អង់គ្លេស​ត្រូវការ​​កិច្ច​ពិភាក្សា​វិបត្តិ​អន្តោប្រវេសន៍​ «បន្ទាន់» ​ជាមួយ​អឺរ៉ុប​ ក្រោយពេល​ មាន​ការ​​បដិសេធ​មិន​ឱ្យ​ចូល​រួម​

Content image - Phnom Penh Post
លោកប្រធានាធិបតីបេឡារុស អាឡិចសាន់ឌឺរ លូកាសិនកូ ទស្សនកិច្ចមជ្ឈមណ្ឌលសម្រាប់ជនចំណាស្រុកដែលនៅសេសសល់នៅក្នុងប្រទេសក្រោយពីប៉ុនប៉ងឆ្លងចូលEUតាមព្រំដែនប៉ូឡូញ។ AFP

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​លើកឡើង​​ថា ​ពួកគេ​ចង់​បាន​កិច្ច​ពិភាក្សា​ «បន្ទាន់»​ ជា​មួយ​រដ្ឋមន្ត្រី​បណ្ដា​ប្រទេស​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ​ ជុំវិញ​វិបត្តិ​ជន​អន្តោប្រវេសន៍​នៅ​ច្រក​សមុទ្រ​អង់គ្លេស​ បន្ទាប់​ពី​ត្រូវ​បដិសេធ​មិន​ឱ្យ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​បារាំង​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​បែលហ្ស៊ិក បារាំង អាល្លឺម៉ង់​ និង​ហូឡង់​ រួមជា​មួយ​និង​មន្ត្រី​មក​ពី​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​ព្រំដែន​សហភាព​អឺរ៉ុប Frontex​​ និង​ទីភ្នាក់ងារ​ប៉ូលិស Europol នឹង​ធ្វើ​កិច្ចប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ នៅ​ទីក្រុង​កាលីស ប្រទេស​បារាំង​ បន្ទាប់​ពី​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ ២៧ នាក់​ បាន​លង់ទឹក​ស្លាប់​នៅ​ច្រក​សមុទ្រ​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ខណៈ​ពេល​ដែល​ពួកគេ​ កំពុង​ព្យាយាម​ឆ្លង​កាត់​ពី​បារាំង​ទៅ​អង់គ្លេស​។

ការ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស​លោក​ស្រី ​ព្រីត ប៉ាតេល​ ឱ្យ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​លុបចោល​ បន្ទាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ បូរីស ចនសុន បាន​ធ្វើ​ការ​ចុះ​ផ្សាយ​លិខិត​មួយ ដែល​លោក​បាន​ផ្ញើ​ជូន​ប្រធានាធិបតី​បារាំង ​លោក​ អេម៉ានុយអែល ម៉ាក្រុង​ ដែល​ក្នុង​នោះ​លោក​បាន​កំណត់​ការ​ទាមទារ​របស់​ទីក្រុង​ឡុងដ៍​ សម្រាប់​សកម្មភាព​រួមគ្នា​លើ​បញ្ហា​ជន​ភៀស​ខ្លួន​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​ស្រី​ ប៉ាតេល​ បាន​និយាយ​ថា​លោកស្រី​នឹង​នៅ​តែ​ជួប​ជាមួយ​មន្ត្រី​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ​ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​អង់គ្លេស​នៅ​មិន​ទាន់​បញ្ជាក់​ថា​ នរណា​នឹង​ចូល​រួម​កិច្ចប្រជុំ​នេះ​ ហើយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា និង​នៅ​ទី​ណា​។

ចំនួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​អង់គ្លេស​តាម​រយៈ​ទូក​តូច​ៗ​របស់​អ្នក​រត់​ពន្ធ​មនុស្ស​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ​ ខណៈ​ពេល​ដែល​មាន​ការ​ដាក់​កម្រិត​លើ​វិស័យ​អាកាសចរ​ណ៍។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ចំនួន​ជន​អន្តោប្រវេសន៍​ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​គឺ​ទាប បើ​ប្រៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​៕

ព័ត៌មានថ្មីៗ