សមាជិក​សភា​អូស្ត្រាលី​ម្នាក់​រង​ការ​ថ្កោល​ទោស ក្រោយ​ប្រដូច​វិធានការ​កូវីដ ១៩ ​ក្នុង​ប្រទេស​នេះ​ទៅ​នឹង​របប​ ប៉ុល ពត

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន។AFP

លោក George Christensen សមាជិក​សភា​គណបក្ស​ជាតិ​អូស្ត្រាលីដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​មិត្ត​គណបក្ស​កាន់​អំណាចត្រូវ​បាន​រង​ការ​ថ្កោល​ទោស​ពី​សំណាក់​គណបក្ស​ពលករដែល​ជា​គណបក្ស​ប្រឆាំង​អូស្ត្រាលី។

រដ្ឋាភិបាល​អូស្ត្រាលី ក្រោម​ការ​គ្រប់គ្រង​របស់​នាយករដ្ឋមន្ត្រី ​ស្កុត ម៉ូរីសុន បាន​កើត​ចេញ​ពី​សម្ព័ន្ធ​គណបក្ស​សេរី របស់​លោក ម៉ូរីសុន និង​គណបក្ស​ជាតិ​ខាង​លើ​នេះ​ឯង។

ការ​ថ្កោល​ទោស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពេល​ដែលលោក Christensen បាន​ធ្វើ​ការ​ប្រដូច​វិធានការ​កូវីដ១៩នៅ​តាម​បណ្ដា​រដ្ឋ និង​ដែនដី​មួយ​ចំនួន​នៅ​អូស្ត្រាលី​ទៅ​នឹង​របប​ប៉ុលពតនៃ​កម្ពុជា​ប្រជាធិបតេយ្យ របប​ណាហ្ស៊ី​អាល្លឺម៉ង់លោក អាល់ដុហ្វ អ៊ីទ្លែរ របប​លោក ម៉ៅ សេទុង ក៏​ដូច​ជា​របប​លោកចូសេហ្វ ស្តាលីន នៃ​សហភាព​សូវៀត។អ្នក​នយោបាយ​ដែល​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០២២ បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សភាកាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

កាល​ពី​សប្ដាហ៍​មុននៅ​ក្នុង​កម្មវិធី​ជជែក​គ្នា​ជាមួយ​លោក Alex Jones ដែល​ជា​បុគ្គល​ស្ដាំ​និយម​ សមាជិក​សភា​រូប​នេះ​ថែម​ទាំង​អំពាវនាវ​ឱ្យ​មនុស្ស​ជុំ​វិញ​ពិភពលោក​ធ្វើ​បាតុកម្ម​នៅ​តាម​ស្ថានទូត​អូស្ត្រាលីក្នុង​គោលបំណង​តវ៉ា​ដើម្បី​សេរីភាព​ប្រជាជន​អូស្ត្រាលី។

ដែនដី និង​រដ្ឋ​អូស្ត្រាលី​មួយ​ចំនួន​ បាន​ចាត់​វិធានការ​តឹងតែង​ណាស់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ ដោយ​កាល​ពី​កន្លង​ទៅ​ គ្រាន់​តែ​រក​ឃើញ​តែ​ករណី​មួយ​ចំនួន​សោះ ក៏​ចាត់​វិធានការ​ដល់​ថ្នាក់​បិទ​ក្រុង​ទាំង​មូល​តែ​ម្ដង។

យ៉ាងណាក៏ដោយ សមាជិក​សភា​គណបក្ស​ពលករ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ហើយ​បាន​ធ្វើ​ការ​ថ្កោល​ទោស​ដល់​ការ​លើកឡើង​របស់​លោក Christensen។ ក្រោយ​មក​គណបក្ស​ជាតិ​អូស្ត្រាលី ក៏​បាន​ធ្វើ​ការ​ថ្កោល​ទោស​ដែរ តែ​ក៏​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​សមាជិក​សភា​រូប​នេះ​ផង​ដែរ។

ចំណែក​ឯ​លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​មតិ​អ្វី​ទេ ហើយ​ខាង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​ថា ខ្លួន​ក៏​មាន​ជំហរ​ដូច​នឹង​គណបក្ស​ជាតិ​អូស្ត្រាលី​៕

ហ៊ីម រដ្ឋា

ព័ត៌មានថ្មីៗ