ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន និង​ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ាឌីមៀរ ពូទីន​ គ្រោង​ធ្វើ​ខល​តាមរយៈ​វីដេអូ​​មួយ​នៅ​ថ្ងៃ​អង្គារ​ ទី ​៧ ធ្នូ​ខាង​មុខ​នេះ​ ដោយ​មេដឹកនាំ​ទាំង​ ២ ​នឹង​ពិភាក្សា​អំពី​ស្ថានភាព​ដ៏​តានតឹង​នៅ​ប្រទេស​អ៊ុយក្រែន​។


អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី ជេន សាគី​ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «លោក បៃដិន​ នឹង​គូស​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋអាមេរិក​ចំពោះ​សកម្មភាព​យោធា​រុស្ស៊ី​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន និង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន​»​។ លោកស្រី​និយាយ​ថា​ប្រធានបទ​ផ្សេង​ទៀត​នឹង​រួមបញ្ចូល «ស្ថិរភាព​យុទ្ធសាស្ត្រ បញ្ហា​សន្តិសុខ​អ៊ីនធឺណិត និង​តំបន់​»​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រធានាធិបតី​ទាំង​២​ក៏​នឹង​និយាយ​អំពី​ទំនាក់​ទំនង​ទ្វេភាគី និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ដែល​ពួកគេ​បាន​ព្រមព្រៀង​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហ្សឺណែវ​ក្នុង​ខែ​មិថុនា​។


រូបភាព​ផ្កាយ​រណប​បាន​បង្ហាញ​ថា​ទាហាន​រុស្ស៊ី​​យ៉ាង​ហោច​ណាស់​ ៩០ ០០០នាក់​ បាន​ប្រមូល​ផ្ដុំ​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​អ៊ុយក្រែន​។ សហរដ្ឋអាមេរិក​ អង្គការ​ណាតូ និង​ប្រទេស​អ៊ុយក្រែន​ បាន​ចោទ​ប្រកាន់​ការ​ប្រមូល​ផ្ដុំ​នេះ​ថា​ជា​ការ​ត្រៀម​ធ្វើ​ការ​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយក្រែន​។


ប្រទេស​រុស្ស៊ី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ ណាតូ និង​អាមេរិក​ថា​កំពុង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​កម្លាំង​នៅ​ក្នុង​តំបន់​នេះ ដែល​រួម​មាន​ការ​បំពាក់​អាវុធ​ទំនើប​ៗ​របស់​លោក​ខាង​លិច​ឱ្យ​ប្រទេស​អ៊ុយក្រែន​។


ទំនាក់ទំនង​អាមេរិក-រុស្ស៊ី បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​បន្ទាប់​ការ​កាត់​យក​ឧបទ្វីប​គ្រីមា ​ដោយ​រុស្ស៊ី​កាល​ពី​ឆ្នាំ​ ២០១៤ ការ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ីរី​កាល​ពី​ឆ្នាំ​ ២០១៥ និង​ការ​ចោទ​ប្រកាន់​ថា​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦​៕