ស៊ី ជីនភីង ​អំពាវនាវ​ឱ្យ​អ្នក​កាន់​សាសនា​ចូលរួម​​នឹង​​គណបក្ស​កុម្មុយនីស្ត​ ដើម្បី​កសាង​​ចិន​ទំនើប

Content image - Phnom Penh Post
លោកប្រធានាធិបតីចិន ស៊ី ជីនភីង ថ្លែងបើកវេទិកាកិច្ចសហប្រតិបត្តិកចិន-អាហ្រិ្វកលើកទី៨នៅទីក្រុងប៉េកាំង។ AFP

លោក ស៊ី ជីនភីង បាន​សង្កត់​ធ្ងន់​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អភិវឌ្ឍន៍សាសនា​នានា​នៅ​ក្នុង​ប្រទេស​ចិន ឱ្យ​ស្រប​ទៅ​តាម​បរិបទ​របស់​ប្រទេស​ចិនសម័យថ្មី​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ស៊ីនហួ។

ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​កិច្ចការ​សាសនា​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោកស៊ី បាន​ធ្វើ​ការ​ទាមទារ​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​អ្នក​មាន​ជំនឿ​សាសនា​ទាំង​អស់​រួម​គ្នា​ជាមួយ​គណបក្ស និង​រដ្ឋាភិបាលដើម្បី​បង្ក​ជា​ទំនាក់ទំនង​វិជ្ជមាន​រវាង​សាសនា​ទាំង​អស់​នៅ​ស្រុក​ចិន ក៏​ដូច​ជា​ពង្រឹង​ការ​គ្រប់គ្រង​សាសនា​ក្រោម​គោលការណ៍​នីតិរដ្ឋ។

ជាង​នេះ​ទៅ​ទៀត​ លោក ស៊ី បាន​បន្ថែម​ថាចិន​បើក​សិទ្ធិ​ឱ្យ​មាន​ជំនឿ​សាសនា​ពេញ​ទីតែ​សាសនា​ទាំង​អស់​នៅ​ប្រទេស​ចិនត្រូវ​តែ​ធ្វើ​ឡើង​សមស្រប​តាម​បរិបទ​របស់​ប្រទេស​ចិន និង​សម្រប​ខ្លួន​នឹង​របប​សង្គម​និយម។

បន្ថែម​ពី​នេះ សកម្មភាព​សាសនា​ទាំង​អស់​ ត្រូវ​តែ​ធ្វើ​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​ច្បាប់ ហើយ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាជនសណ្ដាប់ធ្នាប់​សាធារណៈនិង​ជ្រៀតជ្រែក​ដល់​វិស័យ​អប់រំវិស័យ​តុលាការ កិច្ចការ​រដ្ឋបាល និង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​របស់​ប្រជាជន​ចិន​ឡើយ។នេះ​បើ​តាម​ការ​លើកឡើង​របស់​លោកស៊ី ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ស៊ីនហួ។

នៅ​ចិន​មាន​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ចំនួន២០០លាន​នាក់ សាសនា​គ្រិស្ត​និកាយ​កាតូលិក ៦ លាន​នាក់ និង​និកាយ​ប្រូតេស្តង់៣៨លាន​នាក់ ចំណែក​ឯ​អ្នក​កាន់អ៊ិស្លាម​មាន​ប្រមាណ២០លាន​នាក់។ ក្រៅ​ពី​នេះ​ទៀតមាន​ក្រុម​សាសនា​តូច​-ធំ​ជា​ច្រើនហើយ​ភាគ​ច្រើន​នៅ​ស្រុក​ចិនមាន​អ្នក​អនុវត្ត​ប្រពៃណី​បែប​ចិនដែល​ពិបាក​នឹង​ចាត់​ថ្នាក់​ថា​ជា​សាសនា​ព្រះពុទ្ធនិង​លទ្ធិ​តាវ​និយម​ឱ្យ​ប្រាកដ​នោះ​ទេ។ នេះ​បើ​តាម​សៀវភៅ​ស​ស្ដីពី​សាសនា​នៅ​ប្រទេស​ចិនកាល​ពី​ឆ្នាំ ២០១៨ ​កន្លង​ទៅ៕

ហ៊ីម រដ្ឋា

ព័ត៌មានថ្មីៗ