កាល​ពី​ថ្ងៃ​ពុធ​កន្លងទៅ ​អ៊ីរ៉ង់​​ព្យាយាម​បង្កើន​សម្ពាធ​លើ​លោក​ខាង​លិច​ក្នុង​ការ​ចរចា​ថ្ងៃ​ទី ​៣ នៅ​ទីក្រុង​វីយ៉ែន ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ទី ​៥ ដោយ​បង្កើន​ដំណើរការ​ម៉ាស៊ីន​បន្សុទ្ធ​ អ៊ុយរ៉ានី​ញ៉ូម​ជំនាន់​ថ្មី។


ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) ​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​អ៊ីរ៉ង់ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូមភាព​បរិសុទ្ធ​រហូត​ដល់​ ២០ ភាគរយ​ ដោយ​ប្រើប្រាស់​ចង្កោម​ម៉ាស៊ីន​ IR-6 ចំនួន​ ១៦៦ គ្រឿង​នៅ​រោង​ចក្រ​បន្សុទ្ធ​មួយ​នៅ​ខេត្ត​កុម​ភាគ​ខាង​ត្បូង​រដ្ឋធានី​តេអេ​រ៉ង់​។ ម៉ាស៊ីន IR-6 គឺ​មាន​ទិន្នផល​ខ្ពស់​ជាង​ម៉ាស៊ីន​ជំនាន់​ទី​១​ IR-1 ជា​ច្រើន​ដង​។


បេសកកម្ម​ការទូត​អ៊ីរ៉ង់​ទៅ​កាន់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​វីយ៉ែន​ បាន​សរសេរ​លើ​បណ្ដាញ​ Twitter ថា​៖ «របាយការណ៍​ថ្មី​ៗ​របស់ IAEA ស្តី​ពី​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ គឺ​ជា​ការ​រាយការណ៍​ធម្មតា ស្រប​តាម​ការ​ផ្ទៀងផ្ទាត់​ជា​ប្រចាំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។


ប៉ុន្តែ​អគ្គនាយក IAEA លោក ​រ៉ាហ្វាអែល​ ហ្គ្រោស៊ី បាន​និយាយ​ថា​ ​លោក​បាន​មើល​ការ​អភិវឌ្ឍដោយ​ក្ដី​បារម្ភ​។ លោក​និយាយ​ថា​៖ «នេះ​បង្កើន​ការ​ដាស់​តឿន​។ នេះ​គឺ​មិនមែន​ជា​រឿង​ដដែល​ទេ​។ អ៊ីរ៉ង់​អាច​ធ្វើ​បាន ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​មហិច្ឆតា​បែប​នេះ អ្នក​ត្រូវ​តែ​ទទួល​យក​ការ​ត្រួត​ពិនិត្យ​។ វា​ចាំ​បាច់​»​។


ជា​ចម្លើយ​មួយ​ទៅ​នឹង​សំណួរ​ថា​ ​តើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​ប៉ុនណា កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិន​ឱ្យ​អ៊ីរ៉ង់​ធ្វើ​ការ​បន្សុទ្ធ​នៅ​រោងចក្រ​ខាង​លើ​នេះ​ទេ​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ការ​បន្សុទ្ធ​ដល់​កម្រិត​ ២០ ភាគរយ​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ថា​ខ្លួន​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​។


មាន​ការ​រាយការណ៍​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា​ នៅ​រយៈ​ពេល ​២ សប្ដាហ៍​ចុង​ក្រោយ​នេះ​ប្រទេស​អ៊ីស្រាអែល​បាន​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ជា​មួយ​សហរដ្ឋ​អាមេរិក​ និង​លោក​ខាង​លិច​ ដែល​លើក​ឡើង​ថា​ ​អ៊ីរ៉ង់​កំពុង​ត្រៀម​ធ្វើ​ការ​បន្សុទ្ធ​រហូត​ទៅ​ដល់​កម្រិត​ ៩០ ភាគរយ​ ដែល​ជា​គុណភាព​គ្រប់គ្រាន់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទិន្នផល​ខ្ពស់​។

កាល​ពី​ថ្ងៃ​អង្គារ​ ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល ម៉ាក្រុង និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក ​យ៉ារ ឡាពីដ​​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា ​កំពុង​ពន្យារ​ពេល​ការ​ចរចា​ដើម្បី​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ហើយ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​លោក​ខាង​លិច​រក​វិធីសាស្ត្រ​ផ្សេង​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​សាអ៊ីដ កាទីបហ្សាដេស​ បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​កំពុង​បំពុល​ការ​ចរចា​នៅ​ក្រុង​វីយ៉ែន​។

លោក​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «របប​អ៊ីស្រាអែល​ដែល​អត្ថិភាព​របស់​ខ្លួន​ពឹង​ផ្អែក​លើ​ភាព​តានតឹង គឺ​កំពុង​ចែក​ចាយ​ការ​កុហក​ដើម្បី​បំពុល​ការ​ចរចា​ក្រុង​វីយ៉ែ​ន​។ គ្រប់​ភាគី​នៅ​ក្នុង​បន្ទប់​ឥឡូវ​នេះ ​ប្រឈម​មុខ​នឹង​ការ​សាកល្បង​នៃ​ឯករាជ​ភាព និង​ឆន្ទៈ​នយោបាយ​របស់​ពួកគេ​ដើម្បី​អនុវត្ត​ការងារ​ដោយ​មិន​គិត​ពី​ព័ត៌មាន​ក្លែងក្លាយ ​បាន​រចនា​ឡើង​ដើម្បី​បំផ្លាញ​ការ​រំពឹង​ទុក​សម្រាប់​ភាព​ជោគជ័យ​»​៕