ​មូល​ហេតុអ្វី​បាន​ជា​ធ្វើឱ្យ​អេត្យូពី​ស្ថិតក្នុ​ង​ស្ថានការណ៍​​​បែប​នេះ​?​

ក្នុង​ខែ​កញ្ញា​ឆ្នាំ​មុន​កង​កម្លាំង​TPLF​ដែល​បង្កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ៧០ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​យោធា​ម៉ាក្ស​និយម​របស់​ប្រទេស​អេត្យូពី​​រៀប​ចំ​ការ​បោះឆ្នោត​​សភា​ថ្នាក់​តំបន់​ដែល​រដ្ឋាភិបាល​​សហព័ន្ធ​របស់​លោក​Abiy​ចាត់​ទុក​ថា​ខុស​ច្បាប់​ ក្រោយ​មេដឹកនាំ​រូប​នេះ​​ពន្យារ​ពេល​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២០​ដោយ​សារ​តែ​ជំងឺ​រាត​ត្បាត​កូវីដ-១៩​។​ ហើយ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ សមាជិក​សភា​អេត្យូពី​ក៏​កាត់​បន្ថយ​ការ​ផ្តល់​មូល​និធិ​ដល់​តំបន់​ទីហ្គ្រេ​យ៍។​

ជម្លោះ​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​លោក ​Abiy​​ ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​ ២០១៨ ​បញ្ជូន​កង​ទ័ព​ចូល​ទៅ​ក្នុង​តំបន់​ទីហ្គ្រេយ៍​ ​ដើម្បី​ផ្តួល​រំលំ​កង​កម្លាំង​TPLF​ដែលអង្គការ​​វិបត្តិ​អន្តរជាតិ​បាន់​ស្មាន​ថា ​មាន​កង​កម្លាំង​ប្រហែល​ ២៥០ ០០០ ​នាក់​ក្នុង​ឆ្នាំ​២០២០​។​

ការ​បញ្ជូន​ទ័ព​របស់​លោក​Abiy​ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​​បន្ទាប់​ពី​កង​កម្លាំង​TPLF​ធ្វើ​ការ​វាយ​ប្រហារ​មូលដ្ឋាន​យោធា​សហព័ន្ធ​នៅ​ទីហ្គ្រេយ៍​​ហើយ​ព្យាយាម​ប្រមូល​អាវុធ​​​។ ​​រដ្ឋាភិបាល​អេត្យូពី​​បិទ​ការ​ទំនាក់​ទំនង​តាម​អ៊ីនធឺណិត ​និង​ទូរស័ព្ទ​ ហើយ​​ប្រកាស​ដាក់​តំបន់​ទីហ្គេយ៍​ក្នុង​ភាព​អាសន្ន​រយៈពេ​ល​៥​ខែ​​។​ ប៉ុន្តែ​យោធា​អេត្យូពី​ដែល​​គ្រប់​គ្រង​ដោយ​មន្ត្រីភាគ​ច្រើន​​មក​ពី​តំបន់​ទីហ្គេ្រ​យ៍​ បាន​បែង​ចែក​គ្នា​ហើយ​​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង​រវាង​អង្គភាព​គូប្រជែង​នៅ​ក្នុង​តំបន់​។​

​​​​លោក Abiy​​ ពង្រឹង​កង​កម្លាំង​របស់​លោក​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​ទីហ្គេ្រ​យ៍​​ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​។​ ក្រោយ​មក​ កង​កម្លាំងប្រទេ​ស​អេ​រីត្រេ​​ដែល​ជា​អតីត​សត្រូវ​របស់​​អេត្យូពី​​​វាយ​លុក​តំបន់​ទីហ្គ្រេយ៍​ ពី​ភាគ​ខាង​ជើង​ដើម្បី​ជា​ជំនួយ​ដល់​កង​កម្លាំង​របស់​លោក​Abiy​។​

​​កង​កម្លាំង​សហព័ន្ធ​ និង​សម្ព័ន្ធ​មិត្ត​​ដណ្ដើម​កាន់​កាប់​រដ្ឋ​ធានី ​Mekelle​​ របស់​តំបន់​ទីហ្រ្គេយ៍​និង​ទីក្រុង​ផ្សេង​ៗ​ទៀត​យ៉ាង​ឆាប់​រហ័ស​។​ ប៉ុន្តែ​កង​កម្លាំង​TPLF និ​ង​អ្នក​គាំទ្រ​ប្រដាប់​អាវុធ​របស់​ខ្លួន​ ភៀស​ខ្លួន​ទៅ​កាន់​តំបន់​ជន​បទ​ និង​តំបន់​ភ្នំ​​ហើយ​ជម្លោះ​ចេះ​តែ​រ៉ាំរ៉ៃ​ទៅ​ៗ​។​

​​នៅ​ចុង​ខែ​មិថុនា​ក្រុម​ឧទ្ទាម​ដណ្តើម​យក​មក​វិញ​នូវ​​ទីក្រុង​នៃ​តំបន់​ទីហ្គេយ៍​ភាគច្រើន​​រួម​ទាំង​រដ្ឋ​ធានី​Mekelle​ហើយចាប់​ខ្លួន​​ទាហាន​របស់​លោក ​Abiy​រាប់​រយ​នាក់​​ធ្វើ​ជា​​ឈ្លើយ​សឹក​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​កង​កម្លាំង​TPLF ​​​ក៏​​រុញ​ចូល​ខ្លួន​ទៅ​ក្នុង​តំបន់​ជិត​ខាង​​ Afar ​និង​Amhara​។​​

ភាព​ចលាចល​ចុង​ក្រោយ​កើត​ឡើង​នៅ​ពេល​ដែល​កម្លាំង​TPLF​ចូល​ដៃ​គ្នា​ជាមួយ​កង​ទ័ព​រំដោះជ​ន​ជាតិ​Oromo​ដែល​ជា​ក្រុម​ជន​ជាតិ​ធំ​មួយ​របស់​អេត្យូពី​ ហើយ​ធ្វើ​ការ​ប្រយុទ្ធ​ឆ្ពោះ​ទៅ​កាន់​តែ​ជិត​នៃ​រដ្ឋ​ធានី​អាឌីសអាបេបា​ រហូត​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អេត្យូពី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ និង​ការ​អំពាវ​នាវ​ចុង​ក្រោយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តីAbiy៕

ហួន​ ឌីណា​