​វ៉ាស៊ីនតោន​: ប្រភព ​២ ​ដែល​ដឹង​ពី​បញ្ហា​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមប្រឹក្សាភិបាល​ធនាគា​រ​ពិភព​លោក​គាំទ្រ​ការផ្ទេរ​ប្រាក់​ចំនួន ២៨០ លាន​ដុល្លារ ​ពី​មូលនិធិ​មូល​​ធន​អាណត្តិ​ព្យាបាល​អា​ហ្វ​​ហ្គា​នី​ស្ថាន ​(ARTF) ដែល​ត្រូវបាន​បង្កក​ទៅឱ្យ​ទីភ្នាក់ងារ​ជំនួយ​ចំនួន ​២ ​ដើម្បី​ជួយ​ប្រទេស​នេះ ទប់​ទល់នឹង​វិបត្តិ​មនុស្សធម៌​បន្ទាប់ពី​ការ​​ដកខ្លួន​របស់​សហរ​ដ្ឋ​អាមេរិក​។​


​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ប្រភព​និយាយថា ម្ចាស់ជំនួយ​ចំនួន​ ៣១ ​នៃ ARTF ​ដែល​គ្រប់គ្រង​ដោយ​ធនាគារពិភពលោក (World Bank) ត្រូវតែ​យល់ព្រម​លើ​ការផ្ទេរ​នេះ​មុន​ពេលដែល​ថវិកា​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ​។ ប្រភព​ដដែល​ថា ម្ចាស់ជំនួយ​ត្រូវបាន​គេ​រំពឹងថា​ នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​។


​កាលពី​ថ្ងៃ​អង្គារ ក្រុមប្រឹក្សា​​ភិ​បាល​ធនាគារពិភពលោក​ជួបប្រជុំគ្នា​ក្រៅផ្លូវការ​ដើម្បី​ពិភាក្សា​អំពី​ការផ្ទេរ​ប្រាក់​រហូតដល់ ៥០០ លាន​ដុល្លារ ​នៃ​ប្រាក់ ១,៥ ប៊ី​លាន​ដុល្លារ ​នៅក្នុង​មូលនិធិ​ ARTF ទៅកាន់​ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​រ៉​យ​ទ័​រ​ដោយ​ស្រង់​សម្ដី​ប្រភព​ជា​អនាមិក​ដូចគ្នា​។​


​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​មាន​អត្រា​ប្រជាពលរដ្ឋ​ជិត ៣៩ ​លាន​នាក់ ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច កង្វះខាត​ស្បៀងអាហារ​នៅ​រដូវរងា និង​កំណើន​នៃ​ភាពក្រីក្រ ៣ ​ខែ​បន្ទាប់ពី​ពួក​តា​លី​បង់​ចូលកាន់​អំណាច ក្រោយពេល​កងទ័ព​អាមេរិក​ដកខ្លួន​ចេញ​បន្ទាប់ពី​ធ្វើសង្គ្រាម អស់​រយៈពេល ២០ ​ឆ្នាំ​ក្នុងប្រទេស​នេះ​។​


​អ្នកជំនាញ​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា ជំនួយ​នេះ​នឹង​ជួយ ប៉ុន្តែ​សំណួរ​ធំៗ​នៅតែមាន​រួមទាំង​របៀប​យក​មូលនិធិ​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ មិន​បង្ហាញ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​


​ខណៈពេលដែល​រតនាគា​រ​សហរដ្ឋអាមេរិក​ផ្តល់​លិខិត​ខ្ចី​​ប្រាក់​ដែល​ធានា​ដល់​ធនាគារ​ថា ពួកគេ​អាច​ដំណើរការ​ប្រតិបត្តិការ​មនុស្សធម៌ ការព្រួយបារម្ភ​អំពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​​អាមេរិក​នៅតែ​បន្ត​រារាំង​ការឆ្លងកាត់​ការផ្គត់ផ្គង់​មូលដ្ឋាន រួមទាំង​អាហារ និង​ថ្នាំពេទ្យ​។​

​ការសម្រេចចិត្ត​ណាមួយ​ដើម្បី​ប្តូរ​ទិសដៅ​នៃ​ប្រាក់​របស់​មូលនិធិ​ ARTF តម្រូវឱ្យមាន​ការយល់​ព្រម​ពី​ម្ចាស់ជំនួយ​ទាំងអស់​របស់ខ្លួន ដែល​សហរដ្ឋអាមេរិក​ក្លាយ​​ជា​ប្រទេស​ធំ​បំផុត​។​

​សេត​វិមាន និង​រតនាគារ​មិនមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​លើ​ការយល់ព្រម​របស់​ក្រុមប្រឹក្សាភិបាល​ធនាគារពិភពលោក​ក្នុង​ការផ្ទេរ​មូលនិធិ​ទៅឱ្យ​កម្មវិធី​ស្បៀង​អា​​ហារ​ពិភពលោក និង​អង្គការ​យូ​នី​-​សេ​ហ្វ​នោះទេ​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ​ធនា​​គារ​ពិភពលោក​បញ្ជាក់ថា ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​បាន​ពិភាក្សា​អំពី​បញ្ហា​នេះហើយ​ថា ​ម្ចាស់ជំនួយ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ ទី ​៣ ខែធ្នូនេះ​។​

