កាល​ពី​ថ្ងៃ​ចន្ទ​ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ ​ពូទីន ​(Vladimir Putin)​ ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ទី​២ ​របស់​លោក​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​ ​ដោយ​ស្វែង​រក​ការ​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​យោធា​ និងវិស័យ​​ថាម​ពលផងដែរ​​​​។​


​ក្នុង​​កិច្ច​សន្ទនា​ជាមួយ​លោក​ ណារិនដ្រា ម៉ូ​ឌី ​(Narendra Modi)​លោក ​Putin ​​និយាយ​ថា​ លោក​ទន្ទឹង​រង់​ចាំ​ការ​អភិវឌ្ឍ ​ទំនាក់​ទំនង​ជាមួយ​ឥណ្ឌា​។​ លោក​បន្ត​ថា​៖​ «​យើង​យល់​ឃើញ​ថា ​ឥណ្ឌា​ជា​មហា​អំណាច​មួយ​ ជា​ប្រទេស​មិត្តភាព​ និង​ជា​មិត្ត​សាក​ល្បង​ពេល​វេលា​។​ ទំនាក់​ទំនង​រវាង​ប្រជាជាតិ​របស់​យើង ​កំពុង​រីក​ចម្រើន​ហើយ​ខ្ញុំ​កំពុង​សម្លឹង​មើល​ទៅ​អនាគត​»​។​


ជាមួយ​គ្នា​នោះ​លោក​​Modi ​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ចំពោះ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​។​ លោក​​និយាយ​ថា៖​«​ទំនាក់​ទំនង​រវាង​ឥណ្ឌា ​និង​រុស្ស៊ី គឺ​ពិត​ជា​គំរូ​តែ​មួយ​គត់​ និង​គួរ​ឱ្យ​ទុក​ចិត្ត​នៃ​មិត្តភាព​អន្តររដ្ឋ​»​។​


រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​លោក​​Harsh Vardhan Shringla​​និយាយ​ថា​ ប្រទេស​ឥណ្ឌា ​និង​រុស្ស៊ី​​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ និង​ការពារ​ជាតិ​មួយ​ចំនួន​។​ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដែល​​ចេញ​ផ្សាយ​បន្ទាប់​ពី​កិច្ច​ចរចា​ថ្ងៃ​ចន្ទ​ ឥណ្ឌា ​និង​រុស្ស៊ី​បញ្ជាក់​ជា​ថ្មី​អំពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ រួម​ទាំង​ក្នុង​ការអភិវឌ្ឍ ​រួម​គ្នា​នៃ​ការ​ផលិត​ឧបករណ៍​យោធា​។​​


លោក​Nandan Unnikrishnan ​មក​ពី​ក្រុម​អ្នក​សង្កេតការណ៍​មូល​និធិ​ស្រាវ​ជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវដែលី​​និយាយ​ថា​​​៖ ​«​វា​[​ដំណើរ​ទស្សនកិច្ច​]​ជា​និមិត្ត​សញ្ញា​ដ៏​ធំ​មួយ​។​វា​​បង្ហាញ​​​ពី​​របៀប​​ដែល​​ពួក​គេ​​មិន​​ចង់ឱ្យ​​​ទំនាក់​ទំនង​​​នៅ​​ទ្រឹង​ ឬ​​យឺត​យ៉ាវ​​ដោយ​សារ​​ការ​​ចង់​​បាន​​​អ្វី​​មួយ​​​ពី​​ភាគី​​រុស្ស៊ី​»​។​


ប៉ុន្តែ​លោក ​ពូទីន ​នៅ​តែ​ប្រឈម​មុខ​នឹង​សក្ដានុពល​ក្នុង​តំបន់​ដ៏​ស្មុគ​ស្មាញ​ ដោយ​សារ​ភាព​តាន​តឹង​កំពុង​កើន​ឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​ចិន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​របស់​រុស្ស៊ី​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យោធា​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​ជួរ​ភ្នំ​ហិមាល័យ​​​។

ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ចិន​​ក្រុង​វ៉ាស៊ីនតោន​បាន​រៀប​ចំ​កិច្ច​សន្ទនា​សន្តិសុខ​QUAD ​ជាមួយ​ឥណ្ឌា​ ជប៉ុន​ និង​អូស្ត្រាលី ​ដោយ​បង្កើន​ការ​ព្រួយ​បារម្ភ​នៅទី​ក្រុង​ប៉េកាំង​ និង​ទីក្រុង​ម៉ូស្គូ​។​

អ្នក​ស្រី​Tatiana Belousova ជំ​នួយ​​ការ​​សា​ស្រ្តា​ចា​​រ្យ​នៅសា​កល​វិទ្យាល័យ​OP Jindal Global ​ក្នុង​រដ្ឋ​Haryana នៃ​ប្រទេស​ឥណ្ឌា​​​លើក​ឡើង​​ថា​៖​ «​ឥទ្ធិពលរ​បស់​រុស្ស៊ី​នៅ​ក្នុង​តំបន់នៅ​​មាន​កម្រិត​ណាស់​ភាគ​ច្រើន​ដោយ​សារ​តែ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ និង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សកម្មភាព​មិន​ស៊ី​ចង្វាក់​គ្នា​ជាមួយ​នឹង​ផល​ប្រយោជន៍​ក្នុង​តំបន់​របស់​ចិន​»​។​​

