មន្ត្រី​ជួយ​សង្គ្រោះ​​លើកឡើង​​ថា​ ទូក​ដឹក​លើស​ទម្ងន់​ផ្ទុក​អ្នក​ដំណើរ​​ណែន​តាន់​ ដែល​ភាគ​ច្រើន​ជា​កុមារ​អាយុ​ពី​ ៨ ​ទៅ ​១៥​ ឆ្នាំ​ ​ក្រឡាប់​នៅ​ក្នុង​ទន្លេ ​Bagwai​ ក្នុង​រដ្ឋ​ Kano ​ភាគ​ពាយព្យ​នៃ​ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​​រាប់​សិប​នាក់​នៅ​លើ​ទូក​ស្លាប់​។​


លោក​ SaminuAbdullahi​ អ្នក​នាំ​ពាក្យ​នៃ​សេវា​ពន្លត់​អគ្គិភ័យ​រដ្ឋ​ Kano ​​និយាយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP ​ថា​៖ ​«យើង​​​រក​​ឃើញ​​សាក​សព​​មនុស្ស​​ចំនួន​ ២៩ ​នាក់​​ និង​​បាន​​សង្គ្រោះ​​អ្នក​​ដំណើរ​ ៧ ​នាក់​​​។​ ហើយ​កំពុង​តែ​ស្វែង​រក​សាក​សព​នៃ​មនុស្ស​ចំនួន​ ១៣ ​នាក់​ផ្សេង​ទៀត​»​។​


​លោក ​Abdullahi​​ និយាយ​ថា​ ទូក​ដែល​ក្រឡាប់​ជា​ធម្មតា​អាច​ដឹក​មនុស្ស​ពេញ​វ័យ​ត្រឹម​តែ​ ១២​ នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​អ្នក​បើក​ទូក​បាន​​ផ្ទុក​​ក្មេង​យ៉ាង​ច្រើន​នាក់​។​ លោក​ថា​ ក្មេង​ដែល​ជិះ​លើ​ទូក​មក​ពី​ភូមិ​ Badau​ នៅ​ត្រើយ​​ម្ខាង​ ដើម្បី​ឆ្លង​ទៅ​ក្រុង ​Bagwai ដែល​​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សាសនា​​​។​


​គ្រោះ​ថ្នាក់​តាម​ទូក​ គឺ​ជា​រឿង​ដែល​គេ​ឃើញ​ជា​ធម្មតា​ទៅ​ហើយ​នៅ​លើ​ផ្លូវ​ទឹក​របស់​ប្រទេស​នីហ្សេរីយ៉ា​ ដែល​ភាគ​ច្រើន​ដោយ​សារ​តែ​ការ​ចង្អៀត​ណែន​ អាកាសធាតុ​មិន​ល្អ​ និង​កង្វះ​ការ​មើល​ខុស​ត្រូវ​។​


​កាល​ពី​ខែ​មុន​ ក្មេង​ស្រី ​៧ ​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១០ ​ទៅ​ ១២ ឆ្នាំ​ បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​រដ្ឋ ​Jigawa ​ដោយ​សារ​លិច​ទូក​ដូ​ច​គ្នា​ ហើយ​កាល​ពី​ខែ​មិថុនា​ មនុស្ស​ ១៣​ នាក់​​ស្លាប់​ ​ក្នុង​រដ្ឋ​ Sokoto​ នៅ​ពេល​ដែល​កាណូត​ដឹក​ភ្ញៀវ​ចូល​រួម​អាពាហ៍​ពិពាហ៍​​ក្រឡាប់​។​ ឧបទ្ទវហេតុ​ដ៏​អាក្រក់​បំផុត​មួយ​បាន​កើត​ឡើង​ក្នុង​ខែ​ឧសភា​ នៅ​ពេល​ដែល​មនុស្ស​ជាង​ ១៥០​ នាក់​​បាត់​ខ្លួន​ បន្ទាប់​ពី​ទូក​ឈើ​របស់​ពួក​គេ​​ដាច់​ចេញ​ពី​គ្នា​ និង​​លិច​នៅ​លើ​ទន្លេ​នីហ្សេ​៕


ហួន ​​​ឌីណា​​