​អ្នកនាំពាក្យ​ដដែល​និយាយ​ជា​អនាមិក​ថា ក្រុមប្រឹក្សាភិបាល​បាន​ពិភាក្សា​អំពី​វិធី សាស្ត្រ​ក្នុង​ការផ្ទេរ​មូលនិធិ​ពី​ ARTF ដល់ទី​ភ្នាក់ងារ​ជំនួយ​មនុស្សធម៌ ដែលមាន​វត្ត​​មាន និង​ការដឹកជញ្ជូន​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ជំនួយ​មនុស្សធម៌​ជា​មូលដ្ឋាន​ដោយផ្ទាល់​ដល់​ប្រជាជន​ក្នុងប្រទេស​។​

​កាលពី​ពុធ ក្រុម​តា​លី​បង់​បន្ត​ការអំពាវនាវ​របស់ខ្លួន​ឱ្យ​សហ​រដ្ឋ​អាមេរិក​បញ្ចេញ​មូលនិធិ​ដែល​ជាប់គាំង​រាប់ពាន់​លាន​ដុល្លារ​បន្ទាប់ពី​កិច្ចចរចា​រយៈពេល​ ២​ ថ្ងៃ ​នៅ​ទី​ក្រុង​ដូ​ហា ​ប្រទេស​កាតា​។ អ្នក​នាំ​​ពាក្យ​ក្រសួងការបរទេស​អា​ហ្វ​​ហ្គា​នី​ស្ថាន ​លោក​Abdul QaharBalkhi ​សរសេរ​នៅលើ​បណ្ដាញ សង្គម​ធ្វី​ធើ​រថា​៖ «​គណៈប្រតិភូ​អា​ហ្វ​ហ្គា​នី​ស្ថាន​ធានា​សន្តិសុខ​ដល់​ភាគី​អាមេរិក ហើយ​ជំរុញ​ឱ្យលុយ​ដែល​ជាប់គាំង​របស់​អា​ហ្វ​​ហ្គា​នី​ស្ថាន​គួរតែ​ត្រូវបាន​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ជីខ្មៅ និង​ទណ្ឌកម្ម​ត្រូវតែ​បញ្ចប់ ហើយ​បញ្ហា​មនុស្ស​ត្រូវ​កាត់​ចេញពី​ផ្នែក​នយោបាយ​»​។​

​ក្រុង​វ៉ាស៊ីនតោន​រឹបអូស​ទ្រព្យសម្បត្តិ​ជិត ​៩,៥ ប៊ី​លាន​ដុល្លារ​ ដែលជា​កម្មសិទ្ធិ​រប​ស់​ធនាគារកណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ​មូល​​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​ក៏​ផ្អាក​សកម្មភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ផងដែរ​ ដោយ​កាត់​ទុក​ជំនួយ​ក៏ដូចជា​ទុនបម្រុង​ថ្មី​ចំនួន​ ៣៤០ ​លាន​​ដុល្លារ​។​

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​និយាយថា អា​ហ្វ​​ហ្គា​នី​ស្ថាន និង​ប្រជាជន​របស់ខ្លួន​បានទទួល​រង​នូវ​ការភ្ញាក់ផ្អើល​សារពើពន្ធ​ ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចាប់តាំងពី​ពួក​តា​លី​បង់​ចូលកាន់​កាប់ និង​ការសម្រេចចិត្ត​របស់​ស​ហគ​មន៍​អន្តរជាតិ​ក្នុង​ការដក​ជំនួយ​មនុស្សធម៌​រាប់ពាន់​លាន​។​

​របាយការណ៍​ព្យាករ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ប្រហែល ២០ ភាគ​​រយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង ​១ ​ឆ្នាំ ដែល​អាច​ឈានដល់​ធ្លាក់ចុះ​ ៣០ ​ភាគរយ​នៅ​ឆ្នាំ​បន្ទាប់​។​

​អស់​ជាច្រើន​ទស្សវត្សរ៍​មកនេះ សេដ្ឋកិច្ច​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​​ស្ថាន ​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម និង​គ្រោះរាំងស្ងួត​។ ជំនួយ​អន្តរ​-​ជាតិ​តំណាងឱ្យ​ ៤០ ភាគរយ​នៃ​ផលិត​​ផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​និង​ហិរញ្ញប្បទាន ៨០​ ភាគរយ​នៃ​ថវិកាជាតិ​របស់ខ្លួន​។​

​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ធ្លាក់ចុះ ហើយ​ភាព​អត់​ការងារ​ធ្វើ​ក៏​កើនឡើង​។ យោងតាម​អង្គការសហប្រជាជាតិ ប្រជាជន​អា​ហ្វ​​ហ្គា​នី​ស្ថាន​ចំនួន ២៣ លាន​នាក់ ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​រង​ការគំរាមកំហែង​ដោយ​ទុរ្ភិក្ស​ក្នុង​រដូវរងា​នេះ​។​

​របាយការណ៍​របស់​អង្គការ​កម្ម​​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ​ប៉ាន់ប្រមាណ​ថា​ ជំនួយ​សង្គ្រោះបន្ទាន់​ចំនួន ២​ ប៊ី​លាន​ដុល្លារ គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​នាំ​ប្រជាជន​ទាំងមូល​ចេញពី​បន្ទាត់​នៃ​ភាពក្រីក្រ​វិញ និយាយថា​៖ «​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិតក្នុង​វិបត្តិ​មនុស្សធម៌ និង​ការអភិវឌ្ឍ ដែល​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ជួយសង្គ្រោះ​ជីវិត​»៕

​ហួន ឌី​ណា​