កាល​ពី​ថ្ងៃ​ពុធ​ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​មួយ​ បាន​ពន្យារ​ការ​សម្រេច​មួយ​ថា​ នរណា​ជា​អ្នក​តំណាង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ​ ដូច្នេះ​មាន​ន័យ​ថា​ ក្រុម​តាលីបង់​ និង​របប​យោធា​មីយ៉ាន់ម៉ា​នៅ​មិន​ទាន់ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុងកិច្ចការ​​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ​​។


ក្រុម​តាលីបង់​ និង​របប​យោធា​មីយ៉ាន់ម៉ា​ កំ​ពុង​ប្រជែង​ជា​មួយ​នឹង​រដ្ឋាភិបាល​ដែល​ពួកគេ​ទម្លាក់​ពី​អំណាច​នៅ​ឆ្នាំ​នេះ ដើម្បី​ទាមទារ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​។ ការ​ទទួល​យក​ដោយ​អង្គការ​សហប្រជាជាតិ​គឺ​ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​តាលីបង់ និង​យោធា​មីយ៉ាន់ម៉ា​ ក្នុង​ការ​ទទួល​ការ​ទទួល​ស្គាល់​ដោយ​សមាគម​ន៍អន្តរជាតិ​។


​កាល​ពី​ថ្ងៃ​ពុធ គណៈកម្មាធិការ​ទទួល​សារ​​របស់​អង្គការ​សហប្រជាជាតិ​ សមាជិក​ចំនួន​ ៩ ​រួមមាន​អាមេរិក រុស្ស៊ី និង​ចិន បាន​ធ្វើ​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ​សារ​​ឯកអគ្គរដ្ឋទូត​នៃ​សមាជិក​ទាំង ១៩៣ ប្រទេស​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​។


អ្នក​ការ​ទូត​ជា​ច្រើន​បាន​និយាយ​ថា​ ការ​ពន្យារពេល​ការ​សម្រេច​ចិត្ត​លើ​ប្រទេស​ទាំង ​២ ​នេះ​ មាន​ន័យ​ថា​ឯកអគ្គរដ្ឋទូត​រដ្ឋាភិបាល​ធ្លាក់​ពី​អំណាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​អង្គុយ​ក្នុង​អាសនៈ​របស់​ប្រទេស​ពួកគេ។ ប៉ុន្តែ​ប្រទេស​ស៊ុយអែត​ ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​សារតាំង ​បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​ថា ​ឯកអគ្គរដ្ឋទូត​ណា​ នឹង​អង្គុយ​នៅ​អាសនៈ​ប្រទេស​ទាំង​២​នេះ​។


យ៉ាង​ណា​មិញ ​គណៈកម្មាធិការ​សារតាំង​ នឹង​បញ្ជូន​របាយការណ៍​របស់​ពួកគេ​ទៅ​ឱ្យ​មហា​សន្និបាត​ដើម្បី​ធ្វើ​ការ​អនុម័ត​មុន​ដំណាច់​ឆ្នាំ​នេះ​។ ជា​ធម្មតា​គណៈកម្មាធិការ​សារតាំង​ និង​មហា​សន្និបាត​ធ្វើ​ការ​មហា​សន្និបាត​ធ្វើ​ការ​អនុម័ត​បែប​នេះ តាម​រយៈ​ការ​មូលមតិ​គ្នា​ ពោល​គឺ​សមាជិក​ទាំង​អស់​ ត្រូវ​តែ​យល់​ព្រម​៕