កងទ័ពរុស្ស៊ីដកចេញពីកាហ្សាក់ស្ថាន ស្របពេលស្ថានភាពគ្រាអាសន្នត្រូវបានបញ្ចប់
ក្រុមយោធាដឹកនាំដោយរុស្ស៊ី បានដកចេញពីប្រទេសកាហ្សាក់ស្ថាន ខណៈប្រទេសនេះ បានដកស្ថានភាពគ្រាអាសន្នកាលពីថ្ងៃពុធ ក្រោយពីភាពចលាចលមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះយោធា ៤ គ្រឿង ដែលដឹកទាហានសល់ចុងក្រោយ បានចាកចេញពីទីក្រុង Nur Sultan និងទីក្រុងធំបំផុតរបស់កាហ្សាក់ស្ថានគឺ ទីក្រុងអាល់ម៉ាទី។
ក្រសួងនេះបាននិយាយថា៖ «កងរក្សាសន្តិសុខចុងក្រោយនិងទីបញ្ជាការនៃក្រុមរក្សាសន្តិសុខរុស្ស៊ីដឹកនាំ ដោយលោកឧត្តមសេនីយ៍ Andrei Serdyukov នឹងវិលត្រឡប់ទៅប្រទេសវិញ ដោយយន្តហោះទាំងនេះ។ នេះបើយោងទៅតាមការឱ្យដឹងពីបណ្តាទីភ្នាក់ងារព័ត៌មានរុស្ស៊ី។
រូបថតជាច្រើនដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិបានបង្ហាញឱ្យឃើញយន្តហោះយោធាជាច្រើនគ្រឿង ដែលចុះចតនៅព្រលានយន្តហោះ ១ នៅទីក្រុង Ulyanovsk នៃប្រទេសរុស្ស៊ីភាគខាងត្បូង ជាទីដែលពិធីមួយត្រូវរៀបចំ ដើម្បីទទួលទាហានដែលវិលត្រឡប់មកវិញ។
កាហ្សាក់ស្ថានអតីតសូវៀត ត្រូវបានញាំញីដោយការប៉ះទង្គិច ដែលបានកើតឡើងបន្ទាប់ពីការតវ៉ាដោយសន្តិវិធីជុំវិញការដំឡើងថ្លៃប្រេងក្នុងឆ្នាំថ្មីនេះ ហើយការប៉ះទង្គិចនោះ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២២៥ នាក់ ស្លាប់ក្នុងនោះអ្នកស្លាប់មានទាហាន ១៩ នាក់។
ទាហានមកពីប្លុកនេះ ដែលរួមមានប្រទេសអតីតសូវៀត គឺប្រទេសអាមេនី បេឡារុស តាហ្ស៊ីគីស្ថាន កៀហ្សុីស៊ីស្ថាន កាហ្សាក់ស្ថាន និងរុស្ស៊ី បានចាប់ផ្តើមមកដល់កាលពីថ្ងៃទី ៦ មករា បន្ទាប់ពីមានសំណើពីលោកប្រធានាធិបតី Kassym Jomart Tokayev។ ការដកត្រឡប់ទៅវិញ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។
លោក Serdyukov បានបញ្ជាក់ពីការបញ្ចប់បេសកកម្ម នៅក្រោមការគាំទ្រពីអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ជាប្លុកយោធា មានសមាជិក ៦ ប្រទេសដែលដឹកនាំដោយទីក្រុងម៉ូស្គូ។
លោក Serdyukov បាននិយាយថា កិច្ចប្រតិបត្តិការរក្សាសន្តិភាព...នៅលើទឹកដីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ត្រូវបានបញ្ចប់។
ការដកកងទ័ពចេញនោះ បានកើតឡើងនៅថ្ងៃតែមួយដែលប្រទេសកាហ្សាក់ស្ថាន សម្បូរដោយប្រេង បានបញ្ចប់ស្ថានភាពគ្រាអាសន្ននៅទូទាំងប្រទេសត្រូវបានដាក់ក្រោយ ពីអំពើហិង្សា បានផ្ទុះឡើងដែលអាជ្ញាធរបានស្តីបន្ទោសទៅលើក្រុមចោរព្រៃ និងក្រុមភេរវករ។
ដោយបានបញ្ជាក់ពីការចប់ស្ថានភាពគ្រាអាសន្ននៅពាក់កណ្តាលអ្រធាត្រអ្នកនាំពាក្យរបស់លោក Tokayev គឺលោក BerikUali បាននិយាយថា សាមគ្គីភាព និងភាពសុចរិតរបស់ប្រជាជន ទីភ្នាក់ងារអនុវត្តច្បាប់និងយោធា បានធានាដល់ការស្តារសណ្តាប់ធ្នាប់ និងសន្តិភាពនៅប្រទេសកាហ្សាក់ស្ថាន។
លោក Uali បានសរសេរនៅលើហ្វេសប៊ុកថា៖ «អាចមានសន្តិភាពនិងភាពល្អប្រសើរនៅក្នុងប្រទេសយើងជារៀងរហូត»។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានការណ៍នៅតែតានតឹងនៅក្នុងទីក្រុងអាល់ម៉ាទី ជាទីដែលក្រុមអ្នកឆ្លើយឆ្លងសារព័ត៌មាន AFP បានសង្កេតមើលប៉ូលិសរាំងខ្ទប់មិនឱ្យចូលទៅផ្លូវជាច្រើននៅកណ្តាលទីក្រុង ក្រោយពីក្រុមប្រឆាំងបានអំពាវនាវឱ្យមានការតវ៉ា។
អំពើហិង្សាដែលបានកើតឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង ដោយមានភ័ស្តុតាងនៃការតស៊ូអំណាច ដែលធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងពន្យល់ទាក់ទងនឹងការទាក់ទិនរបស់ក្រុមភេរវករជាមួយបណ្តាញអន្តរជាតិ។
កាលពីថ្ងៃអង្គារ អតីតប្រធានាធិបតី លោក Nursultan Nazarbayev មានវ័យ ៨១ ឆ្នាំ បានបង្ហាញខ្លួនដោយថ្លែងជាលើកដំបូងចាប់តាំងពីវិបត្តិនេះបានចាប់ផ្តើម ដើម្បីបដិសេធថា លោកមិនមានជម្លោះជាមួយបុរសដែលគាត់បានជ្រើសរើសឱ្យជំនួសគាត់ជាប្រមុខរដ្ឋនៅក្នុងឆ្នាំ ២០១៩ នោះទេ។
លោក Nazarbayev បាននិយាយនៅក្នុងសុន្ទរកថា៖ «លោកប្រធានាធិបតី Kassym-Jomart Tokayev មានអំណាចពេញដៃ ដោយបានបន្ថែមថា មិនមានជម្លោះ ឬការប្រឈមមុខដាក់គ្នារវាងក្រុមវរជនទេ។
ដោយបានហៅអំពើហិង្សានោះថា ជាមេរៀនសម្រាប់យើងទាំងអស់គ្នា លោក Nazarbayev បានបន្ថែមវាពិតជាសំខាន់ណាស់ក្នុងការរកឱ្យឃើញថា តើនរណារៀបចំផែនការនិងអំពើឃាតកម្មទាំងនេះ?»៕