យោង​តាម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិ​Stockholm ​(SIPRI) ​​ឥណ្ឌា ​គឺ​ជា​ប្រទេស​មួយ​​ក្នុង​​ចំណោម​ប្រទេស​នាំ​ចូល​អាវុធ​ធំ​ជាង​គេ​បំផុត​របស់​ពិភព​លោក​ ដែល​មាន​ចំនួន​ជិត​១០ ភាគ​រយ​នៃ​ពាណិជ្ជកម្ម​ការពារ​ជាតិ​ពិភព​លោក​។​

​ជាមួយ​គ្នានេះ ​រុស្ស៊ី​គឺ​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា​ជា​យូរ​មក​ហើយ​។​ ប្រទេស​នេះ ​កំពុង​តែ​ស្វែង​រក​ការ​ធ្វើ​ទំនើប​កម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​និង​កំពុង​ជាប់​កិច្ច​សន្យា​​ប្រព័ន្ធ​ការពារ​មីស៊ីល​​S-400 ​រយៈ​ចម្ងាយ​ឆ្ងាយ​ឆ្នាំ​ ២០១៨ ​ជាមួយ​ឥណ្ឌា​ដែល​មាន​តម្លៃ​រហូត​ដល់​ ៥ ​ប៊ីលាន​ដុល្លារ​។​ កិច្ច​សន្យា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុងវ៉ា​ស៊ីនតោន​ និង​ញូវ​ដែលី​។​ ​​

សហរដ្ឋ​​អាមេរិក​​ បាន​គំរាម​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់​ប្រឆាំង​សត្រូវ​តាម​រយៈ​ទណ្ឌកម្ម​​ (CAATSA) ​ដែល​មាន​បំណង​ចង់​គ្រប់​គ្រង​ប្រទេស​រុស្ស៊ី​ឡើង​វិញ​ ហើយ​ក្រសួង​ការ​បរទេស​អាមេរិក​​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ គ្មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​​ធ្វើ​ឡើង​លើ​ការ​លើក​លែង​ណា​មួយស​ម្រាប់​ឥណ្ឌា​នោះ​ទេ​។​

លោក​ស្រី​Belousova​និយាយ​ថា​៖​«​វា​គួរ​ឱ្យ​កត់​សម្គាល់​ណាស់​ដែល​ឥណ្ឌា​នៅ​តែ​សម្រេច​ចិត្ត​បន្ត​កិច្ច​ព្រម​ព្រៀង​S-400​ បើ​ទោះ​បី​​​ជា​សហរដ្ឋ​អាមេរិក​មិន​យល់​ព្រម​ក្ដី​»​។​

​ញូវដែលី​​​ស្វែង​រក​ជា​យូរ​មក​ហើយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ចម្រុះ(​ពិពិធកម្ម)នៃ​​ការ​នាំ​ចូល​យោធា​របស់​ខ្លួន​ ប៉ុន្តែ​អ្នក​វិភាគ​ជឿ​ថា​វា​អាច​ចំណាយ​ពេល​ខ្លះ​ មុន​ពេល​នឹង​ផ្លាស់​ទី​ចេញ​ឆ្ងាយ​ពី​ប្រទេស​រុស្ស៊ី​។​ លោក​Unnikrishnan​និយាយ​ថា​៖​ «​បរិក្ខារ​យោធា​គឺ​សំខាន់​បំផុត​សម្រាប់​ឥណ្ឌា​ដែល​មាន​ភាព​តាន​តឹង​មិន​ឈប់​ឈរ​ជាមួយ​ប៉ាគីស្ថាន​»​។​​

ឥណ្ឌា​​មាន​បំណង​ចង់​បង្កើន​ផលិតកម្ម​ក្នុង​ស្រុក​ និង​​បើក​ការ​បណ្តាក់​ទុន​រួម​គ្នា​ជាមួយ​រុស្ស៊ី​ ដើម្បី​ផលិត​កាំភ្លើង​AK-203 ​។ ជា​ធម្មតា​ប្រទេស​ទាំង​២​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ ប៉ុន្តែ​កិច្ច​ប្រជុំ​ផ្ទាល់​ចុង​ក្រោយ​របស់​មេដឹកនាំ​ គឺ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​BRICS ​ឆ្នាំ​២០១៩​នៅ​ប្រទេស​ប្រេស៊ីល​។​​

ក្រសួង​ការ​បរទេស​ឥណ្ឌា​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ខែ​មុន​ថា​៖​ «​មេ​ដឹក​នាំ​នឹង​ពិនិត្យ​មើល​ស្ថានភាព​ និង​ទស្សន​វិស័យ​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​ពិភាក្សា​អំពី​វិធី​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​រវាង​ប្រទេស​ទាំង​២​បន្ថែម​ទៀត»​។​

បន្ថែម​ពី​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​រដ្ឋ​មន្ត្រី​Shringla​​និយាយ​ថា ​​ប្រទេស​ទាំង​២​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​ចំនួន​២៨​​រួម​ទាំង​កិច្ច​ព្រម​ព្រៀង​លើ​ដែក​ថែប​ ការ​កសាង​នាវា​ ធ្យូង​ថ្ម​ និង​ថាមពល​ជា​ដើម​៕

ហួន​​ ឌីណា​