យោធា​មី​យ៉ាន់​ម៉ា​ត្រូវបាន​រង​ការចោទប្រកាន់ថា បាន​ប្រើ​ប្រាស់​ជម្លោះសាសនា ដើម្បី​បង្ក្រាប​ក្រុមប្រឆាំង​។​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Irrawaddy ខាង​យោធា​បាន​ទម្លាក់​ខិត្តប័ណ្ណ​ឃោសនា​ញុះញង់​ឱ្យមាន​ការ​​ប៉ះទង្គិច​គ្នា​រវាង​ពុទ្ធសាសនិក​ និង​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​នៅ​ស្រុក​ Mingin ​ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​តំបន់​សា​ហ្គាអ៊ី​ង ​ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេ​អ៊ី​រ៉ា​វ៉ា​ឌី​នា​ភាគ​កណ្ដាល​មី​យ៉ាន់​ម៉ា​។​


​ខិត្តប័ណ្ណ​នោះ​មាន​ខ្លឹមសារ​ថា អង្គការ​កិច្ច​សហប្រតិបត្តិ​ការ​អ៊ិ​ស្លាម (OIC) ផ្ដល់​ជា​ថវិកា​ និង​អាវុធ ​ដើម្បី​គាំទ្រ​ដល់​ការសម្លាប់​ព្រះសង្ឃ​ និង​ប្រមាថដល់​ពុទ្ធសាសនា​។​


«​ពួកគេ​នឹង​សប្បាយចិត្ត​អំពី​ស្ថានភាព​នាពេល​បច្ចុប្បន្ន ដែល​ពុទ្ធសាសនិក​និង​ពុទ្ធ​សាសនិក​បាន​កាប់សម្លាប់​គ្នា​ទៅវិញទៅមក​»​។​ នេះ​បើតាម​ខ្លឹមសារ​របស់​ខិត្តប័ណ្ណ​នេះ​។​


​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ិ​ស្លាម​ជា​អង្គការ​អន្តរ​រដ្ឋា​ភិ​បាល​មួយ​ដែលមាន​សមា​​ជិ​ក ​៥៧ ​ប្រទេស​ទូទាំង​ពិភព​​លោក​។ កន្លងមក​ពាក់ព័ន្ធ​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា ​អង្គការ OIC បានបង្ហាញ​ពី​ការគាំទ្រ​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់​សាស​​នា​អ៊ិ​ស្លាម ដែល​រងគ្រោះ​ដោយ​ប្រតិបត្តិការ​បោសសម្អាត​របស់​យោធា ដែល​បណ្ដាលឱ្យ​ជន​​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៨០​ ម៉ឺន​នាក់ ​ប្រាសចាក​ពី​លំនៅ​។​


​ពាក់ព័ន្ធ​នឹង​រឿង​នេះដែរ ​មិនទាន់មាន​ប្រភព​ផ្លូវការ​ណាមួយ​ចេញមក​បកស្រាយ​ពី​គោល​ជំហរ​របស់ខ្លួន​នោះទេ​។​


​លោក Chris Sidoti ​អ្នកស៊ើប​អង្កេត​​ ១ ​រូប​ នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការ​ប្រជាជាតិ​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​និង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា បានឱ្យដឹងថា យុទ្ធសាស្ត្រ​របស់​យោធា​មួយ​នេះ​ គឺ​ស្របទៅនឹង​អ្វីដែល​ក្រុម​នេះ​បានធ្វើ​ជាច្រើន​ជំនាន់​មកហើយ​។​

«​ពួកគេ​បង្ក​ឱ្យ​ភាពមិន​ទុកចិត្ត​គ្នា​ជាពិសេស​ គឺ​មិន​ទុកចិត្ត​នឹង​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ដូច​ទៅនឹង​អ្វីដែល​យើង​ធ្លាប់​ឃើញ​កន្លងមក​ជាពិសេស​គឺ​ "​ប្រតិបត្តិការ​បោសសម្អាត​" កាលពី​ឆ្នាំ​២០១៧​ កន្លងទៅ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ប្រាប់​សារព័ត៌មាន​អូ​ស្ត្រា​លី The Sydney Morning Herald​។​

​តំបន់​សា​ហ្គាអ៊ីង​ជា​តំបន់​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​។ ​តំបន់​នេះ​ក៏​ជា​តំបន់​ប៉ះទង្គិច​យ៉ាងខ្លាំង​ដែរ​រវាង​ភាគី​យោធា​មី​យ៉ាន់​ម៉ា និង​កងទ័ព​ប្រឆាំងនឹង​យោធា​ដែល​រួមមាន​កងទ័ព​ការពារ​ប្រជាជន ​(PDF) របស់​រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​​ម៉ា ​(NUG) ផងដែរ​។​

​បន្ថែម​ពីនេះ​ទៅទៀត​ប្រជា​ជន​មី​យ៉ាន់​ម៉ា​នៅ​តំបន់​នេះ​ បានធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​គ្នា ​ដើម្បី​ប្រឆាំងនឹង​ការ​ដឹកនាំ​របស់​យោធា​ទៀតផង​។​

​ទាំង​សារព័ត៌មាន​របស់​យោ​​ធា ​និង​សារព័ត៌មាន​មី​យ៉ាន់​ម៉ា​នានា​ សុទ្ធតែ​បាន​ចុះផ្សាយ​ពី​អំពើហិង្សា និង​សោកនាដកម្ម​នានា​នៅ​តំបន់​សា​ហ្គាអ៊ី​ង​។ ខាង​យោធា​ច្រើនតែ​ចោទថា​ ខាង​រដ្ឋាភិបាល​ស្រមោល​ជា​អ្នកបង្ក​នូវ​វិនាសកម្ម​នានា​ហើយ​ថែមទាំង​រាយ​តួលេខ​ដែល​ក្រុម​ទាហាន​ស៊ីវិល​បាន​បំផ្លាញ​ផ្ទះសំបែង​រោងចក្រ និង​បង្គោល​ទូរស័ព្ទ​នានា​ទៀតផង​នៅក្នុង​ទំព័រ​កាសែត​របស់ខ្លួន​។​

​ចំណែកឯ​សារព័ត៌មាន​ក្រៅពី​យោធា​បាន​ចុះផ្សាយ​ថា ​ខាង​យោធា​បាន​ចូលលុកលុយ​ផ្ទះ​ហើយ​ព្រមទាំង​ដុតបំផ្លាញ​ផ្ទះសំបែង​ប្រជាជន​ទៀតផង​។​

​វិទ្យុ​អាស៊ីសេរី​ភាសា​ភូមា​បាន​ចុះផ្សាយ​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ខែកុម្ភៈ​មក​​យ៉ាងតិច​ជន​ស៊ីវិល​ចំនួន ៤១៤ ​នាក់ ​បាន​បាត់បង់​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​នានា ដោយក្នុងនោះ​ ៣០៩​នាក់ ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​យោធា រដ្ឋធានី​ណៃ​ពិដោ និង ​១០៥ នាក់​ទៀត​ ត្រូវបាន​សម្លាប់​ដោយ​ក្រុម​កងកម្លាំង​ស៊ីវិល PDF​។

​មនុស្ស​ជាង ១០០ ​នាក់​នេះ​ ត្រូវបាន​អះអាងថា ជា​មន្ត្រី​រដ្ឋការ​អាជ្ញាធ​រ​រដ្ឋអំណាច​យោធា​៕

​ហ៊ីម រដ្ឋា​

វីដេអូ៖