កាល​ពី​ថ្ងៃ​ចន្ទ សេតវិមានបាន​ប្រកាស​ថា ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើ​ពហិការក្នុង​ការ​ចូល​រួម​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០២២ នៅ​ក្រុង​ប៉េកាំង​ ដោយ​សារ​ «អំពើ​ឃោរឃៅ» រំលោភ​សិទ្ធ​មនុស្ស​របស់​ប្រទេស​ចិន​។


ពហិការ​ការ​ទូត​នេះ​ គឺ​បាន​ជំរុញ​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​ និង​ក្រុម​គាំទ្រ​សិទ្ធិមនុស្ស​។ កីឡាករ​អាមេរិក​នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉េកាំង​ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​។​


សេតវិមាន​បាន​ធ្វើ​ពហិការ​បែប​នេះ​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​គេ​និយាយ​ថា ​ជា «អំពើ​ឃោរឃៅ​» របស់​ចិន​ក្នុង​ការ​ប្រព្រឹត្ត «ការ​ប្រល័យ​ពូជ​សាសន៍​» ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន​។


ការ​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ​​ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​តានតឹង​ ហើយ​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​របស់​ពួកគេ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​។


មុន​ការ​ប្រកាស​ ប្រទេស​ចិន​ បាន​ព្រមាន​ចាត់​វិធានការ​ឆ្លើយ​តប​ប្រឆាំង​ នឹង​ទង្វើ​បែប​នេះ។​ ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន ​បាន​និយាយ​ថា ​ពហិការ​នេះ​គឺ​ជា​ «ឧបាយកល​នយោបាយ» ដោយ​សារ​គ្មាន​ការ​អញ្ជើញ​អ្នក​នយោបាយ​អាមេរិក​ណាមួយ​ទេ​។


រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក​ អានតូនី​ ប្ល៊ីនកែន​ ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ពិគ្រោះ​ជា​មួយ​សម្ព័ន្ធមិត្ត​លើ «វិធីសាស្ត្រ​រួម​» ចំពោះ​ការ​ប្រកួត​កីឡា​អូឡាំពិក​ប៉េកាំង​។ ប៉ុន្តែ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​ពួកគេ​នឹង​ធ្វើ​តាម​ការ​ដឹកនាំ​របស់​សហរដ្ឋអាមេរិក​។

យ៉ាង​ណា​មិញ ការ​ប្រកាស​ពហិការ​នេះ​កើត​ឡើង​ខណៈ​ពេល​ដែល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២ ​ក៏​ដោយ ដែល​រួម​មាន​ការ​ធ្វើ​វីដេអូ​ខល​រវាង​លោក ​ចូ បៃដិន និង ​ស៊ី ជីនភី​ង ​កាល​ពី​ខែ​មុន​៕

សុខ វេងឈាង